ជំពូក

  1. 1
  2. 2
  3. 3

គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូអែល 2 Khmer Standard Version (KHSV)

ថ្ងៃ​របស់​ព្រះ‌អម្ចាស់

1. ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!ចូរ​នាំ​គ្នា​ស្រែក​ហ៊ោ​នៅ​លើ​ភ្នំ​ដ៏‌វិសុទ្ធរបស់​ព្រះ‌ជាម្ចាស់!ចូរ​ឲ្យ​អ្នក​ស្រុក​ទាំង​អស់​ញ័រ​រន្ធត់!ដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​កំពុង​តែ​មកថ្ងៃ​នោះ​នៅ​ជិត​បង្កើយ។

2. ថ្ងៃ​នោះ​ជា​ថ្ងៃ​ងងឹត​អន្ធការជា​ថ្ងៃ​ដែល​មាន​ពពក និង​ចុះ​អ័ព្ទ។ហ្វូង​កណ្ដូប​ដ៏​ច្រើន​លើស‌លប់ប្រៀប​បាន​នឹង​កង‌ទ័ព​ខ្លាំង​ពូកែកំពុង​តែ​ចូល​មក ដូច​ពន្លឺ​នៅ​ពេល​ថ្ងៃ​រះចាំង​មក​លើ​ភ្នំ។តាំង​ពី​ដើម​មក​មិន​ដែល​មាន​ដូច្នេះ​ទេហើយ​នៅ​ពេល​ខាង​មុខ រហូត​ត​រៀង​ទៅក៏​មិន​មាន​ទៀត​ដែរ។

3. នៅ​ពី​មុខ​ពួក​វា មាន​ដូច​ជា​ភ្លើង​ឆាប‌ឆេះនៅ​ពី​ក្រោយ មាន​ដូច​ជា​អណ្ដាត​ភ្លើង​ដែលឆេះ​បំផ្លាញ​ទាំង​អស់នៅ​មុខ​ពួក​វា ស្រុក​ប្រៀប​ដូច​ជា​សួន​អេដែនលុះ​ពួក​វា​ឆ្លង​ផុត ស្រុក​នោះ​ប្រៀប​ដូច​ជាវាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែងគឺ​គ្មាន​អ្វី​គេច​ផុត​ពី​ពួក​វា​បាន​ទេ។

4. ពួក​វា​ប្រៀប​បី​ដូច​ជា​ទ័ព​សេះពួក​វា​បោល​ទៅ​មុខ​ដូច​កង‌ពល​សេះ

5. សន្ធឹក​របស់​ពួក​វា​ឮ​ដូច​សន្ធឹក​រទេះ​ចំបាំងដែល​បោះ‌ពួយ​ទៅ​មុខ​នៅ​លើ​កំពូល​ភ្នំ។សន្ធឹក​ពួក​វា​ឮ​សូរ​ដូច​ភ្លើង​ឆាប‌ឆេះ​ចំបើង។ពួក​វា​ប្រៀប​បី​ដូច​ជា​កង‌ទ័ព​ដ៏​ខ្លាំង​ពូកែតំរៀប​គ្នា​ចូល​ប្រយុទ្ធ។

6. ជាតិ​សាសន៍​នានា​ញ័រ​រន្ធត់​នៅ​មុខ​ពួក​វាមនុស្ស​គ្រប់ៗ​គ្នា​មាន​ទឹក​មុខ​ស្លេក‌ស្លាំង។

7. ពួក​វា​រត់​ទៅ​មុខ​ដូច​ទាហាន​ដ៏​អង់‌អាចពួក​វា​ឡើង​កំពែង​ដូច​អ្នក​ចំបាំង​ដ៏​ពូកែម្នាក់ៗ​សម្រុក​ទៅ​មុខដោយ​ឥត​ងាក​ចេញ​ពី​ផ្លូវ​របស់​ខ្លួន។

8. គ្មាន​នរណា​រុញ​អ្នក​ដែល​នៅ​ក្បែរ​ខ្លួន​ទេគឺ​ម្នាក់ៗ​សម្រុក​ទៅ​មុខ​យ៉ាង​ត្រង់ពួក​វា​លោត​ឆ្លង​ឧបសគ្គ​ទាំង‌ឡាយដោយ​ឥត​បែក​ចេញ​ពី​ជួរ​របស់​ខ្លួន​ឡើយ។

9. ពួក​វា​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុងរត់​នៅ​លើ​កំពែង​ក្រុងឡើង​តាម​បង្អួច​ចូល​ទៅ​ក្នុង​ផ្ទះ​នានាដូច​ចោរ​ចូល​លួច។

