គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 15:1-18 Khmer Standard Version (KHSV)

1. ទឹក​ដី​ដែល​ជា​ចំណែក​របស់​កុល‌សម្ព័ន្ធ​យូដា តាម​អំបូរ​របស់​ពួក​គេ មាន​ដូច​ត​ទៅ: ទិស​ខាង​ត្បូង លាត​សន្ធឹង​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​អេដុម ដែល​មាន​វាល​រហោ‌ស្ថាន​ស៊ីន នៅ​ខាង​ត្បូង​បំផុត។

2. ព្រំ‌ប្រទល់​ខាង​ត្បូង​នេះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ចុង​សមុទ្រ​អំបិល គឺ​ជ្រោយ​ដែល​នៅ​ខាង​វាល​រហោ‌ស្ថាន​ណេកិប

3. រហូត​ទៅ​ដល់​ខាង​ត្បូង​ផ្លូវ​ដែល​ឆ្លង​កាត់​ច្រក​ភ្នំ​អាក្រា‌ប៊ីម និង​វាល​រហោ‌ស្ថាន​ស៊ីន ហើយ​ឡើង​ទៅ​ដល់​ខាង​ត្បូង​ស្រុក​កាដេស-‌បារនា រួច​បន្ត​ទៅ​ដល់​ហេត‌ស្រូន ឡើង​ទៅ​ដល់​អាដា និង​បត់​ទៅ​ការកា។

4. ទឹក​ដី​នោះ​លាត​សន្ធឹង​បន្ត​ទៅ​ទៀត ចាប់​ពី​អាស‌ម៉ូន​រហូត​ដល់​ទឹក​ធ្លាក់​នៅ​ស្រុក​អេស៊ីប ហើយ​ទៅ​ទល់​នឹង​សមុទ្រ​មេឌី‌ទែ‌រ៉ាណេ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ខាង​ត្បូង​របស់​កុល‌សម្ព័ន្ធ​យូដា។

5. រីឯ​ព្រំ‌ប្រទល់​ខាង​កើត​វិញ លាត​សន្ធឹង​ចាប់​តាំង​ពី​សមុទ្រ​អំបិល រហូត​ដល់​ចុង​ទន្លេ​យ័រដាន់។ ព្រំ‌ប្រទល់​ខាង​ជើង​លាត​សន្ធឹង​ចាប់​តាំង​ពី​ឈូង​សមុទ្រ ដែល​នៅ​ខាង​ចុង​ទន្លេ​យ័រដាន់

6. ឡើង​រហូត​ទៅ​ដល់​បេត-‌ហុកឡា កាត់​តាម​ខាង​ជើង​បេតអា‌រ៉ាបា ហើយ​ឡើង​ទៅ​ដល់​ផ្ទាំង​ថ្ម​បូហាន។ លោក​បូហាន​ត្រូវ​ជា​កូន​របស់​លោក​រូបេន។

7. ព្រំ‌ប្រទល់​នេះ​ក៏​ឡើង​ទៅ​ដល់​ក្រុង​ដេបៀរ ដោយ​កាត់​តាម​ជ្រលង​ភ្នំ​អាគ័រ រួច​បែរ​ទៅ​ខាង​ជើង​ក្បែរ​គីល‌កាល់ ដែល​នៅ​ទល់​មុខ​នឹង​ផ្លូវ​ឡើង​ទៅ​អាឌូ‌មីម ខាង​ត្បូង​ទឹក​ធ្លាក់។ បន្ទាប់​មក ព្រំ‌ប្រទល់​នេះ​ឡើង​ទៅ​ជិត​ប្រភព​ទឹក​អេន-‌សេ‌ម៉េស ហើយ​ទៅ​ដល់​អេន-‌រ៉ូកែល

8. រួច​ឡើង​ទៅ​ដល់​ជ្រលង​ភ្នំ​ហ៊ិនុម ដែល​នៅ​ជម្រាល​ខាង​ត្បូង​នៃ​ក្រុង​យេប៊ូស ពោល​គឺ​ក្រុង​យេរូ‌សាឡឹម​ឡើង​រហូត​ទៅ​ដល់​កំពូល​ភ្នំ ដែល​នៅ​ខាង​លិច​ជ្រលង​ភ្នំ​ហ៊ីនុម និង​នៅ​ចុង​ខាង​ជើង​ជ្រលង​ភ្នំ​រេផែម។

