គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 24:15-21 Khmer Standard Version (KHSV)

15. ប៉ុន្តែ បើ​អ្នក​រាល់​គ្នា​មិន​ពេញ​ចិត្ត​គោរព​បម្រើ​ព្រះ‌អម្ចាស់​ទេ ចូរ​ជ្រើស​រើស​យក​ព្រះ​ណា​មួយ ដែល​អ្នក​រាល់​គ្នា​ពេញ​ចិត្ត​នឹង​គោរព​បម្រើ​នៅ​ថ្ងៃ​នេះ​ទៅ គឺ​មាន​ព្រះ​ដែល​បុព្វបុរស*​របស់​អ្នក​រាល់​គ្នា​ធ្លាប់​គោរព​បម្រើ​នៅ​ខាង​នាយ​ទន្លេ​អឺប្រាត ឬ​ព្រះ​របស់​ជន‌ជាតិ​អាម៉ូរី នៅ​ក្នុង​ស្រុក​ដែល​អ្នក​រាល់​គ្នា​ស្នាក់​នៅ​នេះ​ជា​ដើម។ រីឯ​ខ្ញុំ និង​ក្រុម​គ្រួសារ​របស់​ខ្ញុំ​វិញ យើង​នឹង​គោរព​បម្រើ​ព្រះ‌អម្ចាស់»។

16. ប្រជា‌ជន​ឆ្លើយ​ដូច​ត​ទៅ៖ «យើង​ខ្ញុំ​នឹង​មិន​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត​ជា​ដាច់​ខាត!

17. ដ្បិត​មាន​តែ​ព្រះ‌អម្ចាស់​នេះ​ហើយ​ជា​ព្រះ​នៃ​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ និង​បុព្វបុរស​របស់​យើង​ខ្ញុំ ចាក​ចេញ​ពី​ស្រុក​អេស៊ីប ជា​ស្រុក​ដែល​យើង​ខ្ញុំ​ធ្លាប់​ធ្វើ​ជា​ទាសករ។ ព្រះ‌អង្គ​បាន​សម្តែង​ការ​អស្ចារ្យ​ធំៗ​ឲ្យ​យើង​ខ្ញុំ​ឃើញ​ច្បាស់​នឹង​ភ្នែក គឺ​ព្រះ‌អង្គ​បាន​រក្សា​ការពារ​យើង​ខ្ញុំ​តាម​ផ្លូវ ដែល​យើង​ខ្ញុំ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ទឹក​ដី​របស់​ជាតិ​សាសន៍​នានា។

18. ព្រះ‌អម្ចាស់​បណ្ដេញ​ប្រជា‌ជន​ទាំង​ប៉ុន្មាន​ចេញ​ពី​មុខ​យើង​ខ្ញុំ ជា​ពិសេស ជន‌ជាតិ​អាម៉ូរី​ដែល​រស់​នៅ​ក្នុង​ស្រុក​នេះ។ យើង​ខ្ញុំ​ក៏​ចង់​គោរព​បម្រើ​ព្រះ‌អម្ចាស់​ដែរ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​នៃ​យើង​ខ្ញុំ»។

19. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ប្រជា‌ជន​ថា៖ «អ្នក​រាល់​គ្នា​មិន​អាច​គោរព​បម្រើ​ព្រះ‌អម្ចាស់​បាន​ទេ ដ្បិត​ព្រះ‌អង្គ​ជា​ព្រះ​ដ៏‌វិសុទ្ធ ហើយ​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​អ្នក​រាល់​គ្នា​គោរព​ព្រះ​មួយ​ណា​ទៀត​ឡើយ ព្រះ‌អង្គ​មិន​អាច​អត់‌ទោស​ចំពោះ​ការ​បះ‌បោរ និង​អំពើ​បាប​របស់​អ្នក​រាល់​គ្នា​ទេ។

20. ប្រសិន​បើ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ហើយ​ងាក​ទៅ​គោរព​បម្រើ​ព្រះ​ដទៃ​ទៀត ព្រះ‌អង្គ​នឹង​បែរ​មក​ដាក់​ទោស​អ្នក​រាល់​គ្នា ធ្វើ​ឲ្យ​អ្នក​រាល់​គ្នា​វិនាស​សាប‌សូន្យ ថ្វី‌ដ្បិត​តែ​ព្រះ‌អង្គ​ធ្លាប់​ប្រទាន​ពរ​ដល់​អ្នក​រាល់​គ្នា​រួច​មក​ហើយ​ក៏​ដោយ»។

21. ប្រជា‌ជន​ឆ្លើយ​តប​ទៅ​លោក​យ៉ូស្វេ​វិញ​ថា៖ «ទេ! យើង​ខ្ញុំ​គោរព​បម្រើ​ព្រះ‌អម្ចាស់​តែ​មួយ​ព្រះ‌អង្គ​ប៉ុណ្ណោះ»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 24