គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 8:25-33 Khmer Standard Version (KHSV)

25. អ្នក​ក្រុង​អៃ​ទាំង​ប្រុស​ទាំង​ស្រី​ដែល​ស្លាប់​នៅ​ថ្ងៃ​នោះ មាន​ចំនួន​ទាំង​អស់​មួយ​ម៉ឺន​ពីរ​ពាន់​នាក់។

26. លោក​យ៉ូស្វេ​ឥត​ទម្លាក់​ដៃ​ទាល់​តែ​សោះ គឺ​លោក​លើក​លំពែង​ឡើង រហូត​ទាល់​តែ​ជន‌ជាតិ​អ៊ីស្រា‌អែល​បំផ្លាញ​អ្នក​ក្រុង​អៃ​អស់​គ្មាន​សល់។

27. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ប្រមូល​យក​ហ្វូង​សត្វ និង​អ្វីៗ​ដែល​មាន​នៅ​ក្នុង​ក្រុង​នោះ ទុក​ជា​ជយ‌ភ័ណ្ឌ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​យ៉ូស្វេ។

28. លោក​យ៉ូស្វេ​ដុត​បំផ្លាញ​ក្រុង​អៃ​ឲ្យ​ក្លាយ​ទៅ​ជា​ផេះ ហើយ​នៅ​ស្ងាត់​ជ្រងំ​រហូត​ដល់​សព្វ​ថ្ងៃ។

29. រីឯ​ស្ដេច​ក្រុង​អៃ​វិញ លោក​យ៉ូស្វេ​បាន​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​មួយ ទុក​រហូតទល់​ល្ងាច។ លុះ​ដល់​ថ្ងៃ​លិច លោក​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​ចោល​នៅ​មាត់​ទ្វារ​ក្រុង។ គេ​យក​ដុំ​ថ្ម​មក​គរ​ពី​លើ​ជា​គំនរ​យ៉ាង​ធំ ដែល​នៅ​ស្ថិត‌ស្ថេរ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

30. លោក​យ៉ូស្វេ​សង់​អាសនៈ​ថ្វាយ​ព្រះ‌អម្ចាស់​ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នៅ​លើ​ភ្នំ​អេបាល

31. ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ដូច​មាន​ចែង​ក្នុង​គម្ពីរ​វិន័យ​របស់​លោក​ម៉ូសេ​ថា «អាសនៈ​ត្រូវ​ធ្វើ​ពី​ថ្ម ដែល​មិន​ទាន់​មាន​នរណា​យក​ដែក​មក​ដាប់​ពី​លើ»។ ជន‌ជាតិ​អ៊ីស្រា‌អែល​យក​សត្វ​មក​ធ្វើ​ជា​តង្វាយ​ដុត​ទាំង​មូល ថ្វាយ​ព្រះ‌អម្ចាស់ ព្រម​ទាំង​ថ្វាយ​យញ្ញ‌បូជា​មេត្រី‌ភាព​ផង។

32. លោក​យ៉ូស្វេ​ចម្លង​ក្រឹត្យ‌វិន័យ​ដែល​លោក​ម៉ូសេ​បាន​ចែង​ទុក ដោយ​ចារ​លើ​ថ្ម នៅ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល។

33. ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ក្រុម​ព្រឹទ្ធា‌ចារ្យ ពួក​នាយ​ក្រុម និង​ក្រុម​អភិបាល ព្រម​ទាំង​ជន​បរទេស​ដែល​រស់​នៅ​ជា​មួយ​ពួក​គេ នាំ​គ្នា​ឈរ​អម​សង​ខាង​ហិប​នៃ​សម្ពន្ធ‌មេត្រី គឺ​នៅ​ទល់​មុខ​នឹង​ក្រុម​បូជា‌ចារ្យ​លេវី ជា​អ្នក​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់។ ប្រជា‌ជន​ចំនួន​ពាក់​កណ្ដាល​ឈរ​ខាង​ភ្នំ​កេរី‌ស៊ីម ពាក់​កណ្ដាល​ទៀត ឈរ​ខាង​ភ្នំ​អេបាល ស្រប​តាម​សេចក្ដី​ដែល​លោក​ម៉ូសេ ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ បាន​បង្គាប់​មក ក្នុង​ពេល​ដែល​ត្រូវ​ឲ្យ​ពរ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ យ៉ូស្វេ 8