គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 9:16-27 Khmer Standard Version (KHSV)

16. បី​ថ្ងៃ​ក្រោយ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ពួក​គេ ទើប​ជន‌ជាតិ​អ៊ីស្រា‌អែល​ដឹង​ថា អ្នក​ទាំង​នោះ​ជា​អ្នក​ដែល​រស់​នៅ​ជិត​ខាង​ខ្លួន។

17. ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​តាម​ពួក​គេ ហើយ​នៅ​ថ្ងៃ​ទី​បី ក៏​បាន​ទៅ​ដល់​ក្រុង​របស់​គេ។ ក្រុង​ទាំង​នោះ​គឺ​ក្រុង​គីបៀន ក្រុង​កេភី‌រ៉ា ក្រុង​បៀរ៉ុត និង​ក្រុង​គារយ៉ាត-‌យារីម។

18. ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​ប្រហារ​ជីវិត​ពួក​គេ​ទេ ព្រោះ​អ្នក​ដឹក​នាំ​សហគមន៍​សច្ចា​ជា​មួយ​ពួក​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល ជ្រុល‌ហួស​ទៅ​ហើយ ប៉ុន្តែ សហគមន៍​អ៊ីស្រា‌អែល​ទាំង​មូល​នាំ​គ្នា​រអ៊ូ‌រទាំ​រិះ‌គន់​ពួក​អ្នក​ដឹក​នាំ​របស់​ខ្លួន។

19. អ្នក​ដឹក​នាំ​ទាំង​អស់​បាន​ប្រកាស​ប្រាប់​សហគមន៍​ទាំង​មូល​ថា៖ «យើង​បាន​សច្ចា​ជា​មួយ​គេ ក្នុង​ព្រះ‌នាម​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​រួច​ហើយ ឥឡូវ​នេះ យើង​មិន​អាច​ប៉ះ‌ពាល់​ពួក​គេ​បាន​ឡើយ។

20. យើង​ត្រូវ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​ដូច​ត​ទៅ គឺ​យើង​ទុក​ជីវិត​ឲ្យ​គេ។ បើ​មិន​ដូច្នោះ​ទេ នឹង​នាំ​ឲ្យ​ខ្លួន​យើង​មាន​ទោស ព្រោះ​តែ​ពាក្យ​ដែល​យើង​បាន​សច្ចា​ជា​មួយ​ពួក​គេ»។

21. អ្នក​ដឹក​នាំ​ប្រជា‌ជន​បាន​ពោល​ទៀត​ថា៖ «ទុក​ជីវិត​ឲ្យ​ពួក​គេ​ចុះ! តែ​ពួក​គេ​ត្រូវ​កាប់​អុស និង​ដង​ទឹក សម្រាប់​សហគមន៍​ទាំង​មូល»។ ប្រជា‌ជន​ក៏​ធ្វើ​តាម​ពាក្យ​របស់​ពួក​មេ​ដឹក​នាំ។

22. លោក​យ៉ូស្វេ​បាន​ហៅ​អ្នក​ស្រុក​គីបៀន​មក ហើយ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ម្ដេច​ក៏​អ្នក​រាល់​គ្នា​បោក​ប្រាស់​យើង ដោយ​ពោល​ថា​អ្នក​រាល់​គ្នា​មក​ពី​ស្រុក​ឆ្ងាយ​ដូច្នេះ? តាម​ពិត អ្នក​រាល់​គ្នា​រស់​នៅ​ក្នុង​ចំណោម​ពួក​យើង​ទេ​តើ!

23. ដោយ​អ្នក​រាល់​គ្នា​ធ្វើ​ដូច្នេះ អ្នក​រាល់​គ្នា​ត្រូវ​បណ្ដាសា​ហើយ! ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​នឹង​នៅ​ជា​ទាសករ​រហូត គឺ​អ្នក​រាល់​គ្នា​ត្រូវ​តែ​ពុះ​អុស និង​ដង​ទឹក សម្រាប់​ព្រះ‌ដំណាក់​នៃ​ព្រះ​របស់​ខ្ញុំ»។

24. ពួក​គេ​ឆ្លើយ​តប​មក​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​បាន​ឮ​គេ​រៀប​រាប់​យ៉ាង​លំអិត​នូវ​ហេតុ‌ការណ៍​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​លោក បង្គាប់​ដល់​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ ឲ្យ​ប្រគល់​ស្រុក​ទាំង​មូល​ដល់​ពួក​លោក និង​ឲ្យ​ពួក​លោក​បំផ្លាញ​ប្រជា‌ជន​ទាំង​អស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ខ្លាច​ពួក​លោក​យ៉ាង​ខ្លាំង ហើយ​ក៏​ភ័យ​បារម្ភ​ចំពោះ​អាយុ​ជីវិត​របស់​យើង​ខ្ញុំ​ដែរ នេះ​ជា​ហេតុ​បណ្ដាល​ឲ្យ​យើង​ខ្ញុំ​ប្រព្រឹត្ត​ដូច្នេះ។

25. ឥឡូវ​នេះ យើង​ខ្ញុំ​ស្ថិត​នៅ​ក្នុង​កណ្ដាប់​ដៃ​របស់​លោក​ហើយ សូម​ប្រព្រឹត្ត​ចំពោះ​យើង​ខ្ញុំ តាម​ដែល​លោក​យល់​ឃើញ​ថា​ល្អ និង​ត្រឹម​ត្រូវ​ចុះ»។

26. លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ពួក​គេ​បែប​នេះ គឺ​លោក​រំដោះ​ពួក​គេ​ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​សម្លាប់​ពួក​គេ​ទេ។

27. នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ប្រើ​ពួក​គេ​ឲ្យ​ពុះ​អុស ដង​ទឹក សម្រាប់​សហគមន៍ និង​សម្រាប់​អាសនៈ​របស់​ព្រះ‌អម្ចាស់។ រហូត​មក​ទល់​សព្វ​ថ្ងៃ កូន​ចៅ​របស់​ពួក​គេ​នៅ​តែ​បន្ត​បំពេញ​មុខ‌ងារ​នេះ​នៅ​កន្លែង​ដែល​ព្រះ‌អង្គ​ជ្រើស​រើស។

សូមអានជំពូកពេញលេញ យ៉ូស្វេ 9