9. ព្រំ‌ប្រទល់​ចេញ​ពី​កំពូល​ភ្នំ​នោះ ឆៀង​ទៅ​រក​ប្រភព​ទឹក​ណិប‌តា ហើយ​បន្ត​ទៅ​ដល់​ក្រុង​នានា​នៃ​តំបន់​ភ្នំ​អេប្រូន បត់​ទៅ​តាម​ក្រុង​បាឡា ពោល​គឺ​ក្រុង​គារ‌យ៉ាត-‌យា‌រីម។

10. ពី​បាឡា ព្រំ‌ប្រទល់​នេះ​បត់​ទៅ​ខាង​លិច ដល់​ភ្នំ​សៀរ ដោយ​កាត់​តាម​ជម្រាល​ខាង​ជើង​នៃ​ភ្នំ​យារីម ពោល​គឺ​ភ្នំ​កេសា‌ឡូន ហើយ​ចុះ​ទៅ​ដល់​បេត‌សេ‌ម៉េស ដោយ​កាត់​តាម​ធីមណា

11. រួច​ទៅ​ដល់​ខាង​ជើង​ជម្រាល​ភ្នំ​អេក្រូន បត់​ទៅ​រក​ស៊ីក្រូន កាត់​តាម​ភ្នំ​បាឡា រហូត​ទៅ​ដល់​យ៉ាប់‌នាល និង​សមុទ្រ​មេឌី‌ទែរ៉ាណេ។

12. រីឯ​ព្រំ‌ប្រទល់​ខាង​លិច​គឺ​សមុទ្រ​មេឌី‌ទែរ៉ាណេ និង​តំបន់​ឆ្នេរ​សមុទ្រ។ នេះ​ហើយ​ជា​ព្រំ‌ប្រទល់​ជុំ‌វិញ​ទឹក​ដី​របស់​កូន​ចៅ​យូដា តាម​អំបូរ​របស់​គេ។

13. រីឯ​លោក​កាលែប​ជា​កូន​របស់​លោក​យេភូ‌នេ​វិញ គេ​បាន​ចែក​ទឹក​ដី​មួយ​ចំណែក​ក្នុង​ចំណោម​ជន‌ជាតិ​យូដា​ជូន​លោក ស្រប​តាម​បទ‌បញ្ជា​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​យ៉ូស្វេ។ ទឹក​ដី​នោះ​គឺ​ក្រុង​ហេប្រូន ដែល​ពី​ដើម​មាន​ឈ្មោះ​ថា គារ‌យ៉ាត-‌អើបា -លោក​អើបា​ត្រូវ​ជា​ឪពុក​របស់​លោក​អណាក់។

14. លោក​កាលែប​បាន​ដណ្ដើម​យក​ទឹក​ដី​នោះ​ពី​ពូជ‌ពង្ស​ទាំង​បី​របស់​លោក​អណាក់ គឺ​អំបូរ​សេសាយ​អំបូរ​អហ៊ី‌ម៉ាន និង​អំបូរ​តាល‌ម៉ាយ។

15. បន្ទាប់​មក លោក​បាន​ឡើង​ពី​ទី​នោះ​ទៅ​វាយ​លុក​អ្នក​ក្រុង​ដេបៀរ។ កាល​ពី​ដើម ក្រុង​ដេបៀរ​នេះ​មាន​ឈ្មោះ​ថា​គារ‌យ៉ាត-‌សេភើរ។

16. លោក​កាលែប​មាន​ប្រសាសន៍​ថា៖ «អ្នក​ណា​វាយ​យក​ក្រុង​គារ‌យ៉ាត-‌សេ‌ភើរ​បាន ខ្ញុំ​នឹង​លើក​នាង​អាក់‌សា កូន​ស្រី​របស់​ខ្ញុំ ឲ្យ​ធ្វើ​ជា​ប្រពន្ធ»។

17. លោក​អូធ្នាល ជា​កូន​របស់​លោក​កេណាស ហើយ​ត្រូវ​ជា​ក្មួយ​របស់​លោក​កាលែប វាយ​យក​ក្រុង​នោះ​បាន។ លោក​កាលែប​ក៏​លើក​នាង​អាក់‌សា ជា​កូន​ស្រី​របស់​លោក ឲ្យ​គាត់​ធ្វើ​ជា​ប្រពន្ធ។

18. កាល​នាង​បាន​ចូល​មក​រួម​រស់​ជា​មួយ​លោក​អូធ្នាល​ជា​ប្ដី​ហើយ នាង​ក៏​បបួល​ប្ដី​ឲ្យ​ទាម‌ទារ​យក​ដី​ស្រែ​ពី​ឪពុក។ ពេល​នាង​ចុះ​ពី​លើ​ខ្នង​សត្វ​លា លោក​កាលែប​សួរ​នាង​ថា៖ «តើ​កូន​មាន​ការ​អ្វី?»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 15