10. ផែនដី​ញ័រ​នៅ​មុខ​ពួក​វាផ្ទៃ​មេឃ​ក៏​កក្រើក​រំពើកព្រះ‌អាទិត្យ និង​ព្រះ‌ច័ន្ទ​បាត់​រស្មីហើយ​ផ្កាយ​ទាំង‌ឡាយ​នឹង​លែង​មាន​ពន្លឺ។

11. ព្រះ‌អម្ចាស់​ចេញ​បញ្ជា​ទៅ​កង‌ទ័ព​របស់​ព្រះ‌អង្គដែល​មាន​ចំនួន​ច្រើន​លើស‌លប់ និង​ខ្លាំង​ពូកែ។ពួក​វា​ធ្វើ​តាម​បញ្ជា​របស់​ព្រះ‌អង្គដ្បិត​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​ជា​ថ្ងៃ​ដ៏​មហិមានិង​គួរ​ឲ្យ​ស្ញែង​ខ្លាចគ្មាន​នរណា​អាច​ទ្រាំ‌ទ្រ​បាន​ឡើយ។

ការ​កែ​ប្រែ​ចិត្ត​គំនិត ដោយ​តម​អាហារ

12. «ឥឡូវ​នេះ ចូរ​នាំ​គ្នា​វិល​មក​រក​យើងដោយ​ស្មោះ​អស់​ពី​ចិត្តចូរ​តម​អាហារ យំ​សោក ហើយ​កាន់​ទុក្ខ»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់

13. ចូរ​កែ​ប្រែ​ចិត្ត​គំនិតកុំ​ហែក​តែ​សម្លៀក‌បំពាក់​ប៉ុណ្ណោះ!ចូរ​វិល​មក​រក​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​វិញដ្បិត​ព្រះ‌អង្គ​តែងតែ​ប្រណី​សន្ដោសព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរព្រះ‌អង្គ​មាន​ព្រះ‌ហឫទ័យ​អត់‌ធ្មត់ពោរ‌ពេញ​ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណាព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ដាក់​ទោស​ទេ។

14. ដូច្នេះ ប្រហែល​ជា​ព្រះ‌អង្គ​លែងដាក់​ទោស​អ្នក​រាល់​គ្នាហើយ​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​វិញគឺ​អ្នក​រាល់​គ្នា​នឹង​មាន​ម្សៅស្រា​ទំពាំង‌បាយជូរ និង​ប្រេងថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា។

15. ចូរ​ផ្លុំ​ស្នែង​នៅ​ក្រុង​ស៊ីយ៉ូន!ចូរ​ធ្វើ​ពិធី​តម​អាហារ ដើម្បី​ញែក​ខ្លួន​ជា​សក្ការៈហើយ​ប្រកាស​ពិធី​បុណ្យ​យ៉ាង​ឱឡា‌រិក!

16. ចូរ​ហៅ​ប្រជា‌ជន​មក​ជួប‌ជុំ​គ្នាជា​អង្គ​ប្រជុំ​ដ៏‌វិសុទ្ធចូរ​ប្រមូល​ពួក​ចាស់​ទុំ​ឲ្យ​មក​ជួប‌ជុំ​គ្នាចូរ​ប្រមូល​ផ្ដុំ​កូន​ក្មេងសូម្បី​តែ​ក្មេង​ដែល​នៅ​បៅ​ក៏​ឲ្យ​វា​មក​ដែរ!ចូរ​ឲ្យ​គូ​ស្វាមី​ភរិយា​ថ្មោង‌ថ្មី​ចេញ​ពី​បន្ទប់!

17. ចូរ​ឲ្យ​ក្រុម​បូជា‌ចារ្យ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់នាំ​គ្នា​យំ​សោក​នៅ​ចន្លោះ​ក្លោង​ទ្វារនិង​អាសនៈ ទាំង​ពោល​ថា: ព្រះ‌អម្ចាស់​អើយ សូម​អាណិត​មេត្តា​យើង​ខ្ញុំដែល​ជា​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ផង!សូម​កុំ​បណ្ដោយ​ឲ្យ​ប្រជា‌ជាតិ​ដទៃប្រមាថ​មាក់‌ងាយ និង​ចំអក​ដាក់​ប្រជា‌រាស្ត្ររបស់​ព្រះ‌អង្គ​ផ្ទាល់​នោះ​ឡើយ។សូម​កុំ​បណ្ដោយ​ឲ្យ​ជាតិ​សាសន៍​ទាំង‌ឡាយពោល​ថា “តើ​ព្រះ​របស់​ពួក​គេ​នៅ​ឯ​ណា”?

