1. ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់លោកម៉ូសេថា៖ «ចូរប្រាប់ពួកបូជាចារ្យដែលជាកូនចៅរបស់អើរ៉ុនដូចតទៅ: បូជាចារ្យមិនត្រូវធ្វើឲ្យខ្លួនសៅហ្មង ដោយសារប៉ះពាល់សាកសពនរណាម្នាក់ ក្នុងចំណោមប្រជាជនរបស់ខ្លួនឡើយ
2. លើកលែងតែគ្រួសារជិតដិតបំផុត ដូចជាម្ដាយឪពុក កូនប្រុសកូនស្រី និងបងប្អូនប្រុស។
3. គាត់ក៏មានសិទ្ធិប៉ះពាល់សពរបស់បងប្អូនស្រី ដែលនៅក្រមុំមិនទាន់មានគូស្រករដែរ ព្រោះនាងនៅក្រោមអាណាព្យាបាលរបស់គ្រួសារគាត់នៅឡើយ តែគាត់អាចទៅជាសៅហ្មងដោយសារប៉ះពាល់សាកសពរបស់នាង។
4. បូជាចារ្យមានមុខងារជាមេដឹកនាំក្នុងចំណោមប្រជាជនរបស់ខ្លួន ដូច្នេះ គាត់មិនត្រូវបន្ទាបបន្ថោកខ្លួនឯង ដោយបណ្ដោយឲ្យខ្លួនទៅជាសៅហ្មងឡើយ។
5. បូជាចារ្យមិនត្រូវកោរសក់ មិនត្រូវកោរជាយពុកចង្កា ឬធ្វើពិធីឆូតសាច់របស់ខ្លួនឡើយ។
6. ពួកគេត្រូវតែវិសុទ្ធសម្រាប់ព្រះរបស់ខ្លួន ហើយមិនបន្ថោកព្រះនាមព្រះរបស់ខ្លួនទេ ដ្បិតពួកគេមានមុខងារថ្វាយយញ្ញបូជា និងអាហារដល់ព្រះអម្ចាស់ ជាព្រះរបស់ខ្លួន។ ដូច្នេះ ពួកគេត្រូវតែវិសុទ្ធ។