គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 6:21-27 Khmer Standard Version (KHSV)

21. ពួក​គេ​បំផ្លាញ​អ្វីៗ​ទាំង​ប៉ុន្មាន​ដែល​មាន​នៅ​ក្នុង​ទីក្រុង ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ គឺ​ប្រហារ​មនុស្ស​ទាំង​ប្រុស ទាំង​ស្រី ទាំង​ក្មេង ទាំង​ចាស់ ទាំង​គោ ចៀម និង​លា ដោយ​មុខ​ដាវ។

22. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​បុរស​ទាំង​ពីរ​នាក់ ដែល​បាន​ទៅ​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ​ថា៖ «ចូរ​ទៅ​ផ្ទះ​ស្រី​ពេស្យា ហើយ​នាំ​នាង ព្រម​ទាំង​ក្រុម​គ្រួសារ​របស់​នាង​ចេញ​មក ដូច​អ្នក​បាន​ស្បថ​ជា​មួយ​គេ»។

23. យុវ‌បុរស​ទាំង​ពីរ​ដែល​ជា​អ្នក​ស៊ើប‌ការណ៍​ក៏​ចូល​ទៅ​ក្នុង​ផ្ទះ ហើយ​នាំ​នាង​រ៉ាហាប ឪពុក​ម្ដាយ បង‌ប្អូន និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង​ចេញ​មក។ ពួក​គេ​នាំ​ញាតិ‌សន្ដាន​ទាំង​អស់​របស់​នាង​ឲ្យ​ចេញ​មក ឲ្យ​នៅ​កន្លែង​ផុត​ពី​គ្រោះ​ថ្នាក់ ក្បែរ​ជំរំ​អ៊ីស្រា‌អែល។

24. ចំណែក​ឯ​ទីក្រុង​វិញ ពួក​គេ​ដុត​ចោល​ជា​មួយ​អ្វីៗ​ទាំង​អស់​ដែល​មាន​នៅ​ក្នុង​នោះ លើក‌លែង​តែ​មាស ប្រាក់ និង​វត្ថុ​ធ្វើ​ពី​លង្ហិន ឬ​ដែក ដែល​គេ​ដាក់​បញ្ចូល​ក្នុង​សម្បត្តិ​នៃ​ព្រះ​ដំណាក់​របស់​ព្រះ‌អម្ចាស់។

25. លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​នាង​រ៉ាហាប​ជា​ស្រី​ពេស្យា ព្រម​ទាំង​ក្រុម​គ្រួសារ និង​អស់​អ្នក​ដែល​នៅ​ជា​មួយ​នាង ដ្បិត​នាង​បាន​លាក់​បុរស​ទាំង​ពីរ ដែល​លោក​យ៉ូស្វេ​ចាត់​ឲ្យ​មក​ស៊ើប‌ការណ៍​នៅ​ក្រុង​យេរីខូ។ នាង​រស់​នៅ​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​ដល់​សព្វ​ថ្ងៃ។

26. នៅ​គ្រា​នោះ លោក​យ៉ូស្វេ​បាន​ប្រកាស​យ៉ាង​ឱឡា‌រិក៖ «អ្នក​ណា​ចង់​សង់​ក្រុង​យេរីខូ​នេះ​ឡើង​វិញ អ្នក​នោះ​មុខ​ជា​ត្រូវ​បណ្ដាសា​ពីព្រះ‌អម្ចាស់! គឺ​បើ​គេ​ហ៊ាន​ចាក់​គ្រឹះ កូន​ប្រុស​ច្បង​របស់​គេ​នឹង​ត្រូវ​ស្លាប់ ហើយ​បើ​គេ​ហ៊ាន​ដាក់​ទ្វារ​ក្រុង កូន​ពៅ​របស់​គេ​នឹង​ត្រូវ​ស្លាប់»។

27. ព្រះ‌អម្ចាស់​គង់​ជា​មួយ​លោក​យ៉ូស្វេ ហើយ​លោក​ក៏​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ខ្ចរ‌ខ្ចាយ ក្នុង​ស្រុក​នោះ​ទាំង​មូល។

សូមអានជំពូកពេញលេញ យ៉ូស្វេ 6