ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 19 Khmer Standard Version (KHSV)

ក្រឹត្យ‌វិន័យ​ផ្សេងៗ

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖

2. «ចូរ​ប្រាប់​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​ដូច​ត​ទៅ: អ្នក​រាល់​គ្នា​ត្រូវ​តែ​វិសុទ្ធ ព្រោះ​យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​ជា​ព្រះ​ដ៏‌វិសុទ្ធ។

3. ក្នុង​ចំណោម​អ្នក​រាល់​គ្នា ម្នាក់ៗ​ត្រូវ​គោរព​មាតា‌បិតា​របស់​ខ្លួន ត្រូវ​គោរព​ថ្ងៃ​សប្ប័ទ*​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

4. អ្នក​រាល់​គ្នា​មិន​ត្រូវ​បែរ​ទៅ​គោរព​ព្រះ​ក្លែង‌ក្លាយ ហើយ​ក៏​មិន​ត្រូវ​សិត​រូប​ព្រះ​សម្រាប់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

5. ពេល​ណា​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា​មេត្រី‌ភាព​ថ្វាយ​ព្រះ‌អម្ចាស់ ត្រូវ​ថ្វាយ​តាម​របៀប​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អង្គ។

6. ត្រូវ​បរិភោគ​សាច់​របស់​សត្វ ដែល​អ្នក​រាល់​គ្នា​ធ្វើ​យញ្ញ‌បូជា នៅ​ថ្ងៃ​នោះ និង​ថ្ងៃ​បន្ទាប់។ រីឯ​សាច់​ដែល​នៅ​សល់​រហូត​ដល់​ថ្ងៃ​ទី​បី​ត្រូវ​យក​ទៅ​ដុត។

7. ប្រសិន​បើ​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី មិន​ល្អ​ទេ ហើយ​ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់​ដែរ។

8. នរណា​បរិភោគ​សាច់​នេះ​នៅ​ថ្ងៃ​ទី​បី នឹង​មាន​ទោស ដ្បិត​គេ​ប្រមាថ​របស់​ដែល​គេ​បាន​ញែក​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់។ អ្នក​ប្រព្រឹត្ត​ដូច្នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

9. ពេល​ណា​អ្នក​រាល់​គ្នា​ច្រូត​ស្រូវ នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា កុំ​ច្រូត​រហូត​ដល់​ភ្លឺ​ស្រែ​ឡើយ ហើយ​ក៏​កុំ​រើស​កួរ​ស្រូវ​ដែល​ជ្រុះ​ដែរ។

10. មិន​ត្រូវ​បេះ​ផ្លែ​ទំពាំង​បាយ‌ជូរ ដែល​នៅ​សេស‌សល់​ក្នុង​ចម្ការ​របស់​អ្នក​ឲ្យ​សោះ ហើយ​ផ្លែ​ដែល​ជ្រុះ​លើ​ដី​ក៏​មិន​ត្រូវ​រើស​ដែរ គឺ​ត្រូវ​ទុក​ឲ្យ​ជន​ទុគ៌ត និង​ជន​បរ‌ទេស​រើស​បរិភោគ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

11. អ្នក​រាល់​គ្នា​មិន​ត្រូវ​លួច​ទ្រព្យ​របស់​អ្នក​ដទៃ ហើយ​ក៏​មិន​ត្រូវ​បោក​ប្រាស់ និង​បញ្ឆោត​យក​ទ្រព្យ​ជន​រួម​ជាតិ​របស់​អ្នក​រាល់​គ្នា​ដែរ។

12. មិន​ត្រូវ​យក​នាម​យើង​ទៅ​ស្បថ​បំពាន​ឡើយ ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​បន្ថោក​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

13. មិន​ត្រូវ​ជិះ‌ជាន់​សង្កត់‌សង្កិន​ជន​រួម​ជាតិ​របស់​អ្នក​ឡើយ កុំ​ប្លន់​យក​ទ្រព្យ​គេ ហើយ​ក៏​កុំ​ទុក​ប្រាក់​ឈ្នួល​របស់​កម្មករ រហូត​ដល់​ថ្ងៃ​ស្អែក​ដែរ។

14. មិន​ត្រូវ​ជេរ​ប្រមាថ​មនុស្ស​ថ្លង់ ហើយ​ក៏​កុំ​យក​អ្វី​ទៅ​ដាក់​នៅ​ពី​មុខ​មនុស្ស​ខ្វាក់ បណ្ដាល​ឲ្យ​គេ​ជំពប់​ដួល​ឡើយ។ ផ្ទុយ​ទៅ​វិញ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

