គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 17:1-7 Khmer Standard Version (KHSV)

1. កុល‌សម្ព័ន្ធ​ម៉ាណា‌សេ ដែល​ជា​កូន​ច្បង​របស់​លោក​យ៉ូសែប ក៏​បាន​ទទួល​ទឹក​ដី​មួយ​ចំណែក​ដែរ។ លោក​ម៉ាកៀរ ជា​កូន​ច្បង​របស់​លោក​ម៉ាណា‌សេ និង​ជា​ឪពុក​របស់​លោក​កាឡាដ បាន​ទទួល​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដ្បិត​គាត់​ជា​អ្នក​ចំបាំង​មួយ​រូប​ដ៏​ចំណាន។

2. រីឯ​កូន​ចៅ​ឯ​ទៀតៗ​របស់​លោក​ម៉ាណា‌សេ​ក៏​បាន​ទទួល​ទឹក​ដី​តាម​អំបូរ​របស់​ខ្លួន​ដែរ គឺ​កូន​ចៅ​របស់​លោក​អបៀ‌ស៊ើរ កូន​ចៅ​របស់​លោក​ហេឡេក កូន​ចៅ​របស់​លោក​អាស‌រាល កូន​ចៅ​របស់​លោក​ស៊ីគែម កូន​ចៅ​របស់​លោក​ហេភើរ និង​កូន​ចៅ​របស់​លោក​សេមី‌ដា។ អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​កូន​ប្រុស​របស់​លោក​ម៉ាណា‌សេ ដែល​ត្រូវ​ជា​កូន​របស់​លោក​យ៉ូសែប តាម​អំបូរ​របស់​ពួក​គេ។

3. លោក​ស្លូផិ‌ហាត ជា​កូន​របស់​លោក​ហេភើរ ជា​ចៅ​របស់​លោក​កាឡាដ ជា​ចៅ‌ទួត​របស់​លោក​ម៉ាកៀរ ដែល​ជា​កូន​របស់​លោក​ម៉ាណា‌សេ គ្មាន​កូន​ប្រុស​ទេ មាន​តែ​កូន​ស្រី​ដែល​មាន​ឈ្មោះ​ដូច​ត​ទៅ គឺ​នាង​ម៉ាឡា នាង​ណូហា នាង​ហុកឡា នាង​មីលកា និង​ធើសា។

4. នាង​ទាំង​នោះ​បាន​ទៅ​ជួប​លោក​បូជា‌ចារ្យ​អេ‌ឡា‌សារ និង​លោក​យ៉ូស្វេ ជា​កូន​របស់​លោក​នូន ព្រម​ទាំង​អស់​លោក​ដែល​ជា​មេ​ដឹក​នាំ​ប្រជា‌ជន ជម្រាប​ថា “ព្រះ‌អម្ចាស់​បាន​បង្គាប់​លោក​ម៉ូសេ​ឲ្យ​ប្រគល់​ទឹក​ដី​មក​ពួក​នាង​ខ្ញុំ ទុក​ជា​មត៌ក ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ពួក​នាង​ខ្ញុំ​ដែរ”។ គេ​ក៏​ប្រគល់​ទឹក​ដី​ឲ្យ​ពួក​នាង​ទុក​ជា​មត៌ក​ក្នុង​ចំណោម​ញាតិ‌សន្ដាន​ប្រុសៗ​របស់​ឪពុក​នាង ស្រប​តាម​បទ‌បញ្ជា​របស់​ព្រះ‌អម្ចាស់។

5. ដូច្នេះ កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ទទួល​ទឹក​ដី​ដប់​ចំណែក​ទៀត​ថែម​ពី​លើ​ទឹក​ដី​ស្រុក​កាឡាដ និង​ស្រុក​បាសាន ដែល​ស្ថិត​នៅ​ត្រើយ​ខាង​កើត​នៃ​ទន្លេ​យ័រដាន់

6. ដ្បិត​ក្នុង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ កូន​ចៅ​ស្រីៗ​ក៏​បាន​ទទួល​មត៌ក ក្នុង​ចំណោម​កូន​ចៅ​ប្រុសៗ​ដែរ។ រីឯ​ទឹក​ដី​ស្រុក​កាឡាដ​បាន​ទៅ​ជា​មត៌ក​របស់​កូន​ចៅ​ម៉ាណា‌សេ​ឯ​ទៀតៗ។

7. ទឹក​ដី​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​លាត​សន្ធឹង​ពី​ស្រុក​អេ‌ស៊ើរ​ទៅ​ក្រុង​មីគ‌មេថា ដែល​នៅ​ទល់​មុខ​នឹង​ស៊ីគែម ហើយ​លាត​សន្ធឹង​ទៅ​ខាង​ត្បូង រហូត​ដល់​ទឹក​ដី​អ្នក​ស្រុក​អេន-‌តាពួរ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 17