គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 13:44-58 Khmer Standard Version (KHSV)

44. បាន​សេចក្ដី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។

45. អ្នក​ដែល​កើត​ឃ្លង់​ត្រូវ​ស្លៀក​សម្លៀក‌បំពាក់​រហែក ទុក​ក្បាល​ឲ្យ​នៅ​ទទេ ឃ្លុំ​មុខ​នៅ​ត្រង់​កន្លែង​ដែល​មាន​ពុក​មាត់ ហើយ​ស្រែក​ថា “ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ! ខ្ញុំ​ជា​មនុស្ស​មិន​បរិសុទ្ធ!”។

46. ក្នុង​ពេល​ដែល​គាត់​កើត​រោគ​ឃ្លង់​នោះ គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ដូច្នេះ គាត់​ត្រូវ​រស់​នៅ​ដាច់​ឡែក​ពី​គេ គឺ​នៅ​ខាង​ក្រៅ​ជំរំ»។

47. «ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​កើត​ឡើង​នៅ​លើ​សម្លៀក‌បំពាក់ ទោះ​បី​សម្លៀក‌បំពាក់​ធ្វើ​ពី​ក្រណាត់​រោម​ចៀម​ក្ដី សំពត់​ទេស‌ឯក​ក្ដី

48. ឬ​ស្នាម​លើ​ក្រណាត់ លើ​អំបោះ​រោម​ចៀម អំបោះ​ឆៅ សម្លៀក‌បំពាក់ និង​វត្ថុ​ធ្វើ​អំពី​ស្បែក

49. ហើយ​ប្រសិន​បើ​ស្នាម​ទាំង​នោះ​ឡើង​ពណ៌​បៃតង ឬ​ពណ៌​ក្រហម​ព្រឿងៗ នោះ​ជា​ស្នាម​ដុះ​ផ្សិត​ហើយ។ គេ​ត្រូវ​តែ​យក​សម្លៀក‌បំពាក់ និង​វត្ថុ​ទាំង​នោះ​ទៅ​ជូន​បូជា‌ចារ្យ​ពិនិត្យ។

50. ក្រោយ​ពី​បាន​ពិនិត្យ​ហើយ បូជា‌ចារ្យ​ត្រូវ​យក​វត្ថុ​ទាំង​នោះ​ទៅ​ទុក ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

51. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ លោក​ត្រូវ​ពិនិត្យ​ម្ដង​ទៀត ប្រសិន​បើ​មាន​ស្នាម​រាល‌ដាល​លើ​សម្លៀក‌បំពាក់ ឬ​វត្ថុ​នោះ បាន​សេចក្ដី​ថា​មាន​ដុះ​ផ្សិត​ហើយ ដូច្នេះ របស់​ទាំង​នោះ​ជា​វត្ថុ​មិន​បរិសុទ្ធ។

52. បូជា‌ចារ្យ​ត្រូវ​ដុត​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ​រោម​ចៀម អំបោះ​ឆៅ និង​វត្ថុ​ធ្វើ​អំពី​ស្បែក ដែល​មាន​ដុះ​ផ្សិត​នោះ​ចោល ព្រោះ​ជា​វត្ថុ​ដុះ​ផ្សិត​មិន​អាច​បំបាត់​ឡើយ គឺ​ត្រូវ​តែ​ដុត​ចោល។

53. ក៏​ប៉ុន្តែ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ឃើញ​ថា ផ្សិត​នោះ​មិន​រាល‌ដាល​នៅ​លើ​សម្លៀក‌បំពាក់ និង​លើ​វត្ថុ​ទាំង​នោះ​ទេ

54. លោក​ត្រូវ​បញ្ជា​ឲ្យ​គេ​លាង​សម្អាត​វត្ថុ​ដែល​ដុះ​ផ្សិត​នោះ រួច​យក​វា​ទៅ​ទុក​ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ទៀត។

55. ក្រោយ​ពី​លាង​សម្អាត​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​វត្ថុ​ទាំង​នោះ​សា​ជា​ថ្មី។ ប្រសិន​បើ​ស្នាម​ដុះ​ផ្សិត​នៅ​តែ​ដដែល ទោះ​បី​មិន​រាល‌ដាល​ក៏​ដោយ វត្ថុ​ទាំង​នោះ​ជា​របស់​មិន​បរិសុទ្ធ ហើយ​ត្រូវ​តែ​ដុត​វា​ចោល ព្រោះ​មាន​ដុះ​ផ្សិត​ទាំង​ខាង​ក្នុង ទាំង​ខាង​ក្រៅ។

56. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​ពិនិត្យ​មើល​ក្រោយ​ពេល​លាង​សម្អាត ហើយ​ឃើញ​ថា​ស្នាម​ដុះ​ផ្សិត​នោះ​បាន​រលុប នោះ​លោក​ត្រូវ​កាត់​ត្រង់​កន្លែង​ដែល​មាន​ស្នាម​ចេញ​ពី​សម្លៀក‌បំពាក់ ស្បែក ឬ​អំបោះ​នោះ។

57. ក្រោយ​មក ប្រសិន​បើ​មាន​ស្នាម​ដុះ​ផ្សិត​លេច​ឡើង​វិញ នៅ​លើ​សម្លៀក‌បំពាក់​ក្រណាត់​អំបោះ ឬ​លើ​វត្ថុ​អំពី​ស្បែក នោះ​មាន​ផ្សិត​បាន​កើត​ឡើង​ជា​ថ្មី​ទៀត​ហើយ។ ដូច្នេះ ត្រូវ​តែ​ដុត​វត្ថុ​ទាំង​នោះ​ចោល។

58. ពេល​ណា​គេ​បោក​សម្លៀក‌បំពាក់ ក្រណាត់ អំបោះ ឬ​វត្ថុ​ធ្វើ​អំពី​ស្បែក​ដែល​មាន​ដុះ​ផ្សិត ហើយ​ស្នាម​ដុះ​ផ្សិត​នោះ​រលុប​បាត់ គេ​ត្រូវ​យក​វត្ថុ​នោះ​ទៅ​បោក​ម្ដង​ទៀត ទើប​វត្ថុ​នោះ​ទៅ​ជា​បរិសុទ្ធ។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 13