គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 8:1-12 Khmer Standard Version (KHSV)

1. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​អ្នក​នាំ​ទ័ព​ទាំង​អស់​ឡើង​ទៅ​ជា​មួយ ហើយ​វាយ​យក​ក្រុង​អៃ​ចុះ។ មើល៍! យើង​ប្រគល់​ស្ដេច​ក្រុង​អៃ ប្រជា‌ជន​នៅ​ក្នុង​ក្រុង និង​ស្រុក​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ។

2. ត្រូវ​ប្រព្រឹត្ត​ចំពោះ​ក្រុង​អៃ និង​ស្ដេច​របស់​គេ​ដូច​អ្នក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ក៏​ប៉ុន្តែ លើក​នេះ អ្នក​អាច​យក​របស់​ទ្រព្យ និង​ហ្វូង​សត្វ​របស់​គេ ទុក​ជា​ជយ‌ភ័ណ្ឌ​បាន។ ចូរ​រៀប‌ចំ​ទ័ព​វាយ​ឆ្មក់​ទីក្រុង​ពី​ខាង​ក្រោយ»។

3. លោក​យ៉ូស្វេ​នាំ​កង‌ទ័ព​ទាំង​មូល​ឆ្ពោះ​ទៅ​ក្រុង​អៃ​ជា​ប្រញាប់។ លោក​ជ្រើស​រើស​ពល​ទាហាន​ដ៏​អង់‌អាច​បី​ម៉ឺន​នាក់ ហើយ​ចាត់​គេ​ឲ្យ​ចេញ​ទៅ​ទាំង​យប់។

4. លោក​បញ្ជា​ពួក​គេ​ថា៖ «ចូរ​នាំ​គ្នា​ទៅ​បង្កប់​ខ្លួន​ពី​ក្រោយ​ទីក្រុង តែ​កុំ​ទៅ​ឆ្ងាយ​ពី​ទីក្រុង​ពេក។ ចូរ​ត្រៀម​ខ្លួន​ទាំង​អស់​គ្នា!

5. រីឯ​ខ្ញុំ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​ខ្ញុំ នឹង​ចូល​ទៅ​ជិត​ទីក្រុង។ កាល​ណា​ពួក​គេ​ចេញ​មក​វាយ​យើង​ដូច​ពី​លើក​មុន យើង​នឹង​រត់​នៅ​មុខ​ពួក​គេ។

6. ពួក​គេ​មុខ​ជា​ចេញ​មក​ដេញ​តាម​យើង​ពី​ក្រោយ យើង​ទាក់‌ទាញ​ពួក​គេ​ឲ្យ​ចេញ​ឆ្ងាយ​ពី​ក្រុង។ ពួក​គេ​នឹង​គិត​ថា “ពួក​វា​បាក់​ទ័ព​រត់​នៅ​មុខ​យើង ដូច​ពី​លើក​មុន​ដែរ”។ នៅ​ពេល​ដែល​យើង​រត់​នៅ​មុខ​ពួក​គេ

7. អ្នក​រាល់​គ្នា​ត្រូវ​ស្ទុះ​ចេញ​ពី​កន្លែង​បង្កប់​ខ្លួន ចូល​ទៅ​ដណ្ដើម​យក​ទីក្រុង​ទៅ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​បាន​ប្រគល់​ក្រុង​នោះ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា​ហើយ។

8. កាល​អ្នក​រាល់​គ្នា​យក​ទីក្រុង​បាន ត្រូវ​ដុត​ចោល ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​ប្រាប់​ឲ្យ​អ្នក​រាល់​គ្នា​ធ្វើ។ ដូច្នេះ ត្រូវ​ធ្វើ​តាម​បញ្ជា​ដែល​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា!»។

9. លោក​យ៉ូស្វេ​ចាត់​ពួក​គេ​ឲ្យ​ចេញ​ទៅ ពួក​គេ​ក៏​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង​អៃ គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។ យប់​នោះ លោក​យ៉ូស្វេ​សម្រាន្ដ​ជា​មួយ​ប្រជា‌ជន។

10. លោក​យ៉ូស្វេ​ក្រោក​ឡើង​ពី​ព្រលឹម ហើយ​ត្រួត​ពល។ បន្ទាប់​មក លោក​ដើរ​ជា​មួយ​ពួក​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល នាំ​មុខ​ប្រជា‌ជន​ឆ្ពោះ​ទៅ​ក្រុង​អៃ។

11. ទ័ព​ទាំង​ប៉ុន្មាន​ដែល​នៅ​ជា​មួយ​លោក​នាំ​គ្នា​ដើរ​ចូល​ទៅ​ជិត​ទីក្រុង។ ពេល​ទៅ​ដល់​ទល់​មុខ​នឹង​ទីក្រុង គេ​ក៏​បោះ​ជំរំ​នៅ​ទិស​ខាង​ជើង ហើយ​មាន​ជ្រលង​ភ្នំ​នៅ​ចន្លោះ​ពួក​គេ​នឹង​ក្រុង​អៃ។

12. លោក​យ៉ូស្វេ​យក​ទ័ព​ប្រមាណ​ប្រាំ​ពាន់​នាក់​ទៅ​បង្កប់​ខ្លួន​នៅ​ខាង​លិច​ទីក្រុង គឺ​នៅ​ចន្លោះ​ក្រុង​បេត‌អែល និង​ក្រុង​អៃ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 8