គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 19:1-21 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។

3. ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​មាតា‌បិតា​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ*​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

4. អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​រូប​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

5. ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​មេត្រី‌ភាព​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

6. ត្រូវ​បរិភោគ​សាច់​របស់​សត្វ ដែល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។

7. ប្រសិន​បើ​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី មិន​ល្អ​ទេ ហើយ​ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដែរ។

8. នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

9. ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។

10. មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង​បាយ‌ជូរ ដែល​នៅ​សេស‌សល់​ក្នុង​ចម្ការ​របស់​អ្នក​ឲ្យ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

11. អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក​ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ។

12. មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

13. មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។

14. មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

15. ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិធម៌។

16. មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។

17. មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បង‌ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។

18. កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។

19. ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រភេទ​ខុស​គ្នា មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀក‌បំពាក់ ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។

20. ប្រសិន​បើ​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​នាង​នោះ​ជា​ខ្ញុំ​បម្រើ​ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់​ទៀត តែ​មិន​ទាន់​មាន​នរណា​លោះ​នាង​ឲ្យ​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ពិន័យ តែ​មិន​ទទួល​ទោស​ដល់​ស្លាប់​ទេ ដ្បិត​នាង​នោះ​មិន​ទាន់​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ។

21. បុរស​ដែល​បាន​ប្រព្រឹត្ត​ខុស ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​លោះ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 19