គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 4:15-24 Khmer Standard Version (KHSV)

15. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖

16. «ចូរ​បង្គាប់​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សន្ធិ‌សញ្ញា ឲ្យ​ឡើង​ពី​ទន្លេ​យ័រដាន់​មក»។

17. លោក​យ៉ូស្វេ​ក៏​បង្គាប់​ទៅ​ក្រុម​បូជា‌ចារ្យ​ថា៖ «ចូរ​ឡើង​ពី​ទន្លេ​យ័រដាន់​មក!»។

18. ពេល​ក្រុម​បូជា‌ចារ្យ​ដែល​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អម្ចាស់​ឡើង​ពី​កណ្ដាល​ទន្លេ​យ័រដាន់ គឺ​នៅ​ពេល​ដែល​ពួក​គេ​លើក​ជើង​ជាន់​ដី​គោក​ភ្លាម ទឹក​ទន្លេ​យ័រដាន់​ក៏​ហូរ​ដូច​ដើម តាម​ខ្សែ​ទឹក​របស់​វា​វិញ។

19. ប្រជា‌ជន​ឡើង​ពី​ទន្លេ​យ័រដាន់ នា​ថ្ងៃ​ទី​ដប់ ខែ​ទី​មួយ ហើយ​បោះ​ជំរំ​ត្រង់​កន្លែង​មួយ​ឈ្មោះ​គីល‌កាល់ នៅ​ព្រំ‌ប្រទល់​ខាង​កើត​នៃ​ក្រុង​យេរីខូ។

20. រីឯ​ថ្ម​ទាំង​ដប់‌ពីរ​ដុំ ដែល​គេ​យក​ពី​ទន្លេ​យ័រដាន់​មក លោក​យ៉ូស្វេ​បាន​បញ្ឈរ​នៅ​គីល‌កាល់។

21. បន្ទាប់​មក លោក​មាន​ប្រសាសន៍​ទៅ​កាន់​ជន‌ជាតិ​អ៊ីស្រា‌អែល​ថា៖ «ថ្ងៃ​ក្រោយ ពេល​កូន​ចៅ​របស់​អ្នក​រាល់​គ្នា​សួរ​ឪពុក​ថា “តើ​ថ្ម​ទាំង​នេះ​មាន​ន័យ​ដូច​ម្ដេច?”។

22. អ្នក​រាល់​គ្នា​ត្រូវ​រៀប​រាប់​ប្រាប់​កូន​ចៅ អំពី​គ្រា​ដែល​ប្រជា‌ជន​អ៊ីស្រា‌អែល​បាន​ដើរ​ឆ្លង​បាត​ទន្លេ​យ័រដាន់​នេះ

23. ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​ទឹក​ទន្លេ​យ័រដាន់​រីង​ស្ងួត នៅ​មុខ​អ្នក​រាល់​គ្នា រហូត​ដល់​អ្នក​រាល់​គ្នា​ឆ្លង​ផុត ដូច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា បាន​ធ្វើ​ឲ្យ​សមុទ្រ​កក់ រីង​ស្ងួត​នៅ​ចំពោះ​មុខ​យើង រហូត​ទាល់​តែ​យើង​ឆ្លង​ផុត​ដែរ។

24. ព្រះ‌អម្ចាស់​ធ្វើ​ដូច្នេះ ដើម្បី​ឲ្យ​ជាតិ​សាសន៍​ទាំង​អស់​នៅ​លើ​ផែនដី​ដឹង​ថា ព្រះ‌អម្ចាស់​មាន​ឫទ្ធា‌នុភាព​ដ៏​ខ្លាំង​ពូកែ និង​ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា​រហូត​ត​ទៅ»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 4