គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 24:7-14 Khmer Standard Version (KHSV)

7. បុព្វបុរស​របស់​អ្នក​រាល់​គ្នា​បាន​ស្រែក​អង្វរ​យើង យើង​ក៏​ដាក់​ពពក*​ដ៏​ក្រាស់​នៅ​ចន្លោះ​បុព្វបុរស​របស់​អ្នក​រាល់​គ្នា និង​ជន‌ជាតិ​អេស៊ីប ហើយ​យើង​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​គ្រប​ពី​លើ​ជន‌ជាតិ​អេស៊ីប លិច​លង់​អស់​ទៅ។ អ្នក​រាល់​គ្នា​ដឹង​ច្បាស់​ហើយ​ថា យើង​បាន​ប្រព្រឹត្ត​បែប​ណា​ចំពោះ​ជន‌ជាតិ​អេស៊ីប។ ប្រជា‌ជន​របស់​អ្នក​រាល់​គ្នា​រស់​នៅ​វាល​រហោ‌ស្ថាន​អស់​រយៈ​ពេល​ដ៏​យូរ‌លង់។

8. បន្ទាប់​មក យើង​នាំ​អ្នក​រាល់​គ្នា​មក​ដល់​ទឹក​ដី​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ខាង​កើត​ទន្លេ​យ័រដាន់។ ជន‌ជាតិ​អាម៉ូរី​ធ្វើ​សង្គ្រាម​ជា​មួយ​អ្នក​រាល់​គ្នា តែ​យើង​បាន​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា ហើយ​អ្នក​រាល់​គ្នា​ក៏​កាន់​កាប់​ទឹក​ដី​របស់​គេ។ យើង​បាន​ប្រល័យ​ពួក​គេ​ឲ្យ​បាត់​អស់​ពី​មុខ​អ្នក​រាល់​គ្នា។

9. ស្ដេច​បាឡាក់​ជា​បុត្រ​របស់​ស្ដេច​ស៊ីប‌ព័រ ដែល​គ្រង​រាជ្យ​នៅ​ស្រុក​ម៉ូអាប់ បាន​លើក​ទ័ព​មក​ច្បាំង​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល។ ស្ដេច​បាន​ចាត់​គេ​ឲ្យ​ទៅ​ហៅ​បាឡាម ជា​កូន​របស់​បេអ៊រ មក​ដាក់​បណ្ដាសា​អ្នក​រាល់​គ្នា។

10. ប៉ុន្តែ យើង​មិន​ព្រម​ស្ដាប់​ពាក្យ​បាឡាម​ទេ គឺ​គាត់​បែរ​ជា​ឲ្យ​ពរ​អ្នក​រាល់​គ្នា​វិញ ហើយ​យើង​ក៏​បាន​រំដោះ​អ្នក​រាល់​គ្នា​ឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​ស្ដេច​បាឡាក់។

11. អ្នក​រាល់​គ្នា​បាន​ឆ្លង​ទន្លេ​យ័រដាន់ មក​ដល់​ក្រុង​យេរីខូ។ មេ​ដឹក​នាំ​ក្រុង​យេរីខូ ដោយ​មាន​ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ពេរិ‌ស៊ីត ជន‌ជាតិ​កាណាន ជន‌ជាតិ​ហេត ជន‌ជាតិ​គើកា‌ស៊ី ជន‌ជាតិ​ហេវី និង​ជន‌ជាតិ​យេប៊ូស រួម​ជា​មួយ​ផង បាន​ប្រយុទ្ធ​តទល់​នឹង​អ្នក​រាល់​គ្នា ប៉ុន្តែ យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​រាល់​គ្នា។

12. យើង​បាន​ប្រើ​សត្វ​ឪម៉ាល់​ឲ្យ​ទៅ​មុន​អ្នក​រាល់​គ្នា ដើម្បី​ដេញ​កំចាត់​ស្ដេច​ទាំង​ពីរ​នៃ​ជន‌ជាតិ​អាម៉ូរី ឲ្យ​រត់​ចេញ​ពី​អ្នក​រាល់​គ្នា។ អ្នក​រាល់​គ្នា​មាន​ជ័យ‌ជំនះ​មិន​មែន​ដោយ‌សារ​ដាវ ឬ​ធ្នូ​របស់​អ្នក​រាល់​គ្នា​ឡើយ។

13. យើង​បាន​ប្រគល់​ស្រុក​មួយ​ឲ្យ​អ្នក​រាល់​គ្នា ដោយ​អ្នក​រាល់​គ្នា​មិន​បាន​នឿយ‌ហត់​ភ្ជួរ​រាស់ អ្នក​រាល់​គ្នា​មាន​ទីក្រុង​ស្នាក់​នៅ​ដោយ​អ្នក​រាល់​គ្នា​មិន​បាន​សង់ ហើយ​អ្នក​រាល់​គ្នា​បរិភោគ​ផ្លែ​ទំពាំង‌បាយជូរ និង​ផ្លែ​អូលីវ ពី​ចម្ការ​ដែល​អ្នក​រាល់​គ្នា​មិន​បាន​ដាំ”»។

14. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៀត​ថា៖ «ឥឡូវ​នេះ ចូរ​កោត​ខ្លាច​ព្រះ‌អម្ចាស់ និង​គោរព​បម្រើ​ព្រះ‌អង្គ ឲ្យ​អស់​ពី​ចិត្ត និង​ដោយ​ស្មោះ​ត្រង់​បំផុត។ ចូរ​ដក​យក​ព្រះ​ដទៃ​ដែល​បុព្វបុរស​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ នៅ​ខាង​នាយ​ទន្លេ​អឺប្រាត និង​នៅ​ស្រុក​អេស៊ីប​នោះ​ចោល​ទៅ ហើយ​នាំ​គ្នា​គោរព​បម្រើ​ព្រះ‌អម្ចាស់។

សូមអានជំពូកពេញលេញ យ៉ូស្វេ 24