គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 19:20-32 Khmer Standard Version (KHSV)

20. ប្រសិន​បើ​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​នាង​នោះ​ជា​ខ្ញុំ​បម្រើ​ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់​ទៀត តែ​មិន​ទាន់​មាន​នរណា​លោះ​នាង​ឲ្យ​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ពិន័យ តែ​មិន​ទទួល​ទោស​ដល់​ស្លាប់​ទេ ដ្បិត​នាង​នោះ​មិន​ទាន់​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ។

21. បុរស​ដែល​បាន​ប្រព្រឹត្ត​ខុស ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​លោះ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22. បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​បុរស​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គឺ​បូជា‌ចារ្យ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។

23. ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​មុខ ត្រូវ​ចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ​ជា​ផ្លែ​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គឺ​កុំ​បរិភោគ​ឡើយ។

24. នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ។

25. នៅ​ឆ្នាំ​ទី​ប្រាំ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ។ ធ្វើ​ដូច្នេះ ភោគ‌ផល​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ចំនួន​ច្រើន​ឡើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

26. អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា​ដែល​នៅ​មាន​ឈាម​ឡើយ។ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​មន្ត‌អាគម ហើយ​ក៏​មិន​ត្រូវ​គន់‌គូរ​មើល​ជោគ‌រាសី​ដែរ។

27. កុំ​កាត់​ជើង​សក់​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​រាង​មូល កុំ​កោរ​ជាយ​ពុក​ចង្កា​របស់​អ្នក​ឡើយ។

28. មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។

29. មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ‌ពេញ​ទៅ​ដោយ​ភាព​ពេស្យា‌ចារ និង​អំពើ​ថោក​ទាប។

30. ត្រូវ​គោរព​បុណ្យ​សប្ប័ទ និង​ទី‌សក្ការៈ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។

31. មិន​ត្រូវ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ឬ​គ្រូ​ទាយ​ឡើយ កុំ​ស្វែង​រក​ពួក​គេ​ឲ្យ​សោះ ក្រែង​លោ​អ្នក​រាល់​គ្នា​ប្រែ​ជា​សៅ‌ហ្មង​រួម​ជា​មួយ​ពួក​គេ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

32. ត្រូវ​ចេះ​អោន​លំ‌ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​ចាស់​ព្រឹទ្ធា‌ចារ្យ។ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 19