គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 18:4-15 Khmer Standard Version (KHSV)

4. អ្នក​រាល់​គ្នា​ត្រូវ​ប្រព្រឹត្ត​តាម​វិន័យ ហើយ​កាន់​តាម​ច្បាប់​របស់​យើង។ យើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

5. អ្នក​រាល់​គ្នា​ត្រូវ​កាន់​តាម​ច្បាប់ និង​វិន័យ​ទាំង​ប៉ុន្មាន​របស់​យើង។ អ្នក​ប្រតិបត្តិ​តាម​នឹង​មាន​ជីវិត ដោយ‌សារ​ច្បាប់ និង​វិន័យ​ទាំង​នោះ។ យើង​ជា​ព្រះ‌អម្ចាស់។

6. ក្នុង​ចំណោម​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​រួមរ័ក​ជា​មួយ​សាច់‌ញាតិ​របស់​ខ្លួន​ឡើយ។ យើង​ជា​ព្រះ‌អម្ចាស់។

7. មិន​ត្រូវ​បន្ថោក​ឪពុក​របស់​ខ្លួន ដោយ​រួមរ័ក​ជា​មួយ​ម្ដាយ​របស់​អ្នក​ឡើយ។ គាត់​ជា​ម្ដាយ​របស់​អ្នក ដូច្នេះ កុំ​បន្ថោក​ម្ដាយ​របស់​អ្នក​ឲ្យ​សោះ។

8. មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រពន្ធ​ចុង​របស់​ឪពុក​អ្នក​ឡើយ ធ្វើ​ដូច្នេះ ដូច​ជា​បន្ថោក​ឪពុក​របស់​អ្នក​ដែរ។

9. មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​ជា​បង‌ប្អូន​ឪពុក​តែ​មួយ ឬ​បង‌ប្អូន​រួម​ផ្ទៃ​ជា​មួយ​អ្នក​ក្ដី ទោះ​បី​ជា​កូន​មាន​ខាន់‌ស្លា ឬ​ឥត​ខាន់‌ស្លា​ក្ដី។

10. មិន​ត្រូវ​រួមរ័ក​ជា​មួយ​ចៅ​ស្រី​របស់​អ្នក​ឡើយ ទោះ​បី​នាង​នោះ​ជា​កូន​របស់​កូន​ប្រុស ឬ​កូន​ស្រី​របស់​អ្នក​ក្ដី ព្រោះ​ធ្វើ​ដូច្នេះ អ្នក​បន្ថោក​ខ្លួន។

11. មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ស្រី​របស់​ប្រពន្ធ​ចុង​ឪពុក​អ្នក​ឡើយ នាង​ក៏​ជា​កូន​របស់​ឪពុក​អ្នក​ដែរ ដូច្នេះ នាង​ជា​ប្អូន​ស្រី​របស់​អ្នក។

12. មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ឪពុក​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ឪពុក​អ្នក។

13. មិន​ត្រូវ​រួមរ័ក​ជា​មួយ​បង​ស្រី ឬ​ប្អូន​ស្រី​របស់​ម្ដាយ​អ្នក​ឡើយ ព្រោះ​គាត់​ជា​សាច់​ឈាម​បង្កើត​របស់​ម្ដាយ​អ្នក។

14. មិន​ត្រូវ​បន្ថោក​បង​ប្រុស ឬ​ប្អូន​ប្រុស​របស់​ឪពុក​អ្នក ដោយ​រួមរ័ក​ជា​មួយ​ប្រពន្ធ​របស់​គាត់​ឡើយ ព្រោះ​នាង​ត្រូវ​ជា​ម្ដាយ​មីង​របស់​អ្នក។

15. មិន​ត្រូវ​រួមរ័ក​ជា​មួយ​កូន​ប្រសា​ស្រី​របស់​អ្នក​ឡើយ ព្រោះ​នាង​ជា​ប្រពន្ធ​របស់​កូន​ប្រុស​អ្នក ដូច្នេះ កុំ​រួមរ័ក​ជា​មួយ​នាង​ឲ្យ​សោះ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 18