7. ប៉ុន្តែ ក្រោយពេលបូជាចារ្យប្រកាសថាគាត់បានបរិសុទ្ធហើយ ស្រាប់តែស្រែងរាលធំឡើងថែមទៀត អ្នកនោះត្រូវត្រឡប់មកជួបបូជាចារ្យវិញ។
8. បូជាចារ្យពិនិត្យជំងឺរបស់គេសាជាថ្មី ហើយពេលគាត់សង្កេតឃើញស្រែងបានរាលធំនៅលើស្បែក លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ គឺកើតឃ្លង់។
9. កាលណាមនុស្សម្នាក់កើតឃ្លង់ គេត្រូវនាំអ្នកនោះទៅជួបបូជាចារ្យ
10. ហើយបូជាចារ្យពិនិត្យអ្នកជំងឺនោះ។ ប្រសិនបើលោកសង្កេតឃើញមានកន្ទួលពណ៌សនៅលើស្បែក ហើយកន្ទួលនោះធ្វើឲ្យរោមប្រែជាមានពណ៌ស និងមានសាច់ខ្ចីដុះចេញពីកន្ទួល
11. នោះបានសេចក្ដីថាអ្នកជំងឺកើតរោគឃ្លង់រ៉ាំរ៉ៃ។ បូជាចារ្យត្រូវប្រកាសថា គាត់ជាមនុស្សមិនបរិសុទ្ធ។ ក្នុងករណីនេះបូជាចារ្យមិនចាំបាច់ឲ្យគាត់នៅដាច់តែឯងទេ ដ្បិតគាត់មិនបរិសុទ្ធរួចទៅហើយ។
12. ផ្ទុយទៅវិញ ប្រសិនបើបូជាចារ្យឃើញថា រោគឃ្លង់កើតពេញនៅលើស្បែក ហើយរាលដាលពេញខ្លួនអ្នកជំងឺ តាំងពីក្បាលដល់ជើងនោះ
13. បូជាចារ្យត្រូវពិនិត្យមើលដោយម៉ត់ចត់។ បើលោកសង្កេតឃើញថារោគឃ្លង់កើតពេញខ្លួនអ្នកជំងឺ លោកត្រូវប្រកាសថា អ្នកជំងឺនេះជាមនុស្សបរិសុទ្ធ ដ្បិតរូបកាយរបស់គាត់ប្រែជាមានពណ៌សទាំងអស់ដូច្នេះ បានសេចក្ដីថាគាត់បរិសុទ្ធ។
14. ប៉ុន្តែ នៅថ្ងៃណា គេសង្កេតឃើញមានសាច់ខ្ចីដុះចេញពីខ្លួនគាត់ នោះគាត់នឹងទៅជាមិនបរិសុទ្ធ។
15. បូជាចារ្យឃើញសាច់ខ្ចី លោកត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ ដ្បិតសាច់ខ្ចីបញ្ជាក់ពីភាពមិនបរិសុទ្ធទេ ដូច្នេះ អ្នកនោះកើតឃ្លង់ហើយ។
16. ប្រសិនបើសាច់ខ្ចីនោះប្រែជាមានពណ៌សវិញ អ្នកជំងឺត្រូវទៅជួបបូជាចារ្យ។
17. បូជាចារ្យត្រូវពិនិត្យមើលគាត់ ប្រសិនបើឃើញថាដំបៅប្រែជាមានពណ៌ស បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺនោះជាមនុស្សបរិសុទ្ធ។
18. ពេលមនុស្សម្នាក់កើតដំបៅនៅលើស្បែក រួចបានជាវិញ
19. ហើយប្រសិនបើឃើញមានកន្ទួលពណ៌ស ឬស្នាមក្រហមព្រឿងៗ លេចឡើងត្រង់កន្លែងដែលកើតដំបៅនោះ អ្នកជំងឺត្រូវតែទៅជួបបូជាចារ្យ។
20. បូជាចារ្យត្រូវពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះខូងចូលទៅក្នុងស្បែក ហើយរោមប្រែជាមានពណ៌ស បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ ព្រោះមានរោគឃ្លង់កើតនៅកន្លែងដែលមានដំបៅ។
21. ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងដែលមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
22. ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។
23. ផ្ទុយទៅវិញ បើស្នាមនោះនៅដដែល គឺមិនរាលដាលទេ បានសេចក្ដីថាគ្រាន់តែជាស្នាមដំបៅប៉ុណ្ណោះ។ បូជាចារ្យត្រូវតែប្រកាសថា គាត់ជាមនុស្សបរិសុទ្ធទេ។
24. ពេលមនុស្សម្នាក់រលាកស្បែកដោយសារភ្លើង ហើយត្រង់កន្លែងរលាកនោះប្រែជាមានស្នាមពណ៌ស ឬពណ៌ក្រហមព្រឿង
25. បូជាចារ្យត្រូវពិនិត្យមើលអ្នកជំងឺ ប្រសិនបើរោមប្រែជាមានពណ៌ស ហើយមានស្នាមខូងចូលទៅក្នុងស្បែក នោះជារោគឃ្លង់កើតត្រង់កន្លែងរលាក។ ដូច្នេះ បូជាចារ្យត្រូវប្រកាសថា អ្នកនោះជាមនុស្សមិនបរិសុទ្ធ។
26. ប៉ុន្តែ បើបូជាចារ្យមិនឃើញមានរោមពណ៌សនៅកន្លែងមានស្នាម ហើយដំបៅមិនខូងចូលទៅក្នុងស្បែក រីឯស្នាមនៅលើស្បែកក៏មិនស្រអាប់ទេនោះ បូជាចារ្យត្រូវឲ្យអ្នកជំងឺនៅដាច់តែឯង ក្នុងរយៈពេលប្រាំពីរថ្ងៃ។
27. នៅថ្ងៃទីប្រាំពីរ ពេលបូជាចារ្យពិនិត្យអ្នកជំងឺ ប្រសិនបើស្នាមនោះរាលនៅលើស្បែក បូជាចារ្យត្រូវប្រកាសថា អ្នកជំងឺជាមនុស្សមិនបរិសុទ្ធ គឺគេកើតរោគឃ្លង់។