ព្រះ‌បន្ទូល​សន្យា

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌ហឫទ័យ​ស្រឡាញ់​ស្រុករបស់​ព្រះ‌អង្គ​ខ្លាំង​ណាស់ព្រះ‌អង្គ​អាណិត‌អាសូរ​ប្រជា‌ជន​របស់​ព្រះ‌អង្គ។

19. ព្រះ‌អម្ចាស់​ឆ្លើយ​តប​នឹង​ពាក្យ​ទូល‌អង្វរ​របស់​ពួក​គេព្រះ‌អង្គ​មាន​ព្រះ‌បន្ទូល​មក​ពួក​គេ​ថា:«មើល៍!​យើង​នឹង​ផ្ដល់​ស្រូវ ស្រា​ទំពាំង‌បាយជូរ​ថ្មីនិង​ប្រេង​ឲ្យ​អ្នក​រាល់​គ្នាអ្នក​រាល់​គ្នា​នឹង​បាន​សម្បូណ៌​ហូរ‌ហៀរយើង​នឹង​មិន​ប្រគល់​អ្នក​រាល់​គ្នា​ទៅ​ឲ្យប្រជា‌ជាតិ​ដទៃ​ប្រមាថ​មាក់‌ងាយ​ឡើយ។

20. យើង​បណ្ដេញ​ខ្មាំង​សត្រូវ​ដែល​មក​ពី​ស្រុកខាង​ជើង​ឲ្យ​ចេញ​ឆ្ងាយ​ពី​អ្នក​រាល់​គ្នាយើង​នឹង​កំចាត់​ពួក​គេ​ឲ្យ​ទៅ​នៅវាល​រហោ‌ស្ថាន​ដ៏​ស្ងួត​ហួត‌ហែង។យើង​នឹង​បោះ​ជួរ​ទ័ព​របស់​គេ​ដែល​នៅ​ខាង​មុខទៅ​ក្នុង​សមុទ្រ​ខាង​កើតហើយ​ជួរ​ទ័ព​ដែល​នៅ​ខាង​ក្រោយទៅ​ក្នុង​សមុទ្រ​ខាង​លិច។សាក‌សព​របស់​ពួក​គេ​នឹង​ចោល​ក្លិន​អសោចក្លិន​គំរង់​របស់​ពួក​គេ​ក៏​សាយ​ឡើង​ដែរដ្បិត​ពួក​គេ​បាន​ប្រព្រឹត្ត​អំពើ​ដ៏​ព្រៃ‌ផ្សៃ​បំផុត»។

21. ទឹក​ដី​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វីចូរ​ត្រេក​អរ​សប្បាយ​រីក‌រាយ​ឡើងដ្បិត​ព្រះ‌អម្ចាស់​បាន​ធ្វើ​ការ​ដ៏​អស្ចារ្យ​បំផុត!

22. សត្វ​ព្រៃ​ទាំង‌ឡាយ​អើយ ចូរ​កុំ​ភ័យ​បារម្ភ​អ្វីដ្បិត​វាល​ស្មៅ​នឹង​មាន​ស្មៅ​ដុះ​ខៀវ​ខ្ចី​ឡើង​វិញដើម​ឈើ​នឹង​មាន​ផ្លែហើយ​ដើម​ឧទុម្ពរ និង​ចម្ការ​ទំពាំង‌បាយជូរក៏​បង្កើត​ភោគ‌ផល​ឡើង​វិញ​ដែរ។

23. អ្នក​រាល់​គ្នា​ជា​ប្រជា‌ជន​នៅ​ក្រុង​ស៊ីយ៉ូន​អើយចូរ​អរ​សប្បាយ​រីក‌រាយ​ឡើងដ្បិត​ព្រះ‌អម្ចាស់​ជា​ព្រះ​របស់​អ្នក​រាល់​គ្នាប្រទាន​ទឹក​ភ្លៀង​មក​សង្គ្រោះ​អ្នក​រាល់​គ្នា​ហើយ!ព្រះ‌អង្គ​បង្អុរ​ភ្លៀង​មក​ឲ្យ​អ្នក​រាល់​គ្នាតាំង​ពី​ដើម​រដូវ​រហូត​ដល់​ចុង​រដូវដូច​កាល​ពី​មុន​ដែរ។

24. លាន​បោក​ស្រូវ​នឹង​មាន​ពោរ‌ពេញដោយ​ស្រូវ​ឡើង​វិញហើយ​ពាង​ក៏​មាន​ស្រា​ទំពាំង‌បាយជូរ​ថ្មីនិង​ប្រេង ពេញ​ហូរ‌ហៀរ​ឡើង​វិញ​ដែរ។

