គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 13:15-32 Khmer Standard Version (KHSV)

15. បូជា‌ចារ្យ​ឃើញ​សាច់​ខ្ចី លោក​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ ដ្បិត​សាច់​ខ្ចី​បញ្ជាក់​ពី​ភាព​មិន​បរិសុទ្ធ​ទេ ដូច្នេះ អ្នក​នោះ​កើត​ឃ្លង់​ហើយ។

16. ប្រសិន​បើ​សាច់​ខ្ចី​នោះ​ប្រែ​ជា​មាន​ពណ៌​ស​វិញ អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ។

17. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​គាត់ ប្រសិន​បើ​ឃើញ​ថា​ដំបៅ​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​នោះ​ជា​មនុស្ស​បរិសុទ្ធ។

18. ពេល​មនុស្ស​ម្នាក់​កើត​ដំបៅ​នៅ​លើ​ស្បែក រួច​បាន​ជា​វិញ

19. ហើយ​ប្រសិន​បើ​ឃើញ​មាន​កន្ទួល​ពណ៌​ស ឬ​ស្នាម​ក្រហម​ព្រឿងៗ លេច​ឡើង​ត្រង់​កន្លែង​ដែល​កើត​ដំបៅ​នោះ អ្នក​ជំងឺ​ត្រូវ​តែ​ទៅ​ជួប​បូជា‌ចារ្យ។

20. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​រោម​ប្រែ​ជា​មាន​ពណ៌​ស បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ ព្រោះ​មាន​រោគ​ឃ្លង់​កើត​នៅ​កន្លែង​ដែល​មាន​ដំបៅ។

21. ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​ដែល​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

22. ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។

23. ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល‌ដាល​ទេ បាន​សេចក្ដី​ថា​គ្រាន់​តែ​ជា​ស្នាម​ដំបៅ​ប៉ុណ្ណោះ។ បូជា‌ចារ្យ​ត្រូវ​តែ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ​ទេ។

24. ពេល​មនុស្ស​ម្នាក់​រលាក​ស្បែក​ដោយ‌សារ​ភ្លើង ហើយ​ត្រង់​កន្លែង​រលាក​នោះ​ប្រែ​ជា​មាន​ស្នាម​ពណ៌​ស ឬ​ពណ៌​ក្រហម​ព្រឿង

25. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​រោម​ប្រែ​ជា​មាន​ពណ៌​ស ហើយ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក នោះ​ជា​រោគ​ឃ្លង់​កើត​ត្រង់​កន្លែង​រលាក។ ដូច្នេះ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​នោះ​ជា​មនុស្ស​មិន​បរិសុទ្ធ។

26. ប៉ុន្តែ បើ​បូជា‌ចារ្យ​មិន​ឃើញ​មាន​រោម​ពណ៌​ស​នៅ​កន្លែង​មាន​ស្នាម ហើយ​ដំបៅ​មិន​ខូង​ចូល​ទៅ​ក្នុង​ស្បែក រីឯ​ស្នាម​នៅ​លើ​ស្បែក​ក៏​មិន​ស្រអាប់​ទេ​នោះ បូជា‌ចារ្យ​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

27. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ ពេល​បូជា‌ចារ្យ​ពិនិត្យ​អ្នក​ជំងឺ ប្រសិន​បើ​ស្នាម​នោះ​រាល​នៅ​លើ​ស្បែក បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​គេ​កើត​រោគ​ឃ្លង់។

28. ផ្ទុយ​ទៅ​វិញ បើ​ស្នាម​នោះ​នៅ​ដដែល គឺ​មិន​រាល‌ដាល​នៅ​លើ​ស្បែក ហើយ​ប្រែ​ទៅ​ជា​ស្រអាប់ បាន​សេចក្ដី​ថា​ជា​ស្នាម​រលាក។ បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា គាត់​ជា​មនុស្ស​បរិសុទ្ធ ព្រោះ​គ្រាន់​តែ​ជា​ស្នាម​រលាក​ប៉ុណ្ណោះ។

29. ពេល​បុរស ឬ​ស្ត្រី​ម្នាក់ កើត​ជំងឺ​សើ‌ស្បែក​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា

30. បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​ត្រង់​កន្លែង​ដែល​ឈឺ ប្រសិន​បើ​មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក រោម​ប្រែ​ជា​មាន​ពណ៌​លឿង ហើយ​ជ្រុះ​នៅ​សល់​រង្វើលៗ នោះ​បូជា‌ចារ្យ​ត្រូវ​ប្រកាស​ថា អ្នក​ជំងឺ​ជា​មនុស្ស​មិន​បរិសុទ្ធ គឺ​កើត​អង្គែ ដែល​ជា​រោគ​ឃ្លង់​ម្យ៉ាង​នៅ​លើ​ក្បាល ឬ​នៅ​ត្រង់​ចង្កា។

31. ផ្ទុយ​ទៅ​វិញ ប្រសិន​បើ​បូជា‌ចារ្យ​សង្កេត​ឃើញ​ថា រោគ​អង្គែ​នោះ​គ្មាន​ស្នាម​ខូង​ចូល​ទៅ​ក្នុង​ស្បែក ហើយ​ក៏​គ្មាន​រោម​ពណ៌​ខ្មៅ​ទេ​នោះ លោក​ត្រូវ​ឲ្យ​អ្នក​ជំងឺ​នៅ​ដាច់​តែ​ឯង ក្នុង​រយៈ​ពេល​ប្រាំ‌ពីរ​ថ្ងៃ។

32. នៅ​ថ្ងៃ​ទី​ប្រាំ‌ពីរ បូជា‌ចារ្យ​ត្រូវ​ពិនិត្យ​មើល​អ្នក​ជំងឺ ប្រសិន​បើ​លោក​សង្កេត​ឃើញ​ថា​ស្នាម​អង្គែ​ពុំ​បាន​រាល‌ដាល ព្រម​ទាំង​គ្មាន​រោម​ពណ៌​លឿង ហើយ​គ្មាន​ស្នាម​ខូង​ទៅ​ចូល​ទៅ​ក្នុង​ស្បែក​ទេ​នោះ

សូមអានជំពូកពេញលេញ លេវី‌វិន័យ 13