17. លោកយ៉ូស្វេក៏បង្គាប់ទៅក្រុមបូជាចារ្យថា៖ «ចូរឡើងពីទន្លេយ័រដាន់មក!»។
18. ពេលក្រុមបូជាចារ្យដែលសែងហិបនៃសម្ពន្ធមេត្រីរបស់ព្រះអម្ចាស់ឡើងពីកណ្ដាលទន្លេយ័រដាន់ គឺនៅពេលដែលពួកគេលើកជើងជាន់ដីគោកភ្លាម ទឹកទន្លេយ័រដាន់ក៏ហូរដូចដើម តាមខ្សែទឹករបស់វាវិញ។
19. ប្រជាជនឡើងពីទន្លេយ័រដាន់ នាថ្ងៃទីដប់ ខែទីមួយ ហើយបោះជំរំត្រង់កន្លែងមួយឈ្មោះគីលកាល់ នៅព្រំប្រទល់ខាងកើតនៃក្រុងយេរីខូ។
20. រីឯថ្មទាំងដប់ពីរដុំ ដែលគេយកពីទន្លេយ័រដាន់មក លោកយ៉ូស្វេបានបញ្ឈរនៅគីលកាល់។
21. បន្ទាប់មក លោកមានប្រសាសន៍ទៅកាន់ជនជាតិអ៊ីស្រាអែលថា៖ «ថ្ងៃក្រោយ ពេលកូនចៅរបស់អ្នករាល់គ្នាសួរឪពុកថា “តើថ្មទាំងនេះមានន័យដូចម្ដេច?”។
22. អ្នករាល់គ្នាត្រូវរៀបរាប់ប្រាប់កូនចៅ អំពីគ្រាដែលប្រជាជនអ៊ីស្រាអែលបានដើរឆ្លងបាតទន្លេយ័រដាន់នេះ
23. ដ្បិតព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យទឹកទន្លេយ័រដាន់រីងស្ងួត នៅមុខអ្នករាល់គ្នា រហូតដល់អ្នករាល់គ្នាឆ្លងផុត ដូចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា បានធ្វើឲ្យសមុទ្រកក់ រីងស្ងួតនៅចំពោះមុខយើង រហូតទាល់តែយើងឆ្លងផុតដែរ។
24. ព្រះអម្ចាស់ធ្វើដូច្នេះ ដើម្បីឲ្យជាតិសាសន៍ទាំងអស់នៅលើផែនដីដឹងថា ព្រះអម្ចាស់មានឫទ្ធានុភាពដ៏ខ្លាំងពូកែ និងដើម្បីឲ្យអ្នករាល់គ្នាគោរពកោតខ្លាចព្រះអម្ចាស់ ជាព្រះរបស់អ្នករាល់គ្នារហូតតទៅ»។