គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 16:23-32 Khmer Standard Version (KHSV)

23. អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​វិញ រួច​ដោះ​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ​នោះ​ទុក​នៅ​ក្នុង​ទី‌សក្ការៈ។

24. គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក‌បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។

25. គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។

26. រីឯ​បុរស​ដែល​ដេញ​ពពែ​ទៅ​ឲ្យ​អាសា‌អែល​នៅ​វាល​រហោ‌ស្ថាន​នោះ ក៏​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន​ដែរ។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ។

27. រីឯ​គោ​បា និង​ពពែ​ឈ្មោល ដែល​គេ​សម្លាប់ ដើម្បី​រំដោះ​បាប ហើយ​យក​ឈាម​របស់​វា​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​សម្រាប់​លោះ​បាប​នោះ គេ​ត្រូវ​យក​វា​ចេញ​ទៅ​ខាង​ក្រៅ​ជំរំ ហើយ​ដុត​វា ទាំង​ស្បែក ទាំង​សាច់ និង​គ្រឿង​ក្នុង។

28. អ្នក​ដុត​វា​ត្រូវ​យក​ទឹក​លាង​ជម្រះ​សម្លៀក‌បំពាក់ និង​រូប​កាយ​របស់​ខ្លួន។ បន្ទាប់​មក ទើប​គាត់​អាច​ចូល​មក​ក្នុង​ជំរំ​វិញ​បាន។

29. នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។ នៅ​ថ្ងៃ​ទី​ដប់ ខែ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​តម​អាហារ ហើយ​អ្នក​រាល់​គ្នា​មិន​ត្រូវ​ធ្វើ​ការ​អ្វី​ឡើយ គឺ​ទាំង​អ្នក​រាល់​គ្នា​ដែល​ជា​ម្ចាស់​ស្រុក ទាំង​ជន​បរ‌ទេស​ដែល​រស់​នៅ​ជា​មួយ​អ្នក​រាល់​គ្នា

30. ដ្បិត​ថ្ងៃ​នោះ គេ​ធ្វើ​ពិធី​លោះ​បាប​អ្នក​រាល់​គ្នា ដើម្បី​ជម្រះ​អ្នក​រាល់​គ្នា​ឲ្យ​បរិសុទ្ធ។ ពេល​នោះ អ្នក​រាល់​គ្នា​នឹង​បាន​បរិសុទ្ធ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ផុត​ពី​បាប​ទាំង​ប៉ុន្មាន​របស់​អ្នក​រាល់​គ្នា។

31. ថ្ងៃ​នោះ​ជា​ថ្ងៃ​សប្ប័ទ* គឺ​ជា​ថ្ងៃ​ដែល​អ្នក​រាល់​គ្នា​ត្រូវ​សម្រាក ហើយ​តម​អាហារ។ នេះ​ជា​ច្បាប់​ដែល​អ្នក​រាល់​គ្នា​ត្រូវ​កាន់​រហូត​ត​ទៅ ឥត​ប្រែ‌ប្រួល​ឡើយ។

32. មាន​តែ​បូជា‌ចារ្យ*​ដែល​បាន​ទទួល​ការ​ចាក់​ប្រេង​តែង‌តាំង ឲ្យ​បំពេញ​មុខ‌ងារ​ជា​បូជា‌ចារ្យ​ស្នង​ឪពុក​របស់​ខ្លួន​ប៉ុណ្ណោះ ទើប​មាន​សិទ្ធិ​ធ្វើ​ពិធី​លោះ​បាប។ បូជា‌ចារ្យ​នោះ​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​ជា​សម្លៀក‌បំពាក់​សក្ការៈ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 16