គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 8:6-18 Khmer Standard Version (KHSV)

6. ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ

7. អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។

8. កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។

9. លោក​យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស្វេ​សម្រាន្ដ​ជា​មួយ​ប្រជា‌ជន។

10. លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។

11. ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទីក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទីក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។

12. លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។

13. កាល​ប្រជា‌ជន​បោះ​ទី​តាំង​ទ័ព​ទាំង​មូល នៅ​ខាង​ជើង​ទីក្រុង ហើយ​ទ័ព​ឆ្មក់​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​រួច​ហើយ យប់​នោះ លោក​យ៉ូស្វេ​ក៏​ទៅ​ស្នាក់​នៅ​កណ្ដាល​ជ្រលង​ភ្នំ។

14. ព្រលឹម​ឡើង កាល​ស្ដេច​ក្រុង​អៃ​ឃើញ​កង‌ទ័ព​របស់​លោក​យ៉ូស្វេ ស្ដេច​ក៏​ប្រញាប់‌ប្រញាល់​ចេញ​ពី​ទីក្រុង​ជា​មួយ​ពល​ទ័ព​ទាំង​អស់ ដើម្បី​ច្បាំង​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​ត្រង់​កន្លែង​ពី​មុន គឺ​នៅ​ទល់​មុខ​នឹង​វាល​អារ៉ាបា។ ពួក​គេ​ពុំ​បាន​ដឹង​ថា មាន​ទ័ព​បង្កប់​ខ្លួន​នៅ​ខាង​ក្រោយ​ទីក្រុង ចាំ​វាយ​ឆ្មក់​ពួក​គេ​ឡើយ។

15. លោក​យ៉ូស្វេ និង​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​ធ្វើ​ជា​ចាញ់ នៅ​មុខ​ពួក​គេ ហើយ​រត់​តម្រង់​ទៅ​វាល​រហោ‌ស្ថាន។

16. ពួក​គេ​បញ្ជា​ឲ្យ​ទាហាន​ក្នុង​ក្រុង​ទាំង​មូល​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល។ ពួក​គេ​នាំ​គ្នា​ដេញ​តាម​លោក​យ៉ូស្វេ ជា​ហេតុ​ធ្វើ​ឲ្យ​ពួក​គេ​ចាក​ចេញ​ឆ្ងាយ​ពី​ទីក្រុង។

17. នៅ​ក្នុង​ក្រុង​អៃ និង​ក្រុង​បេត‌អែល គ្មាន​សេស‌សល់​ទាហាន​ណា​ម្នាក់​ទេ គឺ​ពួក​គេ​បាន​ចេញ​ទៅ​ដេញ​តាម​ទ័ព​អ៊ីស្រា‌អែល ដោយ​ទុក​ទីក្រុង​ចោល ឥត​មាន​នរណា​ការពារ។

18. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ចូរ​លើក​លំពែង​ដែល​អ្នក​កាន់​នោះ​តម្រង់​ទៅ​ក្រុង​អៃ ដ្បិត​យើង​ប្រគល់​ក្រុង​នេះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ»។ លោក​យ៉ូស្វេ​លើក​លំពែង​ដែល​លោក​កាន់ តម្រង់​ទៅ​រក​ក្រុង។

សូមអានជំពូកពេញលេញ យ៉ូស្វេ 8