25. រីឯ​ភោគ‌ផល​របស់​អ្នក​រាល់​គ្នាខាត​បង់​ក្នុង​អំឡុង​ពេល​ប៉ុន្មាន​ឆ្នាំ​ដែលយើង​ចាត់​ហ្វូង​កណ្ដូប ចង្រិត ដង្កូវ និង​ក្រាដូច​កង‌ទ័ព​មួយ​យ៉ាង​ធំ ឲ្យ​មក​ស៊ី​បង្ហិនយើង​នឹង​សង​អ្នក​រាល់​គ្នា​វិញ។

26. អ្នក​រាល់​គ្នា​នឹង​មាន​អាហារ​បរិភោគយ៉ាង​ឆ្អែត​បរិបូណ៌រួច​អ្នក​រាល់​គ្នា​លើក​តម្កើង​ព្រះ‌នាម​ព្រះ‌អម្ចាស់ជា​ព្រះ​របស់​អ្នក​រាល់​គ្នាព្រោះ​ព្រះ‌អង្គ​បាន​ធ្វើ​ការ​អស្ចារ្យសម្រាប់​អ្នក​រាល់​គ្នា។ពេល​នោះ ប្រជា‌រាស្ត្រ​របស់​យើងនឹង​លែង​អាម៉ាស់​មុខ​ទៀត​ហើយ។

27. អ្នក​រាល់​គ្នា​នឹង​ទទួល​ស្គាល់​ថាយើង​គង់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែលយើង​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នាក្រៅ​ពី​យើង គ្មាន​ព្រះ​ណា​ផ្សេង​ទៀត​ទេពេល​នោះ ប្រជា‌ជន​របស់​យើងនឹង​លែង​អាម៉ាស់​ទៀត​ហើយ។

ព្រះ‌អម្ចាស់​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​លើ​មនុស្ស​ទាំង​អស់

28. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា:ក្រោយ​មក​ទៀតយើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើងមក​លើ​មនុស្ស​លោក​ទាំង​អស់។កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នានឹង​ថ្លែង​ព្រះ‌បន្ទូលពួក​ចាស់​ទុំ​របស់​អ្នក​រាល់​គ្នា​នឹង​យល់​សុបិន‌និមិត្តហើយ​ពួក​យុវជន​នឹង​និមិត្ត​ឃើញ​ការ​អស្ចារ្យ។

29. ក្រោយ​មក សូម្បី​តែ​អ្នក​បម្រើ​ប្រុស​ស្រីក៏​យើង​នឹង​ចាក់​បង្ហូរ​ព្រះ‌វិញ្ញាណ​របស់​យើងទៅ​លើ​ពួក​គេ​ដែរ។

30. យើង​នឹង​សម្តែង​ឫទ្ធិ‌បាដិហារិយ៍នៅ​លើ​មេឃ និង​នៅ​លើ​ផែនដីគឺ​មាន​ឈាម មាន​ភ្លើង និង​កំសួល​ផ្សែង។

31. ពេល​ថ្ងៃ​របស់​ព្រះ‌អម្ចាស់​មក​ដល់គឺ​ជា​ថ្ងៃ​ដ៏​ឧត្ដុង្គ‌ឧត្ដម គួរ​ឲ្យ​ស្ញែង​ខ្លាចព្រះ‌អាទិត្យ​នឹង​ប្រែ​ទៅ​ជា​ងងឹត បាត់​រស្មីព្រះ‌ច័ន្ទ​នឹង​ប្រែ​ទៅ​ជា​ឈាម។

32. ពេល​នោះ អ្នក​ណា​អង្វរ​រក​ព្រះ‌នាម ព្រះ‌អម្ចាស់ អ្នក​នោះ​នឹង​ទទួល​ការ​សង្គ្រោះ។នៅ​លើ​ភ្នំ​ស៊ីយ៉ូន និង​នៅ​ក្រុង​យេរូ‌សាឡឹមអ្នក​ខ្លះ​នឹង​គេច​ផុត​ពី​មហន្ត‌រាយដូច​ព្រះ‌អម្ចាស់​បាន​សន្យា​ទុក។អស់​អ្នក​ដែល​ព្រះ‌អម្ចាស់​ត្រាស់​ហៅនឹង​ស្ថិត​នៅ​ក្នុង​ចំណោម​អ្នក​រួច​ជីវិត​ទាំង​នោះ។