គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 7:1-15 Khmer Standard Version (KHSV)

1. ពេល​នោះ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បំពាន​លើ​ព្រះ‌បន្ទូល ដែល​ព្រះ‌អម្ចាស់​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់​របស់​អ្វី​នៅ​ក្រុង​យេរីខូ គឺ​មាន​បុរស​ម្នាក់​ឈ្មោះ​អេកាន ជា​កូន​របស់​លោក​កើមើ ជា​ចៅ​របស់​លោក​សាប‌ឌី និង​ជា​ចៅ‌ទួត​របស់​លោក​សេ‌រ៉ាស ក្នុង​កុល‌សម្ព័ន្ធ​យូដា បាន​យក​របស់​មួយ​ដែល​ព្រះ‌អម្ចាស់​ហាម​ឃាត់ ជា​ហេតុ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។

2. លោក​យ៉ូស្វេ​បាន​ចាត់​អ្នក​ខ្លះ​ពី​ក្រុង​យេរីខូ​ឲ្យ​ទៅ​ក្រុង​អៃ ដែល​នៅ​ជិត​បេត‌អាវេន នៅ​ខាង​កើត​បេត‌អែល ទាំង​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ស្រុក​នោះ»។ ពួក​គេ​ក៏​ឡើង​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​អៃ។

3. អ្នក​ទាំង​នោះ​វិល​មក​ជួប​លោក​យ៉ូស្វេ​វិញ ជម្រាប​ថា៖ «មិន​បាច់​ឲ្យ​ប្រជា‌ជន​ទាំង​មូល​ឡើង​ទៅ​វាយ​ទេ គឺ​ឲ្យ​តែ​ទ័ព​ពីរ ឬ​បី​ពាន់​នាក់ ឡើង​ទៅ​វាយ​យក​ក្រុង​អៃ​ប៉ុណ្ណោះ​បាន​ហើយ! អ្នក​ក្រុង​នោះ​មាន​គ្នា​តិច‌តួច​ទេ ដូច្នេះ មិន​បាច់​ចាត់​កង‌ទ័ព​ទាំង​មូល​ឲ្យ​ទៅ នាំ​ឲ្យ​ពិបាក​ឡើយ»។

4. ពេល​នោះ ទ័ព​អ៊ីស្រា‌អែល​ប្រមាណ​បី​ពាន់​នាក់​ក៏​ឡើង​ទៅ​វាយ​យក​ក្រុង​អៃ ប៉ុន្តែ ពួក​គេ​ត្រូវ​បាក់​ទ័ព។

5. អ្នក​ក្រុង​អៃ​បាន​សម្លាប់​ពួក​អ៊ីស្រា‌អែល​អស់​ប្រមាណ​សាម‌សិប​ប្រាំ​មួយ​នាក់ រួច​ដេញ​តាម​ពួក​គេ​ចាប់​ពី​ទ្វារ​ក្រុង រហូត​ទៅ​ដល់​ភូមិ​សេ‌បា‌រីម ហើយ​សម្លាប់​ពួក​គេ​នៅ​ត្រង់​ជម្រាល​ភ្នំ។ ប្រជា‌ជន​អ៊ីស្រា‌អែល​បាក់​ទឹក​ចិត្ត បាត់​បង់​សេចក្ដី​ក្លាហាន​អស់។

6. លោក​យ៉ូស្វេ និង​ព្រឹទ្ធា‌ចារ្យ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​ហែក​សម្លៀក‌បំពាក់​របស់​ខ្លួន រួច​ក្រាប​នៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ អោន​មុខ​ដល់​ដី រហូត​ដល់​ល្ងាច ពួក​លោក​យក​ធូលី​ដី​រោយ​លើ​ក្បាល​រៀងៗ​ខ្លួន។

7. លោក​យ៉ូស្វេ​ទូល​ថា៖ «ឱ​ព្រះ‌ជា‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នាំ​យើង​ខ្ញុំ​ឲ្យ​ឆ្លង​កាត់​ទន្លេ​យ័រដាន់ ហើយ​ប្រគល់​យើង​ខ្ញុំ​ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អាម៉ូរី ដើម្បី​ឲ្យ​យើង​ខ្ញុំ​វិនាស​សូន្យ​ដូច្នេះ? ហេតុ​ដូច​ម្ដេច​បាន​ជា​មិន​ទុក​យើង​ខ្ញុំ​ឲ្យ​នៅ​ត្រើយ​ខាង​នាយ​ទន្លេ​យ័រដាន់​វិញ?

8. ឱ​ព្រះ‌អម្ចាស់​អើយ! ឥឡូវ​នេះ តើ​ឲ្យ​ទូលបង្គំ​និយាយ​ដូច​ម្ដេច​កើត បើ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាក់​ទ័ព​នៅ​មុខ​ខ្មាំង​សត្រូវ​ដូច្នេះ?

