គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 12:4-8 Khmer Standard Version (KHSV)

4. បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​សាម‌សិប​បី​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ​ដោយ‌សារ​ការ​ធ្លាក់​ឈាម ក្នុង​ឱកាស​ដែល​នាង​សម្រាល​កូន។ ក្នុង​អំឡុង​ពេល​នោះ នាង​មិន​ត្រូវ​ប៉ះ‌ពាល់​អ្វី​ដែល​វិសុទ្ធ ឬ​ចូល​ទៅ​ក្នុង​ទី‌សក្ការៈ​ឡើយ រហូត​ទាល់​តែ​ផុត​ពេល​កំណត់​នៃ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ។

5. ប្រសិន​បើ​នាង​សម្រាល​បាន​កូន​ស្រី នោះ​នាង​នឹង​ទៅ​ជា​មិន​បរិសុទ្ធ ក្នុង​រយៈ​ពេល​ពីរ​សប្ដាហ៍ ដូច​ពេល​ដែល​នាង​មាន​រដូវ​ដែរ។ បន្ទាប់​មក នាង​ត្រូវ​រង់‌ចាំ​អស់​រយៈ​ពេល​ហុក‌សិប​ប្រាំ​មួយ​ថ្ងៃ​ទៀត ដើម្បី​ធ្វើ​ពិធី​ជម្រះ​កាយ ដោយ‌សារ​ការ​ធ្លាក់​ឈាម​ក្នុង​ឱកាស​សម្រាល​កូន។

6. លុះ​ផុត​ពេល​កំណត់​ដែល​នាង​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បរិសុទ្ធ ព្រោះ​តែ​ការ​សម្រាល​កូន​ប្រុស ឬ​កូន​ស្រី​របស់​ខ្លួន​ហើយ នោះ​នាង​ត្រូវ​ទៅ​ជួប​បូជា‌ចារ្យ នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដោយ​នាំ​កូន​ចៀម​អាយុ​មួយ​ខួប សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​ព្រាប​ជំទើរ​មួយ ឬ​លលក​មួយ សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។

7. បូជា‌ចារ្យ​ថ្វាយ​សត្វ​ទាំង​នេះ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ រួច​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​រួច​ពី​បាប។ ដូច្នេះ នាង​បាន​បរិសុទ្ធ​រួច​ពី​ភាព​សៅ‌ហ្មង ដោយ‌សារ​ការ​ធ្លាក់​ឈាម នៅ​ពេល​សម្រាល​កូន។ នេះ​ជា​ក្រឹត្យ‌វិន័យ​សម្រាប់​ស្ត្រី​ដែល​សម្រាល​កូន​ប្រុស ឬ​កូន​ស្រី។

8. ប្រសិន​បើ​នាង​គ្មាន​លទ្ធ‌ភាព​ថ្វាយ​កូន​ចៀម​ទេ នោះ​នាង​អាច​នាំ​យក​លលក​មួយ​គូ ឬ​ព្រាប​ជំទើរ​មួយ​គូ គឺ​មួយ​សម្រាប់​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល និង​មួយ​ទៀត​សម្រាប់​ថ្វាយ​ជា​យញ្ញ‌បូជា​រំដោះ​បាប។ ក្រោយ​ពី​បូជា‌ចារ្យ​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​នាង​រួច​ហើយ នាង​នឹង​បាន​បរិសុទ្ធ​វិញ»។

សូមអានជំពូកពេញលេញ លេវី‌វិន័យ 12