គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 9:9-19 Khmer Standard Version (KHSV)

9. ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ល្បី​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប

10. និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ពីរ​អង្គ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន ដែល​គង់​នៅ​ក្រុង​អាស‌ថារ៉ូត។

11. ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ ឲ្យ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជម្រាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អស់​លោក សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង!”

12. សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ​វា​រឹង ហើយ​ដុះ​ផ្សិត​អស់។

13. រីឯ​ថង់​ស្រា​វិញ​ក៏​ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀក‌បំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់​សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។

14. ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​ទូល​សួរ​យោបល់​ពី​ព្រះ‌អម្ចាស់​ឡើយ។

15. លោក​យ៉ូស្វេ​ក៏​ចង​សម្ពន្ធ‌មេត្រី​រក្សា​សន្តិ‌ភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​ឲ្យ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​បាន​សច្ចា​យ៉ាង​ឱឡា‌រិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធ‌មេត្រី​នេះ។

16. បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន។

17. ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។

18. ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជ្រុល‌ហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​រិះ‌គន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។

19. អ្នក​ដឹក​នាំ​ទាំង​អស់​បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះ‌ពាល់​ពួក​គេ​បាន​ឡើយ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 9