15. ពេល​វិនិច្ឆ័យ​ទោស កុំ​កាត់​ក្ដី​ដោយ​អយុត្តិធម៌ កុំ​រើស​មុខ​នរណា​ឲ្យ​សោះ គឺ​កុំ​យោគ‌យល់​អ្នក​តូច ឬ​អ្នក​ធំ តែ​ត្រូវ​វិនិច្ឆ័យ​ឲ្យ​ជន​រួម​ជាតិ​របស់​អ្នក ដោយ​យុត្តិធម៌។

16. មិន​ត្រូវ​ដើរ​បរិហារ​កេរ្តិ៍​ប្រជា‌ជន​របស់​អ្នក​ឡើយ ហើយ​ក៏​កុំ​ចោទ​ប្រកាន់​អ្នក​ដទៃ ធ្វើ​ឲ្យ​គេ​ទទួល​ទោស​ប្រហារ​ជីវិត​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។

17. មិន​ត្រូវ​មាន​ចិត្ត​ស្អប់​បង‌ប្អូន​របស់​អ្នក តែ​ត្រូវ​យក​ចិត្ត​ទុក​ដាក់​ស្ដី​បន្ទោស​ជន​រួម​ជាតិ​របស់​អ្នក ធ្វើ​ដូច្នេះ អ្នក​នឹង​មិន​រួម​គំនិត​ជា​មួយ​អ្នក​នោះ ក្នុង​ការ​ប្រព្រឹត្ត​អំពើ​បាប​ឡើយ។

18. កុំ​សង‌សឹក​ឲ្យ​សោះ ហើយ​ក៏​មិន​ត្រូវ​ចង​គំនុំ​នឹង​ជន​រួម​ឈាម​របស់​អ្នក​ដែរ។ ចូរ​ស្រឡាញ់​អ្នក​ដទៃ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​ឯង។ យើង​ជា​ព្រះ‌អម្ចាស់។

19. ចូរ​ប្រតិបត្តិ​តាម​ច្បាប់​របស់​យើង។ មិន​ត្រូវ​យក​សត្វ​ពីរ​ប្រភេទ​ខុស​គ្នា មក​បង្កាត់​គ្នា​ឡើយ។ នៅ​ក្នុង​ស្រែ​របស់​អ្នក ក៏​មិន​ត្រូវ​យក​ពូជ​ស្រូវ​ពីរ​ប្រភេទ មក​ព្រោះ​ជា​មួយ​គ្នា​ដែរ។ កុំ​ស្លៀក​សម្លៀក‌បំពាក់ ដែល​ត្បាញ​ដោយ​អំបោះ​ពីរ​ប្រភេទ​ខុស​គ្នា។

20. ប្រសិន​បើ​បុរស​ម្នាក់​រួម​ដំណេក​ជា​មួយ​ស្ត្រី​ម្នាក់ ហើយ​នាង​នោះ​ជា​ខ្ញុំ​បម្រើ​ដែល​ត្រូវ​ជា​គូ​ដណ្ដឹង​របស់​បុរស​ម្នាក់​ទៀត តែ​មិន​ទាន់​មាន​នរណា​លោះ​នាង​ឲ្យ​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ អ្នក​ទាំង​ពីរ​នឹង​ត្រូវ​ទទួល​ពិន័យ តែ​មិន​ទទួល​ទោស​ដល់​ស្លាប់​ទេ ដ្បិត​នាង​នោះ​មិន​ទាន់​ទៅ​ជា​អ្នក​ជា​នៅ​ឡើយ។

21. បុរស​ដែល​បាន​ប្រព្រឹត្ត​ខុស ត្រូវ​នាំ​យក​ចៀម​ឈ្មោល​មួយ​ទៅ​ថ្វាយ​ជា​តង្វាយ​លោះ​បាប នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

22. បូជា‌ចារ្យ​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​បុរស​នោះ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ គឺ​បូជា‌ចារ្យ​ត្រូវ​ថ្វាយ​ចៀម​ឈ្មោល​ជា​យញ្ញ‌បូជា​លោះ​បាប នោះ​ព្រះ‌អម្ចាស់​នឹង​លើក‌លែង​ទោស​ឲ្យ​គេ​រួច​ពី​បាប។

23. ពេល​អ្នក​រាល់​គ្នា​ចូល​ទៅ​ក្នុង​ស្រុក ហើយ​ដាំ​ដើម​ឈើ​ហូប​ផ្លែ​គ្រប់​មុខ ត្រូវ​ចាត់​ទុក​ផ្លែ​ឈើ​ទាំង​នោះ​ជា​ផ្លែ​មិន​បរិសុទ្ធ ក្នុង​អំឡុង​ពេល​បី​ឆ្នាំ គឺ​កុំ​បរិភោគ​ឡើយ។

24. នៅ​ឆ្នាំ​ទី​បួន ត្រូវ​ញែក​ផ្លែ​ឈើ​ទាំង​អស់​ជា​សក្ការៈ​ថ្វាយ​ព្រះ‌អម្ចាស់ ដើម្បី​សរសើរ​តម្កើង​ព្រះ‌អង្គ។

