ជំពូក

  1. 1
  2. 2
  3. 3
  4. 4
  5. 5
  6. 6
  7. 7
  8. 8
  9. 9
  10. 10
  11. 11
  12. 12
  13. 13
  14. 14
  15. 15
  16. 16
  17. 17
  18. 18
  19. 19
  20. 20
  21. 21
  22. 22
  23. 23
  24. 24
  25. 25
  26. 26
  27. 27

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

លេវី‌វិន័យ 1 Khmer Standard Version (KHSV)

ក្បួន​តម្រា​ស្ដី​អំពី​យញ្ញ‌បូជា​ផ្សេងៗ

តង្វាយ​ដុត​ទាំង​មូល

1. ព្រះ‌អម្ចាស់​ត្រាស់​ហៅ​លោក​ម៉ូសេ​ពី​ក្នុង​ពន្លា​ជួប​ព្រះ‌អម្ចាស់ ហើយ​មាន​ព្រះ‌បន្ទូល​មក​លោក​ថា៖

2. «ចូរ​ប្រកាស​ប្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដូច​ត​ទៅ:ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​អ្នក​រាល់​គ្នា ចង់​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អម្ចាស់ គេ​អាច​ថ្វាយ​គោ ឬ​ចៀម​ជា​តង្វាយ​បាន។

3. ប្រសិន​បើ​តង្វាយ​នោះ​ជា​គោ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​គោ​ឈ្មោល​ល្អ​ឥត​ខ្ចោះ​មួយ​ក្បាល នាំ​ទៅ​ត្រង់​ទ្វារ​នៃ​ពន្លា​ជួប​ព្រះ‌អម្ចាស់ ដើម្បី​ទូល​សូម​ព្រះ‌អង្គ​ទទួល​យក។

4. ម្ចាស់​តង្វាយ​ដាក់​ដៃ​លើ​ក្បាល​សត្វ ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល ព្រះ‌អម្ចាស់​នឹង​ទទួល​តង្វាយ​នោះ ហើយ​រំដោះ​គាត់​ឲ្យ​រួច​ពី​បាប។

5. គេ​ចាក់​ក​គោ​នោះ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ហើយ​ពួក​បូជា‌ចារ្យ*​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ឈាម​គោ​ថ្វាយ​ព្រះ‌អម្ចាស់ រួច​ប្រោះ​ឈាម​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ ដែល​ស្ថិត​នៅ​ត្រង់​មាត់​ទ្វារ​ពន្លា​ជួប​ព្រះ‌អម្ចាស់។

6. គេ​ត្រូវ​ពន្លាត់​ស្បែក​គោ​នោះ ហើយ​កាប់​សាច់​ជា​ដុំៗ។

7. ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន យក​ភ្លើង​ដាក់​នៅ​លើ​អាសនៈ រួច​បង្គរ​អុស​ពី​លើ

8. ព្រម​ទាំង​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។

9. គេ​ត្រូវ​យក​ទឹក​លាង​ពោះ‌វៀន និង​ជើង​គោ រួច​បូជា‌ចារ្យ​ដុត​ទាំង​អស់​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

10. ប្រសិន​បើ​តង្វាយ​នោះ​ជា​ចៀម ឬ​ពពែ​ដែល​ត្រូវ​ថ្វាយ​ជា​តង្វាយ​ដុត​ទាំង​មូល គេ​ត្រូវ​យក​កូន​ចៀម​ឈ្មោល ឬ​កូន​ពពែ​ឈ្មោល​មួយ​ល្អ​ឥត​ខ្ចោះ។

11. គេ​ត្រូវ​ចាក់​ក​សត្វ​នៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​ព្រះ‌អម្ចាស់ ប៉ែក​ខាង​ជើង​អាសនៈ។ ពួក​បូជា‌ចារ្យ​ដែល​ជា​កូន​របស់​លោក​អើរ៉ុន ប្រោះ​ឈាម​សត្វ​នោះ​ទៅ​លើ​ជ្រុង​ទាំង​បួន​របស់​អាសនៈ។

12. គេ​កាប់​សាច់​ជា​ដុំៗ ហើយ​បូជា‌ចារ្យ​ដាក់​ដុំ​សាច់ ក្បាល និង​ខ្លាញ់ លើ​គំនរ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។

13. គេ​ត្រូវ​យក​ទឹក​មក​លាង​ពោះ‌វៀន និង​ជើង​សត្វ ហើយ​បូជា‌ចារ្យ​ថ្វាយ​អ្វីៗ​ទាំង​អស់​ទៅ​ព្រះ‌អម្ចាស់ រួច​ដុត​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ​ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់។

14. ប្រសិន​បើ​តង្វាយ​នោះ​ជា​សត្វ​ស្លាប ដែល​ត្រូវ​ថ្វាយ​តង្វាយ​ដុត​ទាំង​មូល​ចំពោះ​ព្រះ‌អម្ចាស់ គេ​ត្រូវ​យក​លលក ឬ​ព្រាប​ជំទើរ​មក​ថ្វាយ។

15. បូជា‌ចារ្យ​យក​សត្វ​នោះ​ទៅ​ថ្វាយ​នៅ​លើ​អាសនៈ គាត់​ត្រូវ​កាត់​ក្បាល​វា​ចេញ រួច​ដុត​នៅ​លើ​អាសនៈ។ បន្ទាប់​មក គាត់​ត្រូវ​សម្រក់​ឈាម​សត្វ​នោះ នៅ​លើ​គែម​របស់​អាសនៈ។

16. គាត់​ត្រូវ​យក​គែ​វា​ចេញ ព្រម​ទាំង​បោច​រោម​វា ហើយ​បោះ​ចោល​នៅ​ខាង​កើត​អាសនៈ ត្រង់​កន្លែង​ដាក់​ផេះ។

17. គាត់​ត្រូវ​ពុះ​សត្វ​ត្រង់​ចន្លោះ​ស្លាប តែ​មិន​ផ្ដាច់​វា​ចេញ​ជា​ពីរ​ចំណែក​ទេ រួច​ហើយ​បូជា‌ចារ្យ​ត្រូវ​ដុត​សត្វ​នោះ​លើ​អុស​ដែល​ឆេះ​នៅ​លើ​អាសនៈ។ នេះ​ជា​តង្វាយ​ដុត​ទាំង​មូល ដែល​មាន​ក្លិន​ឈ្ងុយ ជា​ទី​គាប់​ព្រះ‌ហឫទ័យ​ព្រះ‌អម្ចាស់»។