គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 16:1-13 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ ក្រោយ​គ្រា​កូន​ប្រុស​ទាំង​ពីរ​របស់​លោក​អើរ៉ុន​ស្លាប់ នៅ​ពេល​ចូល​ទៅ​គាល់​ព្រះ‌អម្ចាស់។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​ម៉ូសេ​ថា៖ «ចូរ​ប្រាប់​អើរ៉ុន​ជា​បង​របស់​អ្នក កុំ​ឲ្យ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​គ្រប់​ពេល​វេលា​ឡើយ ពោល​គឺ​ចូល​ទៅ​ខាង​ក្រោយ​វាំងនន ដែល​នៅ​ពី​មុខ​គម្រប​ហិប*​នៃ​សម្ពន្ធ‌មេត្រី* បើ​មិន​ដូច្នោះ​ទេ ក្រែង​លោ​គាត់​ត្រូវ​ស្លាប់ ដ្បិត​យើង​នឹង​លេច​មក​ក្នុង​ពពក​នៅ​លើ​គម្រប​ហិប។

3. ពេល​អើរ៉ុន​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​ត្រូវ​ធ្វើ​ដូច​ត​ទៅ គឺ​យក​គោ​ឈ្មោល​ស្ទាវ​មួយ​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

4. គាត់​ត្រូវ​ពាក់​អាវ​វែង​សក្ការៈ​ធ្វើ​ពី​អំបោះ​ធ្មៃ និង​ស្លៀក​ខោ​ខ្លី​ខាង​ក្នុង​ធ្វើ​ពី​អំបោះ​ធ្មៃ ពាក់​ខ្សែ​ក្រវាត់​ធ្វើ​ពី​អំបោះ​ធ្មៃ ហើយ​ពាក់​ឆ្នួត​ក្បាល​ធ្វើ​ពី​អំបោះ​ធ្មៃ។ ដោយ​សម្លៀក‌បំពាក់​ទាំង​នេះ​សក្ការៈ មុន​នឹង​ស្លៀក​ពាក់ គាត់​ត្រូវ​យក​ទឹក​មក​ធ្វើ​ពិធី​ជម្រះ​កាយ​ជា​មុន​សិន។

5. គាត់​ត្រូវ​ទទួល​ពពែ​ឈ្មោល​ពីរ​ពី​សហគមន៍​អ៊ីស្រា‌អែល សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប និង​ចៀម​ឈ្មោល​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល។

6. អើរ៉ុន​ត្រូវ​ថ្វាយ​គោ​ឈ្មោល​របស់​គាត់​ជា​យញ្ញ‌បូជា​រំដោះ​បាប សម្រាប់​ខ្លួន​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។

7. គាត់​នាំ​ពពែ​ឈ្មោល​ទាំង​ពីរ​ទៅ​ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

8. អើរ៉ុន​ត្រូវ​ចាប់​ឆ្នោត​ជ្រើស​រើស​ពពែ​ឈ្មោល​ទាំង​ពីរ គឺ​មួយ​ថ្វាយ​ព្រះ‌អម្ចាស់ មួយ​ទៀត​ឲ្យ​អាសា‌អែល។

9. ពេល​ចាប់​ឆ្នោត​រួច​ហើយ អើរ៉ុន​យក​ពពែ​ឈ្មោល​ដែល​ត្រូវ​ថ្វាយ​ព្រះ‌អម្ចាស់ ទៅ​ធ្វើ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

10. រីឯ​ពពែ​ឈ្មោល​ដែល​ត្រូវ​បាន​ទៅ​អាសា‌អែល ក៏​ត្រូវ​យក​មក​ទាំង​រស់ ដាក់​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ សម្រាប់​លោះ​បាប ហើយ​ប្រគល់​ឲ្យ​អាសា‌អែល នៅ​វាល​រហោ‌ស្ថាន។

11. អើរ៉ុន​ត្រូវ​ថ្វាយ​គោ​បា​ជា​តង្វាយ​រំដោះ​បាប ដើម្បី​លោះ​បាប​គាត់ និង​ក្រុម​គ្រួសារ​របស់​គាត់។ គាត់​ត្រូវ​ចាក់​ក​គោ​បា​នោះ សម្រាប់​រំដោះ​បាប​របស់​ខ្លួន។

12. គាត់​ត្រូវ​យក​ភាជន៍​ពេញ​ទៅ​ដោយ​រងើក​ភ្លើង ដែល​យក​ពី​អាសនៈ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ព្រម​ទាំង​យក​គ្រឿង​ក្រអូប​ម៉ដ្ដ​ចំនួន​ពីរ​ក្ដាប់​មក​ជា​មួយ ចូល​ទៅ​ក្នុង​វាំងនន​សក្ការៈ។

13. គាត់​ត្រូវ​ដុត​គ្រឿង​ក្រអូប​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ដើម្បី​ផ្សែង​ហុយ​ទៅ​លើ​គម្រប​ហិប ដែល​គ្រប​ពី​លើ​បន្ទះ​ថ្ម​នៃ​សន្ធិ‌សញ្ញា។ ធ្វើ​ដូច្នេះ គាត់​នឹង​មិន​ត្រូវ​ស្លាប់​ឡើយ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 16