គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 17:7-16 Khmer Standard Version (KHSV)

7. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

8. ចូរ​ប្រាប់​ពួក​គេ​ថា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​អ្វី​មួយ

9. តែ​មិន​នាំ​សត្វ​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។

10. «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន

11. ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។

12. ហេតុ​នេះ យើង​ហាម​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា: ក្នុង​ចំណោម​អ្នក​រាល់​គ្នា និង​ជន​បរ‌ទេស​ដែល​នៅ​ជា​មួយ​អ្នក​រាល់​គ្នា មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​បរិភោគ​ឈាម​ជា​ដាច់​ខាត។

13. ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល និង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​នរណា​ម្នាក់​បរ​បាញ់​សត្វ​ចតុ‌ប្បាទ ឬ​សត្វ​ស្លាប​ណា​មួយ​ដែល​អាច​បរិភោគ​បាន គេ​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ​លើ​ដី ហើយ​យក​ធូលី​ដី​លុប​ពី​លើ។

14. ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ ហេតុ​នេះ​ហើយ​បាន​ជា​យើង​ហាម​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា “អ្នក​រាល់​គ្នា​មិន​ត្រូវ​បរិភោគ​ឈាម​របស់​សត្វ​លោក​ណា​មួយ​ឡើយ ដ្បិត​ជីវិត​របស់​សត្វ​លោក​ទាំង​អស់​ស្ថិត​នៅ​ក្នុង​ឈាម​របស់​ខ្លួន។ អ្នក​ណា​បរិភោគ​ឈាម ត្រូវ​ដក​អ្នក​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន”។

15. មនុស្ស​ទាំង​អស់​ក្នុង​ចំណោម​ម្ចាស់​ស្រុក ឬ​ជន​បរ‌ទេស ដែល​បរិភោគ​សត្វ​ងាប់​ដោយ​ជំងឺ ឬ​ដោយ​សត្វ​ព្រៃ​ហែក ត្រូវ​យក​ទឹក​លាង​សម្អាត​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន គេ​នៅ​មិន​បរិសុទ្ធ រហូត​ដល់​ល្ងាច រួច​ទើប​បរិសុទ្ធ​ឡើង​វិញ។

16. ប្រសិន​បើ​គេ​មិន​លាង​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ទេ គេ​មាន​កំហុស​ហើយ»។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 17