7. ជនជាតិអ៊ីស្រាអែលតបទៅជនជាតិហេវីទាំងនេះថា៖ «អ្នករាល់គ្នាប្រហែលជារស់នៅក្នុងចំណោមពួកយើងទេមើលទៅ! តើឲ្យយើងចងសម្ពន្ធមេត្រីជាមួយអ្នករាល់គ្នាដូចម្ដេចបាន?»។
8. ប៉ុន្តែ ពួកគេជម្រាបលោកយ៉ូស្វេថា៖ «យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់លោក»។ លោកយ៉ូស្វេសួរពួកគេថា៖ «តើអ្នករាល់គ្នាជានរណា? អ្នករាល់គ្នាមកពីណា»?
9. ពួកគេឆ្លើយថា៖ «យើងខ្ញុំប្របាទមកពីស្រុកឆ្ងាយណាស់ ព្រោះតែព្រះនាមដ៏ល្បីនៃព្រះអម្ចាស់ ជាព្រះរបស់លោក គឺយើងខ្ញុំបានឮពីកិច្ចការទាំងប៉ុន្មាន ដែលព្រះអង្គបានធ្វើនៅស្រុកអេស៊ីប
10. និងកិច្ចការទាំងប៉ុន្មានដែលព្រះអង្គបានធ្វើចំពោះស្ដេចរបស់ជនជាតិអាម៉ូរីទាំងពីរអង្គ នៅត្រើយខាងនាយទន្លេយ័រដាន់ គឺព្រះបាទស៊ីហុន ជាស្ដេចក្រុងហេសបូន និងព្រះបាទអុក ជាស្ដេចស្រុកបាសាន ដែលគង់នៅក្រុងអាសថារ៉ូត។
11. ពួកចាស់ទុំ និងប្រជាជនទាំងប៉ុន្មាននៅស្រុកយើងខ្ញុំបានប្រាប់យើងខ្ញុំ ឲ្យយកស្បៀងអាហារចេញដំណើរមកជួបអស់លោក ហើយជម្រាបថា: “យើងខ្ញុំសុទ្ធតែជាអ្នកបម្រើរបស់អស់លោក សូមចងសម្ពន្ធមេត្រីជាមួយយើងខ្ញុំឥឡូវនេះផង!”
12. សូមមើលនំបុ័ងរបស់យើងខ្ញុំចុះ នៅថ្ងៃដែលយើងខ្ញុំចេញដំណើរមកជួបអស់លោក គឺពេលយើងខ្ញុំយកចេញមកពីផ្ទះមកតាមខ្លួន វានៅក្ដៅៗទេ តែឥឡូវនេះវារឹង ហើយដុះផ្សិតអស់។
13. រីឯថង់ស្រាវិញក៏ដូច្នោះដែរ ពេលយើងខ្ញុំចាក់ស្រាបំពេញ វាថ្មីៗទេ តែឥឡូវនេះរហែកអស់។ សម្លៀកបំពាក់ និងស្បែកជើងរបស់យើងខ្ញុំក៏ចាស់សឹកអស់ដែរ ព្រោះយើងខ្ញុំបានធ្វើដំណើរដ៏សែនឆ្ងាយ»។
14. ជនជាតិអ៊ីស្រាអែលទទួលយកស្បៀងអាហារពីពួកគេ ដោយពុំបានទូលសួរយោបល់ពីព្រះអម្ចាស់ឡើយ។
15. លោកយ៉ូស្វេក៏ចងសម្ពន្ធមេត្រីរក្សាសន្តិភាពជាមួយពួកគេ គឺសន្យាទុកជីវិតឲ្យពួកគេ។ ពួកមេដឹកនាំសហគមន៍អ៊ីស្រាអែលបានសច្ចាយ៉ាងឱឡារិកជាមួយពួកគេថា នឹងគោរពសម្ពន្ធមេត្រីនេះ។
16. បីថ្ងៃក្រោយបានចងសម្ពន្ធមេត្រីជាមួយពួកគេ ទើបជនជាតិអ៊ីស្រាអែលដឹងថា អ្នកទាំងនោះជាអ្នកដែលរស់នៅជិតខាងខ្លួន។
