គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 9:3-16 Khmer Standard Version (KHSV)

3. អ្នក​ស្រុក​គីបៀន បាន​ឮ​អំពី​ការ​ទាំង​ប៉ុន្មាន​ដែល​លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ក្រុង​អៃ​ដែរ។

4. ដូច្នេះ ពួក​គេ​ប្រើ​ឧបាយ‌កល​បោក​ប្រាស់​លោក គឺ​គេ​រៀបចំ​ជា​ប្រតិភូ​ទៅ​ជួប​លោក ដោយ​យក​ទៃ​ចាស់ៗ និង​ថង់​ស្រា​ចាស់ៗ​ពេញ​ទៅ​ដោយ​បំណះ មក​ចង​នឹង​លា​របស់​ខ្លួន។

5. ពួក​គេ​ស្លៀក​សម្លៀក‌បំពាក់​ចាស់​រយីក‌រយាក និង​ពាក់​ស្បែក​ជើង​ចាស់​សឹក​ពេញ​ទៅ​ដោយ​ថ្នេរ។ រីឯ​នំបុ័ង​ដែល​គេ​យក​ទៅ​ជា​ស្បៀង​នោះ​សុទ្ធ​តែ​រឹង ហើយ​ដុះ​ផ្សិត​អស់។

6. ពួក​គេ​នាំ​គ្នា​ទៅ​ជួប​លោក​យ៉ូស្វេ​នៅ​ជំរំ​គីល‌កាល់ រួច​និយាយ​ទៅ​កាន់​លោក និង​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង ដ្បិត​យើង​ខ្ញុំ​មក​ពី​ស្រុក​ឆ្ងាយ»។

7. ជន‌ជាតិ​អ៊ីស្រា‌អែល​តប​ទៅ​ជន‌ជាតិ​ហេវី​ទាំង​នេះ​ថា៖ «អ្នក​រាល់​គ្នា​ប្រហែល​ជា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​មើល​ទៅ! តើ​ឲ្យ​យើង​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​អ្នក​រាល់​គ្នា​ដូច​ម្ដេច​បាន?»។

8. ប៉ុន្តែ ពួក​គេ​ជម្រាប​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​លោក»។ លោក​យ៉ូស្វេ​សួរ​ពួក​គេ​ថា៖ «តើ​អ្នក​រាល់​គ្នា​ជា​នរណា? អ្នក​រាល់​គ្នា​មក​ពី​ណា»?

9. ពួក​គេ​ឆ្លើយ​ថា៖ «យើង​ខ្ញុំ​ប្របាទ​មក​ពី​ស្រុក​ឆ្ងាយ​ណាស់ ព្រោះ​តែ​ព្រះ‌នាម​ដ៏​ល្បី​នៃ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក គឺ​យើង​ខ្ញុំ​បាន​ឮ​ពី​កិច្ចការ​ទាំង​ប៉ុន្មាន ដែល​ព្រះ‌អង្គ​បាន​ធ្វើ​នៅ​ស្រុក​អេស៊ីប

10. និង​កិច្ចការ​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ចំពោះ​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ពីរ​អង្គ នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់ គឺ​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​ក្រុង​ហេស‌បូន និង​ព្រះ‌បាទ​អុក ជា​ស្ដេច​ស្រុក​បាសាន ដែល​គង់​នៅ​ក្រុង​អាស‌ថារ៉ូត។

11. ពួក​ចាស់​ទុំ និង​ប្រជា‌ជន​ទាំង​ប៉ុន្មាន​នៅ​ស្រុក​យើង​ខ្ញុំ​បាន​ប្រាប់​យើង​ខ្ញុំ ឲ្យ​យក​ស្បៀង​អាហារ​ចេញ​ដំណើរ​មក​ជួប​អស់​លោក ហើយ​ជម្រាប​ថា: “យើង​ខ្ញុំ​សុទ្ធ​តែ​ជា​អ្នក​បម្រើ​របស់​អស់​លោក សូម​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​យើង​ខ្ញុំ​ឥឡូវ​នេះ​ផង!”

12. សូម​មើល​នំបុ័ង​របស់​យើង​ខ្ញុំ​ចុះ នៅ​ថ្ងៃ​ដែល​យើង​ខ្ញុំ​ចេញ​ដំណើរ​មក​ជួប​អស់​លោក គឺ​ពេល​យើង​ខ្ញុំ​យក​ចេញ​មក​ពី​ផ្ទះ​មក​តាម​ខ្លួន វា​នៅ​ក្ដៅៗ​ទេ តែ​ឥឡូវ​នេះ​វា​រឹង ហើយ​ដុះ​ផ្សិត​អស់។

13. រីឯ​ថង់​ស្រា​វិញ​ក៏​ដូច្នោះ​ដែរ ពេល​យើង​ខ្ញុំ​ចាក់​ស្រា​បំពេញ វា​ថ្មីៗ​ទេ តែ​ឥឡូវ​នេះ​រហែក​អស់។ សម្លៀក‌បំពាក់ និង​ស្បែក​ជើង​របស់​យើង​ខ្ញុំ​ក៏​ចាស់​សឹក​អស់​ដែរ ព្រោះ​យើង​ខ្ញុំ​បាន​ធ្វើ​ដំណើរ​ដ៏​សែន​ឆ្ងាយ»។

14. ជន‌ជាតិ​អ៊ីស្រា‌អែល​ទទួល​យក​ស្បៀង​អាហារ​ពី​ពួក​គេ ដោយ​ពុំ​បាន​ទូល​សួរ​យោបល់​ពី​ព្រះ‌អម្ចាស់​ឡើយ។

15. លោក​យ៉ូស្វេ​ក៏​ចង​សម្ពន្ធ‌មេត្រី​រក្សា​សន្តិ‌ភាព​ជា​មួយ​ពួក​គេ គឺ​សន្យា​ទុក​ជីវិត​ឲ្យ​ពួក​គេ។ ពួក​មេ​ដឹក​នាំ​សហគមន៍​អ៊ីស្រា‌អែល​បាន​សច្ចា​យ៉ាង​ឱឡា‌រិក​ជា​មួយ​ពួក​គេ​ថា នឹង​គោរព​សម្ពន្ធ‌មេត្រី​នេះ។

16. បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន។

សូមអានជំពូកពេញលេញ យ៉ូស្វេ 9