9. ពេល​ជន‌ជាតិ​កាណាន និង​ជាតិ​សាសន៍​ទាំង​អស់​នៅ​ក្នុង​ស្រុក​ដឹង​រឿង​នេះ ពួក​គេ​មុខ​ជា​មក​ឡោម‌ព័ទ្ធ ហើយ​សម្លាប់​រង្គាល​យើង​ខ្ញុំ​ទាំង​អស់​គ្នា។ ដូច្នេះ តើ​ព្រះ‌អង្គ​ធ្វើ​យ៉ាង​ណា ដើម្បី​ការពារ​ព្រះ​កិត្តិនាម​របស់​ព្រះ‌អង្គ?»។

10. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «ក្រោក​ឡើង! ហេតុ​អ្វី​បាន​ជា​អ្នក​ក្រាប​ចុះ អោន​មុខ​ដល់​ដី​ដូច្នេះ?

11. ជន‌ជាតិ​អ៊ីស្រា‌អែល​ប្រព្រឹត្ត​អំពើ​បាប ដោយ​រំលោភ​លើ​សម្ពន្ធ‌មេត្រី​ដែល​យើង​បាន​ប្រគល់​ឲ្យ គឺ​ពួក​គេ​បាន​យក​របស់​ដែល​ត្រូវ​បំផ្លាញ​នោះ​ទុក​ខ្លះ ជា​របស់​ដែល​យើង​ហាម​មិន​ឲ្យ​ប៉ះ‌ពាល់។ ពួក​គេ​បាន​លួច​យក​ទៅ​លាក់​ទុក​ជា​មួយ​ឥវ៉ាន់​របស់​ខ្លួន។

12. ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​សត្រូវ​ទៀត​ទេ។ ពួក​គេ​បាក់​ទ័ព​រត់​នៅ​មុខ​សត្រូវ​ដូច្នេះ ព្រោះ​ពួក​គេ​មាន​ទោស ហើយ​ត្រូវ​វិនាស​អន្តរាយ។ ប្រសិន​បើ​អ្នក​រាល់​គ្នា​មិន​បំផ្លាញ​អ្វីៗ​ដែល​ត្រូវ​បំផ្លាញ​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ យើង​នឹង​លែង​នៅ​ជា​មួយ​អ្នក​រាល់​គ្នា​ទៀត​ហើយ!

13. ក្រោក​ឡើង ជម្រះ​ប្រជា‌ជន​ឲ្យ​វិសុទ្ធ! ត្រូវ​ប្រាប់​ពួក​គេ​ថា “ចូរ​ជម្រះ​ខ្លួន​ឲ្យ​វិសុទ្ធ*​សម្រាប់​ថ្ងៃ​ស្អែក ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ដូច​ត​ទៅ: អ៊ីស្រា‌អែល​អើយ! នៅ​ក្នុង​អ្នក​មាន​របស់​ដែល​ត្រូវ​បំផ្លាញ។ អ្នក​ពុំ​អាច​ប្រឈម​មុខ​តទល់​នឹង​ខ្មាំង​សត្រូវ​ឡើយ ដរាប​ណា​អ្នក​រាល់​គ្នា​មិន​ដក​របស់​ដែល​ត្រូវ​បំផ្លាញ​ចេញ​ពី​ក្នុង​ចំណោម​អ្នក​រាល់​គ្នា​ទេ​នោះ។

14. ព្រឹក​ឡើង អ្នក​រាល់​គ្នា​ត្រូវ​ចូល​មក​តាម​កុល‌សម្ព័ន្ធ។ ពេល​ព្រះ‌អម្ចាស់​ចង្អុល​កុល‌សម្ព័ន្ធ​ណា កុល‌សម្ព័ន្ធ​នោះ​ត្រូវ​ចូល​មក​តាម​អំបូរ ពេល​ព្រះ‌អម្ចាស់​ចង្អុល​អំបូរ​ណា អំបូរ​នោះ​ត្រូវ​ចូល​មក​តាម​ក្រុម​គ្រួសារ ហើយ​ពេល​ព្រះ‌អម្ចាស់​ចង្អុល​ក្រុម​គ្រួសារ​ណា ត្រូវ​ឲ្យ​មេ​ក្រុម​គ្រួសារ​នោះ​ចូល​មក​ម្នាក់​ម្ដងៗ។

15. ពេល​ប៉ះ​ចំ​លើ​អ្នក​ដែល​មាន​កំហុស ដោយ​លាក់​ទុក​របស់​ដែល​ត្រូវ​បំផ្លាញ ចូរ​ដុត​អ្នក​នោះ​ជា​មួយ​អ្វីៗ​ដែល​ខ្លួន​មាន ព្រោះ​គេ​បាន​រំលោភ​លើ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់ គឺ​គេ​បាន​ប្រព្រឹត្ត​អំពើ​មួយ​ដ៏​ថោក​ទាប​ក្នុង​ស្រុក​អ៊ីស្រា‌អែល”»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 7