គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 16:16-25 Khmer Standard Version (KHSV)

16. គាត់​ធ្វើ​ដូច្នេះ ដើម្បី​ជម្រះ​ទី‌សក្ការៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​ប៉ុន្មាន​របស់​ពួក​គេ។ គាត់​ក៏​ត្រូវ​ធ្វើ​ពិធី​ប្រោះ​ឈាម​បែប​នេះ​លើ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដែល​ស្ថិត​នៅ​កណ្ដាល​ចំណោម​ពួក​គេ ជា​មនុស្ស​មិន​បរិសុទ្ធ។

17. ពេល​គាត់​ចូល​ទៅ​ធ្វើ​ពិធី​ជម្រះ​បាប​នៅ​ក្នុង​ទី‌សក្ការៈ រហូត​ដល់​ពេល​គាត់​ចេញ​មក​វិញ មិន​ត្រូវ​ឲ្យ​នរណា​ម្នាក់​ស្ថិត​នៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​ឡើយ។ គាត់​ត្រូវ​ធ្វើ​ពិធី​រំដោះ​បាប​ឲ្យ​ខ្លួន​គាត់​ផ្ទាល់ ឲ្យ​ក្រុម​គ្រួសារ​របស់​គាត់ និង​ឲ្យ​សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល។

18. គាត់​ត្រូវ​ចេញ​មក​ខាង​មុខ​អាសនៈ ដែល​ស្ថិត​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ធ្វើ​ពិធី​ជម្រះ​អាសនៈ គឺ​គាត់​ត្រូវ​យក​ឈាម​គោ​បា និង​ឈាម​ពពែ​ឈ្មោល ទៅ​លាប​ជុំ‌វិញ​ស្នែង​ទាំង​បួន​របស់​អាសនៈ។

19. គាត់​ត្រូវ​យក​ម្រាម​ដៃ​ជ្រលក់​ក្នុង​ឈាម ហើយ​ប្រោះ​ឈាម​ទៅ​លើ​អាសនៈ​ចំនួន​ប្រាំ‌ពីរ​ដង។ គាត់​ជម្រះ​អាសនៈ​ឲ្យ​បរិសុទ្ធ រួច​ផុត​ពី​ភាព​សៅ‌ហ្មង​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រួច​ញែក​អាសនៈ​ឲ្យ​បាន​វិសុទ្ធ។

20. ពេល​គាត់​ធ្វើ​ពិធី​ជម្រះ​ទី‌សក្ការៈ ជម្រះ​ពន្លា​ជួប​ព្រះ‌អម្ចាស់ និង​ជម្រះ​អាសនៈ​រួច​រាល់​ហើយ គាត់​ត្រូវ​យក​ពពែ​ឈ្មោល​មួយ​ទៀត​ដែល​នៅ​រស់ ចូល​មក។

21. អើរ៉ុន​ត្រូវ​ដាក់​ដៃ​ទាំង​ពីរ​លើ​ក្បាល​របស់​ពពែ​ដែល​នៅ​រស់​ដោយ​លន់‌តួ​កំហុស ព្រម​ទាំង​អំពើ​ទុច្ចរិត និង​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល រួច​បញ្ចេរ​ទៅ​លើ​ក្បាល​ពពែ​នោះ។ បន្ទាប់​មក គាត់​ត្រូវ​ឲ្យ​បុរស​ម្នាក់​ដែល​គាត់​បាន​ជ្រើស​រើស​ជា​មុន ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន។

22. ពពែ​នោះ​នាំ​យក​អំពើ​បាប​ទាំង​អស់​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ឆ្ពោះ​ទៅ​ទី​ស្មសាន។ កាល​ដេញ​ពពែ​នោះ​ទៅ​វាល​រហោ‌ស្ថាន​ផុត​ហើយ

23. អើរ៉ុន​ត្រូវ​ចូល​ទៅ​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់​វិញ រួច​ដោះ​សម្លៀក‌បំពាក់​ធ្វើ​ពី​អំបោះ​ធ្មៃ ដែល​គាត់​ពាក់​សម្រាប់​បំពេញ​មុខ‌ងារ​ក្នុង​ទី‌សក្ការៈ​នោះ​ទុក​នៅ​ក្នុង​ទី‌សក្ការៈ។

24. គាត់​យក​ទឹក​លាង​ដៃ ជម្រះ​កាយ​នៅ​ក្នុង​ទី​ដ៏​សក្ការៈ រួច​ស្លៀក​សម្លៀក‌បំពាក់​របស់​គាត់​វិញ។ បន្ទាប់​មក ទើប​គាត់​ចេញ​មក​ក្រៅ ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​របស់​គាត់ និង​តង្វាយ​ដុត​ទាំង​មូល​របស់​ប្រជា‌ជន ដើម្បី​លោះ​បាប​របស់​គាត់ និង​បាប​របស់​ប្រជា‌ជន។

25. គាត់​ត្រូវ​ដុត​ខ្លាញ់​របស់​សត្វ​នៅ​លើ​អាសនៈ ដើម្បី​រំដោះ​បាប។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 16