គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 4:1-9 Khmer Standard Version (KHSV)

1. ពេល​ប្រជា‌ជាតិ​ទាំង​មូល​ឆ្លង​ទន្លេ​យ័រដាន់​រួច​អស់​ហើយ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖

2. «ចូរ​នាំ​គ្នា​ជ្រើស​រើស​យក​បុរស​ដប់‌ពីរ​នាក់ ពី​ចំណោម​ប្រជា‌ជន គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ

3. ហើយ​ត្រូវ​បង្គាប់​ពួក​គេ​ថា “ចូរ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​នេះ គឺ​ពី​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​ដាក់​ជើង​នោះ​ទៅ​ជា​មួយ ហើយ​ដាក់​នៅ​កន្លែង​ដែល​អ្នក​រាល់​គ្នា​ស្នាក់​ពេល​យប់”»។

4. លោក​យ៉ូស្វេ​ហៅ​បុរស​ដប់‌ពីរ​នាក់ ដែល​លោក​ជ្រើស​រើស​ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល គឺ​ម្នាក់​ក្នុង​កុល‌សម្ព័ន្ធ​នីមួយៗ​យក​ម្នាក់

5. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​គេ​ថា៖ «ចូរ​ទៅ​ខាង​មុខ​ហិប​របស់​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា គឺ​ទៅ​កណ្ដាល​ទន្លេ​យ័រដាន់។ នៅ​ទី​នោះ សូម​ឲ្យ​ម្នាក់ៗ​យក​ថ្ម​មួយ​ដុំ​មក​ដាក់​លើ​ស្មា តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល

6. ទុក​ជា​សញ្ញា​សម្គាល់​នៅ​កណ្ដាល​ចំណោម​អ្នក​រាល់​គ្នា។ ពេល​ក្រោយ កាល​ណា​កូន​ចៅ​អ្នក​រាល់​គ្នា​សួរ​ថា “តើ​ថ្ម​ទាំង​នេះ​មាន​អត្ថ‌ន័យ​ដូច​ម្ដេច?”

7. អ្នក​រាល់​គ្នា​ត្រូវ​ប្រាប់​គេ​ថា “ព្រះ‌អម្ចាស់​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់ នៅ​ខាង​មុខ​ហិប​នៃ​សម្ពន្ធ‌មេត្រី​របស់​ព្រះ‌អង្គ គឺ​នៅ​ពេល​គេ​សែង​ហិប​នោះ​ឆ្លង​ទន្លេ​យ័រដាន់ ព្រះ‌អង្គ​បាន​កាត់​ផ្ដាច់​ទឹក​ទន្លេ​យ័រដាន់។ ថ្ម​ទាំង​នេះ​ជា​ទី​រំឭក​សម្រាប់​ជន‌ជាតិ​អ៊ីស្រា‌អែល​រហូត​ត​ទៅ”»។

8. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​ធ្វើ​តាម​សេចក្ដី​ដែល​លោក​យ៉ូស្វេ​បង្គាប់ គឺ​យក​ថ្ម​ដប់‌ពីរ​ដុំ​ពី​កណ្ដាល​ទន្លេ​យ័រដាន់​តាម​ចំនួន​កុល‌សម្ព័ន្ធ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យ៉ូស្វេ។ ពួក​គេ​លី​ដុំ​ថ្ម​ទាំង​នេះ​ឆ្លង​ទៅ​ជា​មួយ រហូត​ដល់​កន្លែង​ស្នាក់​នៅ​ពេល​យប់ ហើយ​ទុក​នៅ​ទី​នោះ។

9. លោក​យ៉ូស្វេ​ឲ្យ​គេ​បញ្ឈរ​ថ្ម​ដប់‌ពីរ​ដុំ នៅ​កណ្ដាល​ទន្លេ​យ័រដាន់ ត្រង់​កន្លែង​ដែល​ក្រុម​បូជា‌ចារ្យ​សែង​ហិប​នៃ​សម្ពន្ធ‌មេត្រី​បាន​ឈរ។ ថ្ម​ទាំង​ដប់‌ពីរ​ក៏​នៅ​ទី​នោះ​រហូត​ដល់​សព្វ​ថ្ងៃ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 4