25. នៅ​ឆ្នាំ​ទី​ប្រាំ អ្នក​រាល់​គ្នា​អាច​បរិភោគ​ផ្លែ​ឈើ​ទាំង​នេះ។ ធ្វើ​ដូច្នេះ ភោគ‌ផល​របស់​អ្នក​រាល់​គ្នា​នឹង​កើន​ចំនួន​ច្រើន​ឡើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

26. អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​សាច់​សត្វ​ណា​ដែល​នៅ​មាន​ឈាម​ឡើយ។ មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​មន្ត‌អាគម ហើយ​ក៏​មិន​ត្រូវ​គន់‌គូរ​មើល​ជោគ‌រាសី​ដែរ។

27. កុំ​កាត់​ជើង​សក់​របស់​អ្នក​រាល់​គ្នា​ឲ្យ​មាន​រាង​មូល កុំ​កោរ​ជាយ​ពុក​ចង្កា​របស់​អ្នក​ឡើយ។

28. មិន​ត្រូវ​ធ្វើ​ពិធី​ឆូត​សាច់​របស់​អ្នក​រាល់​គ្នា ដើម្បី​កាន់​ទុក្ខ​មនុស្ស​ស្លាប់ ហើយ​ក៏​មិន​ត្រូវ​សាក់​លើ​រូប​កាយ​របស់​អ្នក​រាល់​គ្នា​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់។

29. មិន​ត្រូវ​បន្ថោក​កូន​ស្រី​របស់​អ្នក ដោយ​ជំរុញ​នាង​ឲ្យ​ធ្វើ​ជា​ស្រី​ពេស្យា​ឡើយ ដើម្បី​កុំ​ឲ្យ​ស្រុក​ទេស​ពោរ‌ពេញ​ទៅ​ដោយ​ភាព​ពេស្យា‌ចារ និង​អំពើ​ថោក​ទាប។

30. ត្រូវ​គោរព​បុណ្យ​សប្ប័ទ និង​ទី‌សក្ការៈ​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់។

31. មិន​ត្រូវ​ទៅ​រក​គ្រូ​អន្ទង​ខ្មោច ឬ​គ្រូ​ទាយ​ឡើយ កុំ​ស្វែង​រក​ពួក​គេ​ឲ្យ​សោះ ក្រែង​លោ​អ្នក​រាល់​គ្នា​ប្រែ​ជា​សៅ‌ហ្មង​រួម​ជា​មួយ​ពួក​គេ​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

32. ត្រូវ​ចេះ​អោន​លំ‌ទោន​នៅ​ចំពោះ​មុខ​ចាស់​ជរា និង​លើក​កិត្តិយស​ចាស់​ព្រឹទ្ធា‌ចារ្យ។ ចូរ​គោរព​កោត​ខ្លាច​ព្រះ​របស់​អ្នក។ យើង​ជា​ព្រះ‌អម្ចាស់។

33. ប្រសិន​បើ​មាន​ជន​បរ‌ទេស​មក​រស់​នៅ​ក្នុង​ស្រុក​ជា​មួយ​អ្នក​រាល់​គ្នា កុំ​ជិះ‌ជាន់​គេ​ឡើយ។

34. ចូរ​ប្រព្រឹត្ត​ចំពោះ​ជន​បរ‌ទេស​ដែល​ស្នាក់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា ដូច​ប្រព្រឹត្ត​ចំពោះ​អ្នក​ដែល​ជា‌ម្ចាស់​ស្រុក​ដែរ។ ត្រូវ​ស្រឡាញ់​ជន​បរ‌ទេស​នោះ​ឲ្យ​បាន​ដូច​ស្រឡាញ់​ខ្លួន​អ្នក ដ្បិត​អ្នក​រាល់​គ្នា​ក៏​ធ្លាប់​រស់​ជា​ជន​បរ‌ទេស នៅ​ស្រុក​អេស៊ីប​ដែរ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

35. ទោះ​បី​ក្នុង​ការ​កាត់​ក្ដី ឬ​ក្នុង​ការ​វាស់ ការ​ថ្លឹង និង​ការ​វាល់​ក្ដី មិន​ត្រូវ​ប្រព្រឹត្ត​ទុច្ចរិត​ឡើយ។

36. ចូរ​ប្រើ​ជញ្ជីង​ត្រឹម​ត្រូវ កូន​ជញ្ជីង​ត្រឹម​ត្រូវ រង្វាស់​រង្វាល់​ត្រឹម​ត្រូវ។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា យើង​បាន​រំដោះ​អ្នក​រាល់​គ្នា​ចេញ​ពី​ស្រុក​អេស៊ីប។

37. ចូរ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ ចូរ​នាំ​គ្នា​ប្រតិបត្តិ​តាម។ យើង​ជា​ព្រះ‌អម្ចាស់»។