គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 20:15-24 Khmer Standard Version (KHSV)

15. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​សត្វ អ្នក​នោះ​ត្រូវ​ទទួល​ទោស​ដល់​ស្លាប់។ រីឯ​សត្វ​ក៏​ត្រូវ​សម្លាប់​ចោល​ដែរ។

16. ប្រសិន​បើ​ស្ត្រី​ម្នាក់​ទៅ​រួមរ័ក​ជា​មួយ​សត្វ ត្រូវ​សម្លាប់​ទាំង​ស្ត្រី​នោះ ទាំង​សត្វ។ គេ​ទទួល​ខុស​ត្រូវ​លើ​ការ​ស្លាប់​របស់​ខ្លួន។

17. ប្រសិន​បើ​បុរស​ម្នាក់​យក​ប្អូន​ស្រី ឬ​បង​ស្រី​របស់​ខ្លួន​មក​ធ្វើ​ជា​ប្រពន្ធ ទោះ​បី​នាង​ជា​បង‌ប្អូន​ឪពុក​តែ​មួយ ឬ​បង‌ប្អូន​ពោះ​មួយ​ក្ដី ប្រសិន​បើ​អ្នក​ទាំង​ពីរ​រួមរ័ក​ជា​មួយ​គ្នា គេ​ប្រព្រឹត្ត​អំពើ​ដ៏​អាម៉ាស់​បំផុត។ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន នៅ​ចំពោះ​មុខ​មនុស្ស​ទាំង​អស់។ បុរស​ដែល​រួមរ័ក​ជា​មួយ​ប្អូន​ស្រី ឬ​បង​ស្រី​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

18. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ស្ត្រី​ដែល​កំពុង​មាន​រដូវ ប្រសិន​បើ​អ្នក​នោះ​ឃើញ​ឈាម​នាង​ហូរ ហើយ​នាង​ក៏​បង្ហាញ​ឈាម​របស់​ខ្លួន​ហូរ​ដែរ​នោះ ត្រូវ​ដក​អ្នក​ទាំង​ពីរ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

19. មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក ហើយ​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ដែរ។ អ្នក​ដែល​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​ដ៏​ជិត‌ដិត​របស់​ខ្លួន​ដូច្នេះ ត្រូវ​ទទួល​ខុស​ត្រូវ​លើ​កំហុស​របស់​ខ្លួន។

20. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​ប្រពន្ធ​ឪពុក​មា​របស់​ខ្លួន អ្នក​នោះ​បន្ថោក​កិត្តិយស​ឪពុក​មា​របស់​ខ្លួន។ អ្នក​ទាំង​ពីរ​ត្រូវ​ទទួល​ទោស ព្រោះ​តែ​អំពើ​បាប​របស់​ខ្លួន ហើយ​ពួក​គេ​នឹង​ស្លាប់​ទាំង​គ្មាន​កូន។

21. ប្រសិន​បើ​បុរស​ម្នាក់​រួមរ័ក​ជា​មួយ​បង​ថ្លៃ ឬ​ប្អូន​ថ្លៃ​របស់​ខ្លួន គឺ​ជា​អំពើ​មួយ​ដ៏​សៅ‌ហ្មង អ្នក​នោះ​បន្ថោក​កិត្តិយស​បង‌ប្អូន​របស់​ខ្លួន ហើយ​គេ​នឹង​គ្មាន​កូន​ឡើយ។

22. ចូរ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង ព្រម​ទាំង​ប្រតិបត្តិ​តាម​ទៀត​ផង។ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​នឹង​មិន​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដែល​យើង​នាំ​អ្នក​រាល់​គ្នា​ទៅ​រស់​នៅ​នោះ​ឡើយ។

23. ចូរ​កុំ​ធ្វើ​តាម​ទំនៀម‌ទម្លាប់​របស់​ប្រជា‌ជាតិ​នានា ដែល​យើង​នឹង​ដេញ​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា​ឲ្យ​សោះ ដ្បិត​ពួក​គេ​បាន​ធ្វើ​ឲ្យ​យើង​ស្អប់​ខ្ពើម ព្រោះ​តែ​អំពើ​ទាំង​នេះ។

24. យើង​បាន​ប្រាប់​អ្នក​រាល់​គ្នា​ថា អ្នក​រាល់​គ្នា​នឹង​កាន់​កាប់​ស្រុក​របស់​ពួក​គេ យើង​ប្រគល់​ស្រុក​នោះ​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ​ជា​កម្មសិទ្ធិ គឺ​ជា​ស្រុក​ដ៏​សម្បូរ‌សប្បាយ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​ញែក​អ្នក​រាល់​គ្នា​ចេញ​ពី​ចំណោម​ជាតិ​សាសន៍​ទាំង‌ឡាយ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 20