គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 17:1-11 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ដូច​ត​ទៅ៖

2. «ចូរ​ប្រាប់​អើរ៉ុន និង​កូន​ប្រុស​របស់​គាត់ ព្រម​ទាំង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាំង​មូល​ថា ព្រះ‌អម្ចាស់​បាន​បង្គាប់​ដូច​ត​ទៅ:

3. ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល បើ​បុរស​ណា​ម្នាក់​ចង់​ចាក់​ក​គោ ចៀម ឬ​ពពែ​ក្នុង​ជំរំ ឬ​ក្រៅ​ជំរំ

4. ត្រូវ​តែ​នាំ​សត្វ​នោះ​មក​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ថ្វាយ​ជា​តង្វាយ​ដល់​ព្រះ‌អង្គ នៅ​មុខ​ព្រះ‌ពន្លា។ ប្រសិន​បើ​អ្នក​នោះ​មិន​ធ្វើ​ដូច្នេះ​ទេ ត្រូវ​ទារ​ឈាម​ដែល​គាត់​បាន​បង្ហូរ ដោយ​ដក​គាត់​ចេញ​ពី​ក្នុង​ចំណោម​ប្រជា‌ជន​របស់​ខ្លួន។

5. ធ្វើ​ដូច្នេះ ដើម្បី​ឃាត់​ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​ឲ្យ​សម្លាប់​សត្វ​ធ្វើ​យញ្ញ‌បូជា នៅ​តាម​ទី​វាល។ គេ​ត្រូវ​នាំ​សត្វ​យក​មក​ជូន​បូជា‌ចារ្យ នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​ថ្វាយ​ដល់​ព្រះ‌អម្ចាស់​ទុក​ជា​យញ្ញ‌បូជា​មេត្រី‌ភាព។

6. បូជា‌ចារ្យ​ត្រូវ​ប្រោះ​ឈាម​សត្វ​លើ​អាសនៈ​របស់​ព្រះ‌អម្ចាស់ នៅ​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។ បូជា‌ចារ្យ​ត្រូវ​ដុត​ខ្លាញ់​សត្វ​នោះ ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

7. ធ្វើ​ដូច្នេះ ពួក​គេ​នឹង​លែង​ក្បត់​យើង ដោយ​ថ្វាយ​យញ្ញ‌បូជា​ទៅ​ព្រះ​ក្លែង‌ក្លាយ ដែល​មាន​រូប​រាង​ដូច​ពពែ​ឈ្មោល​ទៀត​ហើយ។ នេះ​ជា​ច្បាប់​ដែល​ពួក​គេ និង​ពូជ‌ពង្ស​របស់​ពួក​គេ ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

8. ចូរ​ប្រាប់​ពួក​គេ​ថា ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល ឬ​យញ្ញ‌បូជា​អ្វី​មួយ

9. តែ​មិន​នាំ​សត្វ​នោះ​មក​ថ្វាយ​ជា​យញ្ញ‌បូជា​ដល់​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់​ទេ ត្រូវ​ដក​បុរស​នោះ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន»។

10. «ក្នុង​ចំណោម​កូន​ចៅ​អ៊ីស្រា‌អែល ឬ​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ ប្រសិន​បើ​មាន​បុរស​ណា​ម្នាក់​បរិភោគ​ឈាម​អ្វី​ក៏​ដោយ យើង​នឹង​ដាក់​ទោស​អ្នក​ដែល​បរិភោគ​នោះ ហើយ​ដក​គេ​ចេញ​ពី​ចំណោម​ប្រជា‌ជន​របស់​ខ្លួន

11. ដ្បិត​ជីវិត​របស់​សត្វ​លោក​ស្ថិត​នៅ​ក្នុង​ឈាម។ ហេតុ​នេះ​ហើយ​បាន​យើង​ឲ្យ​អ្នក​រាល់​គ្នា​បង្ហូរ​ឈាម​នៅ​លើ​អាសនៈ ដើម្បី​ធ្វើ​ពិធី​រំដោះ​បាប។ ឈាម​អាច​រំដោះ​បាប​បាន ព្រោះ​នៅ​ក្នុង​ឈាម​មាន​ជីវិត។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 17