គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 13:34-44 Khmer Standard Version (KHSV)

34. លុះ​គម្រប់​ពេល​ប្រាំ‌ពីរ​ថ្ងៃ​ហើយ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​កន្លែង​កើត​អង្គែ​ម្ដង​ទៀត បើ​អង្គែ​មិន​រាល‌ដាល​ទៅ​លើ​ស្បែក ហើយ​គ្មាន​ស្នាម​ខូង​ទេ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ។ គាត់​ត្រូវ​បោក​សម្លៀក‌បំពាក់​របស់​ខ្លួន ហើយ​គាត់​នឹង​បាន​បរិសុទ្ធ។

35. ផ្ទុយ​ទៅ​វិញ ក្រោយ​ពី​ពេល​បូជា‌ចារ្យ​ប្រកាស​ថា​អ្នក​នោះ​ជា​មនុស្ស​បរិសុទ្ធ ស្រាប់​តែ​រោគ​អង្គែ​រាល‌ដាល

36. នោះ​បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ឡើង​វិញ។ ប្រសិន​បើ​អង្គែ​នោះ​ពិត​ជា​រាល‌ដាល​នៅ​លើ​ស្បែក​មែន បូជា‌ចារ្យ​មិន​ចាំ‌បាច់​រក​មើល​រោម​ពណ៌​លឿង​ទេ ដ្បិត​អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

37. ប្រសិន​បើ​ស្នាម​អង្គែ​នៅ​ដដែល​ឥត​ប្រែ‌ប្រួល ហើយ​បើ​មាន​រោម​ពណ៌​ខ្មៅ​ដុះ​ឡើង នោះ​បាន​សេចក្ដី​ថា​រោគ​អង្គែ​ជា​សះ‌ស្បើយ​ហើយ រីឯ​អ្នក​ជំងឺ​ក៏​បរិសុទ្ធ​ដែរ។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

38. ពេល​បុរស ឬ​ស្ត្រី​ម្នាក់ មាន​ស្នាម​ពណ៌​ស​នៅ​លើ​ស្បែក

39. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់។ ប្រសិន​បើ​ស្នាម​ស​នៅ​លើ​ស្បែក​ប្រែ​ជា​ស្រអាប់​វិញ នោះ​គ្រាន់​តែ​ជា​រោគ​សើ‌ស្បែក​ធម្មតា​ប៉ុណ្ណោះ។ គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

40. កាល​ណា​បុរស​ម្នាក់​ជ្រុះ​សក់​ទៅ​ជា​ទំពែក នោះ​គេ​នៅ​ជា​មនុស្ស​បរិសុទ្ធ​ដដែល។

41. ប្រសិន​បើ​គេ​ជ្រុះ​សក់​ផ្នែក​ខាង​មុខ គេ​មាន​ក្បាល​ឆក ហើយ​គេ​ក៏​នៅ​បរិសុទ្ធ​ដែរ។

42. ប៉ុន្តែ បើ​ត្រង់​កន្លែង​ដែល​ទំពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី គេ​ឃើញ​មាន​ស្បែក​ឡើង​ពណ៌​ក្រហម​ព្រឿងៗ នោះ​បាន​សេចក្ដី​ថា​គាត់​កើត​រោគ​ឃ្លង់​ហើយ។

43. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​អ្នក​នោះ ប្រសិន​បើ​មាន​កន្ទួល​ពណ៌​ក្រហម​ព្រឿងៗ​ដូច​ជា​រោគ​ឃ្លង់ នៅ​ត្រង់​កន្លែង​ទំពែក ទោះ​បី​នៅ​កណ្ដាល​ក្បាល ឬ​នៅ​ផ្នែក​ខាង​មុខ​ក្ដី

44. បាន​សេចក្ដី​ថា​គាត់​កើត​ឃ្លង់​ហើយ គាត់​ក្លាយ​ទៅ​ជា​មនុស្ស​មិន​បរិសុទ្ធ។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​គាត់​កើត​ឃ្លង់​នៅ​លើ​ក្បាល។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 13