គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 6:1-10 Khmer Standard Version (KHSV)

1. ពេល​នោះ គេ​បិទ​ទ្វារ​ក្រុង​យេរីខូ​យ៉ាង​ជិត គ្មាន​នរណា​ម្នាក់​ចេញ​ចូល​បាន​ឡើយ ព្រោះ​គេ​ខ្លាច​ជន‌ជាតិ​អ៊ីស្រា‌អែល។

2. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «មើល! យើង​ប្រគល់​ក្រុង​យេរីខូ ទាំង​ស្ដេច ទាំង​ទាហាន​ដ៏​ខ្លាំង​ពូកែ​របស់​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​ហើយ។

3. អ្នក​រាល់​គ្នា និង​ពល​ទាហាន​ទាំង​អស់ ត្រូវ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ឲ្យ​បាន​មួយ​ជុំ​ក្នុង​មួយ​ថ្ងៃ។ ត្រូវ​ធ្វើ​ដូច្នេះ ចំនួន​ប្រាំ​មួយ​ថ្ងៃ។

4. ត្រូវ​ឲ្យ​បូជា‌ចារ្យ ប្រាំ‌ពីរ​នាក់​កាន់​ស្នែង​ចៀម​សម្រាប់​ផ្លុំ​ម្នាក់​មួយៗ ដើរ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី*។ លុះ​ដល់​ថ្ងៃ​ទី​ប្រាំ‌ពីរ អ្នក​រាល់​គ្នា​ត្រូវ​ដើរ​ជុំ‌វិញ​ទីក្រុង​ប្រាំ‌ពីរ​ជុំ រួច​ឲ្យ​ក្រុម​បូជា‌ចារ្យ​ផ្លុំ​ស្នែង​ចៀម។

5. ពេល​គេ​ផ្លុំ​ស្នែង​ចៀម ហើយ​ពេល​អ្នក​រាល់​គ្នា​ឮ​សំឡេង​ស្នែង ប្រជា‌ជន​ទាំង​មូល​ត្រូវ​ស្រែក​យ៉ាង​ខ្លាំង កំពែង​ក្រុង​មុខ​ជា​រលំ​ចុះ​នៅ​នឹង​កន្លែង ហើយ​ប្រជា‌ជន​ត្រូវ​សម្រុក​ចូល​ទៅ​ក្នុង​ទីក្រុង​រៀងៗ​ខ្លួន»។

6. លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ហៅ​ក្រុម​បូជា‌ចារ្យ​មក មាន​ប្រសាសន៍​ទៅ​ពួក​គេ​ថា៖ «សុំ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី ហើយ​ឲ្យ​បូជា‌ចារ្យ​ប្រាំ‌ពីរ​នាក់​កាន់​ស្នែង​ចៀម​ប្រាំ‌ពីរ ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។

7. បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «ចូរ​ដើរ​ព័ទ្ធ​ជុំ‌វិញ​ទីក្រុង ហើយ​ឲ្យ​ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់»។

8. ប្រជា‌ជន​ធ្វើ​តាម​ប្រសាសន៍​របស់​លោក​យ៉ូស្វេ គឺ​បូជា‌ចារ្យ​ប្រាំ‌ពីរ​រូប​ដែល​កាន់​ស្នែង​ចៀម​ទាំង​ប្រាំ‌ពីរ ដើរ​នៅ​ខាង​មុខ​ព្រះ‌អម្ចាស់ នាំ​គ្នា​ចេញ​ទៅ​ទាំង​ផ្លុំ​ស្នែង ហើយ​គេ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ដើរ​តាម​ក្រោយ។

9. ពល​ទាហាន​ប្រដាប់​អាវុធ​ដើរ​ខាង​មុខ​ក្រុម​បូជា‌ចារ្យ​ដែល​ផ្លុំ​ស្នែង ហើយ​ក៏​មាន​ពល​ទាហាន​ដើរ​ពី​ក្រោយ​ហិប​ដែរ។ ពួក​គេ​ដើរ​ទៅ​មុខ​តាម​សំឡេង​ស្នែង។

10. លោក​យ៉ូស្វេ​បញ្ជា​ទៅ​ប្រជា‌ជន​ថា៖ «កុំ​ស្រែក​ជយ‌ឃោស កុំ​បន្លឺ​សំឡេង កុំ​និយាយ​ស្ដី​អ្វី​ទាំង​អស់ រហូត​ដល់​ថ្ងៃ​ខ្ញុំ​ប្រាប់​អ្នក​រាល់​គ្នា​ឲ្យ​ស្រែក នោះ​សឹម​ស្រែក»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 6