គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 18:21-29 Khmer Standard Version (KHSV)

21. មិន​ត្រូវ​យក​កូន​ចៅ​របស់​អ្នក​ទៅ​ឲ្យ​គេ​ធ្វើ​យញ្ញ‌បូជា​ចំពោះ​ព្រះ​ម៉ូឡុក​ឡើយ កុំ​បង្អាប់​ព្រះ‌នាម​នៃ​ព្រះ​របស់​អ្នក​ឲ្យ​សោះ។ យើង​ជា​ព្រះ‌អម្ចាស់។

22. មិន​ត្រូវ​រួមរ័ក​ជា​មួយ​ប្រុសៗ​ដូច​គ្នា ដូច​គេ​រួមរ័ក​ជា​មួយ​ស្ត្រី​ឡើយ ដ្បិត​នេះ​ជា​អំពើ​គួរ​ឲ្យ​ស្អប់​ខ្ពើម​បំផុត។

23. មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ធាតុ ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្លួន​ត្រូវ​សៅ‌ហ្មង​ឡើយ។ រីឯ​ស្ត្រី​ក៏​មិន​ត្រូវ​រួមរ័ក​ជា​មួយ​សត្វ​ដែរ ព្រោះ​ជា​អំពើ​មួយ​ដ៏​ថោក​ទាប​បំផុត។

24. អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង​ដោយ‌សារ​អំពើ​ណា​មួយ ក្នុង​បណ្ដា​អំពើ​ទាំង​នេះ​ឲ្យ​សោះ ដ្បិត​យើង​បាន​ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​អ្នក​រាល់​គ្នា ព្រោះ​តែ​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ទាំង​នេះ​ដែល​បណ្ដាល​ឲ្យ​ខ្លួន​ទៅ​ជា​សៅ‌ហ្មង។

25. ស្រុក​ទេស​បាន​ក្លាយ​ទៅ​ជា​សៅ‌ហ្មង ហេតុ​នេះ​ហើយ​បាន​ជា​យើង​ដាក់​ទោស​អ្នក​ស្រុក ធ្វើ​ឲ្យ​ពួក​គេ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី​របស់​ខ្លួន។

26. ត្រូវ​ប្រតិបត្តិ​តាម​ច្បាប់ និង​វិន័យ​របស់​យើង គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា‌ម្ចាស់​ស្រុក​ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ណា​មួយ​ក្នុង​ចំណោម​អំពើ​ទាំង​នោះ​ឡើយ។

27. ជាតិ​សាសន៍​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ​មុន​អ្នក​រាល់​គ្នា បាន​ប្រព្រឹត្ត​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ ជា​ហេតុ​បណ្ដាល​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង។

28. ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​ធ្វើ​ឲ្យ​ស្រុក​ទៅ​ជា​សៅ‌ហ្មង​ទេ អ្នក​រាល់​គ្នា​នឹង​មិន​ត្រូវ​ខ្ចាត់‌ខ្ចាយ​ចេញ​ពី​ទឹក​ដី ដូច​ប្រជា‌ជាតិ​ដែល​រស់​នៅ​ទី​នេះ​មុន​អ្នក​រាល់​គ្នា​ឡើយ។

29. អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​ណា​មួយ ក្នុង​ចំណោម​អំពើ​គួរ​ស្អប់​ខ្ពើម​ទាំង​នេះ នឹង​ត្រូវ​ដក​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 18