17. ជនជាតិអ៊ីស្រាអែលទៅតាមពួកគេ ហើយនៅថ្ងៃទីបី ក៏បានទៅដល់ក្រុងរបស់គេ។ ក្រុងទាំងនោះគឺក្រុងគីបៀន ក្រុងកេភីរ៉ា ក្រុងបៀរ៉ុត និងក្រុងគារយ៉ាត-យារីម។
18. ជនជាតិអ៊ីស្រាអែលពុំបានប្រហារជីវិតពួកគេទេ ព្រោះអ្នកដឹកនាំសហគមន៍សច្ចាជាមួយពួកគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ជ្រុលហួសទៅហើយ ប៉ុន្តែ សហគមន៍អ៊ីស្រាអែលទាំងមូលនាំគ្នារអ៊ូរទាំរិះគន់ពួកអ្នកដឹកនាំរបស់ខ្លួន។
19. អ្នកដឹកនាំទាំងអស់បានប្រកាសប្រាប់សហគមន៍ទាំងមូលថា៖ «យើងបានសច្ចាជាមួយគេ ក្នុងព្រះនាមព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែលរួចហើយ ឥឡូវនេះ យើងមិនអាចប៉ះពាល់ពួកគេបានឡើយ។
20. យើងត្រូវប្រព្រឹត្តចំពោះពួកគេដូចតទៅ គឺយើងទុកជីវិតឲ្យគេ។ បើមិនដូច្នោះទេ នឹងនាំឲ្យខ្លួនយើងមានទោស ព្រោះតែពាក្យដែលយើងបានសច្ចាជាមួយពួកគេ»។
21. អ្នកដឹកនាំប្រជាជនបានពោលទៀតថា៖ «ទុកជីវិតឲ្យពួកគេចុះ! តែពួកគេត្រូវកាប់អុស និងដងទឹក សម្រាប់សហគមន៍ទាំងមូល»។ ប្រជាជនក៏ធ្វើតាមពាក្យរបស់ពួកមេដឹកនាំ។
22. លោកយ៉ូស្វេបានហៅអ្នកស្រុកគីបៀនមក ហើយមានប្រសាសន៍ទៅគេថា៖ «ម្ដេចក៏អ្នករាល់គ្នាបោកប្រាស់យើង ដោយពោលថាអ្នករាល់គ្នាមកពីស្រុកឆ្ងាយដូច្នេះ? តាមពិត អ្នករាល់គ្នារស់នៅក្នុងចំណោមពួកយើងទេតើ!
23. ដោយអ្នករាល់គ្នាធ្វើដូច្នេះ អ្នករាល់គ្នាត្រូវបណ្ដាសាហើយ! ប្រជាជនរបស់អ្នករាល់គ្នានឹងនៅជាទាសកររហូត គឺអ្នករាល់គ្នាត្រូវតែពុះអុស និងដងទឹក សម្រាប់ព្រះដំណាក់នៃព្រះរបស់ខ្ញុំ»។
24. ពួកគេឆ្លើយតបមកលោកយ៉ូស្វេថា៖ «យើងខ្ញុំបានឮគេរៀបរាប់យ៉ាងលំអិតនូវហេតុការណ៍ទាំងប៉ុន្មានដែលព្រះអម្ចាស់ ជាព្រះរបស់លោក បង្គាប់ដល់លោកម៉ូសេ ជាអ្នកបម្រើរបស់ព្រះអង្គ ឲ្យប្រគល់ស្រុកទាំងមូលដល់ពួកលោក និងឲ្យពួកលោកបំផ្លាញប្រជាជនទាំងអស់នៅក្នុងស្រុកនេះ។ យើងខ្ញុំខ្លាចពួកលោកយ៉ាងខ្លាំង ហើយក៏ភ័យបារម្ភចំពោះអាយុជីវិតរបស់យើងខ្ញុំដែរ នេះជាហេតុបណ្ដាលឲ្យយើងខ្ញុំប្រព្រឹត្តដូច្នេះ។