គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 24:23-33 Khmer Standard Version (KHSV)

23. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ឥឡូវ​នេះ ចូរ​ដក​ព្រះ​ដទៃ ដែល​ស្ថិត​នៅ​កណ្ដាល​អ្នក​រាល់​គ្នា ចោល​ចេញ​ទៅ ហើយ​ផ្ចង់​ចិត្ត​គំនិត​ទៅ​រក​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​វិញ»។

24. ប្រជា‌ជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​ថា៖ «យើង​ខ្ញុំ​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ហើយ​ប្រតិបត្តិ​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ​ផង»។

25. នៅ​ថ្ងៃ​នោះ លោក​យ៉ូស្វេ​បាន​ចង​សម្ពន្ធ‌មេត្រី​ជា​មួយ​ប្រជា‌ជន​នៅ​ស៊ីគែម ហើយ​លោក​ចេញ​ច្បាប់ និង​វិន័យ​ឲ្យ​ពួក​គេ​កាន់​តាម​ទៀត​ផង។

26. លោក​យ៉ូស្វេ​ចារ​សេចក្ដី​ទាំង​នេះ​ទុក​នៅ​ក្នុង​គម្ពីរ​នៃ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌ជាម្ចាស់។ លោក​យក​ថ្ម​មួយ​ផ្ទាំង​យ៉ាង​ធំ មក​បញ្ឈរ​នៅ​ក្រោម​ដើម​ជ្រៃ ដែល​ស្ថិត​ក្នុង​កន្លែង​សក្ការៈ​របស់​ព្រះ‌អម្ចាស់។

27. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ទាំង​មូល​ថា៖ «មើល៍! ថ្ម​នេះ​ជា​សាក្សី​របស់​យើង​រាល់​គ្នា ដ្បិត​ថ្ម​នេះ​បាន​ឮ​សេចក្ដី​ទាំង​ប៉ុន្មាន​ដែល​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​យើង ថ្ម​នេះ​នឹង​ទៅ​ជា​សាក្សី រារាំង​អ្នក​រាល់​គ្នា​កុំ​ឲ្យ​ក្បត់​ព្រះ​របស់​អ្នក​រាល់​គ្នា»។

28. បន្ទាប់​មក លោក​យ៉ូស្វេ​បាន​ឲ្យ​ប្រជា‌ជន​វិល​ត្រឡប់​ទៅ​កាន់​ទឹក​ដី ដែល​ជា​មត៌ក​គេ​រៀងៗ​ខ្លួន​វិញ។

29. ក្រោយ​ព្រឹត្តិ‌ការណ៍​ទាំង​នោះ​មក លោក​យ៉ូស្វេ​ដែល​ជា​កូន​របស់​លោក​នូន និង​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់​ទទួល​មរណ‌ភាព​ក្នុង​ជន្មាយុ​មួយ​រយ​ដប់​ឆ្នាំ។

30. គេ​បាន​បញ្ចុះ​សព​លោក នៅ​ក្នុង​ទឹក​ដី ដែល​ជា​ចំណែក​មត៌ក​របស់​លោក​នៅ​ធីម៉្នាត-‌សេរ៉ា ក្នុង​តំបន់​ភ្នំ​អេប្រាអ៊ីម ខាង​ជើង​ភ្នំ​កាអាស។

31. ប្រជា‌ជន​អ៊ីស្រា‌អែល​គោរព​បម្រើ​ព្រះ‌អម្ចាស់ អស់​មួយ​ជីវិត​របស់​លោក​យ៉ូស្វេ។ ក្រោយ​ពី​លោក​យ៉ូស្វេ​ទទួល​មរណ‌ភាព​ផុត​ទៅ គេ​នៅ​តែ​គោរព​បម្រើ​ព្រះ‌អង្គ​ត​ទៅ​ទៀត ក្នុង​អំឡុង​ពេល​ពួក​ចាស់​ទុំ​នៅ​រស់​នៅ​ឡើយ​ដែរ គឺ​ចាស់​ទុំ​ដែល​បាន​ឃើញ​ព្រះ‌អម្ចាស់​សម្តែង​ការ​អស្ចារ្យ​ទាំង​ប៉ុន្មាន ដើម្បី​ជា​ប្រយោជន៍​ដល់​អ៊ីស្រា‌អែល។

32. រីឯ​ធាតុ​របស់​លោក​យ៉ូសែប ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​នាំ​យក​ពី​ស្រុក​អេស៊ីប​មក​នោះ គេ​បញ្ចុះ​នៅ​ស៊ីគែម ក្នុង​ចម្ការ​ដែល​លោក​យ៉ាកុប​បាន​ទិញ​ពី​កូន​ចៅ​លោក​ហា‌ម៉ោរ ជា​ឪពុក​របស់​លោក​ស៊ីគែម តម្លៃ​ជា​ប្រាក់​សុទ្ធ​មួយ​រយ​ស្លឹង ហើយ​ដី​នោះ​ស្ថិត​នៅ​ក្នុង​ទឹក​ដី​ដែល​ជា​ចំណែក​មត៌ក​របស់​កូន​ចៅ​លោក​យ៉ូសែប។

33. លោក​អេ‌ឡា‌សារ ជា​កូន​លោក​អើរ៉ុន ក៏​បាន​ទទួល​មរណ‌ភាព​ដែរ។ គេ​បាន​បញ្ចុះ​សព​លោក​នៅ​លើ​ភ្នំ​របស់​លោក​ភីនេ‌ហាស ជា​កូន គឺ​ទឹក​ដី​ដែល​លោក​បាន​ទទួល​នៅ​តំបន់​ភ្នំ​អេប្រាអ៊ីម។

សូមអានជំពូកពេញលេញ យ៉ូស្វេ 24