7. ឥឡូវនេះ ចូរបែងចែកទឹកដីកុលសម្ព័ន្ធទាំងប្រាំបួន និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាល ទុកជាមត៌កទៅ»។
8. កុលសម្ព័ន្ធរូបេន កុលសម្ព័ន្ធកាដ និងកុលសម្ព័ន្ធម៉ាណាសេចំនួនពាក់កណ្ដាលទៀត បានទទួលទឹកដីពីលោកម៉ូសេជាអ្នកបម្រើរបស់ព្រះអម្ចាស់ ទុកជាមត៌ករួចស្រេចទៅហើយ គឺនៅត្រើយខាងកើតទន្លេយ័រដាន់។
9. ទឹកដីរបស់គេលាតសន្ធឹងចាប់តាំងពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងចាប់តាំងពីទីក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំ ព្រមទាំងខ្ពង់រាបមេដេបាទាំងមូល រហូតដល់ក្រុងឌីបូន។
10. ទឹកដីនោះលាតសន្ធឹងរហូតដល់ព្រំប្រទល់នៃស្រុករបស់ជនជាតិអាំម៉ូន ពោលគឺក្រុងទាំងប៉ុន្មានរបស់ព្រះបាទស៊ីហុន ជាស្ដេចនៃជនជាតិអាម៉ូរី ដែលសោយរាជ្យនៅក្រុងហេសបូន
11. និងស្រុកកាឡាដទឹកដីស្រុកកេស៊ួរី និងម៉ាកាធី ព្រមទាំងតំបន់ភ្នំហ៊ើរម៉ូនទាំងមូល និងតំបន់បាសានទាំងមូល រហូតដល់សាលកា
12. ពោលគឺអាណាចក្រទាំងមូលរបស់ព្រះបាទអុក នៅស្រុកបាសាន ហើយជាជនជាតិរេផែមមួយរូប ក្នុងចំណោមជនជាតិរេផែមចុងក្រោយបង្អស់ ដែលសោយរាជ្យនៅក្រុងអាសថារ៉ូត និងក្រុងអេទ្រី។ លោកម៉ូសេបានវាយយកទឹកដីពីស្ដេចទាំងនោះ។
13. ក៏ប៉ុន្តែ ជនជាតិអ៊ីស្រាអែលពុំបានបណ្ដេញជនជាតិកេស៊ូរី និងជនជាតិម៉ាកាធីចេញពីទឹកដីនោះទេ ហេតុនេះហើយបានជាជនជាតិកេស៊ួរី និងជនជាតិម៉ាកាធី រស់នៅជាមួយជនជាតិអ៊ីស្រាអែល រហូតមកដល់សព្វថ្ងៃ។
14. មានតែកុលសម្ព័ន្ធលេវីប៉ុណ្ណោះដែលពុំបានទទួលទឹកដីជាមត៌ក ព្រោះពួកគេទទួលតង្វាយដុត ដែលប្រជាជនយកមកថ្វាយព្រះអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល។ នេះហើយជាមត៌ករបស់ពួកគេ ដូចព្រះអង្គបានបង្គាប់មកពួកគេ។
15. លោកម៉ូសេបានប្រគល់ទឹកដីមួយចំណែកឲ្យកុលសម្ព័ន្ធរូបេន ទៅតាមអំបូររៀងៗខ្លួន។
16. ទឹកដីរបស់គេលាតសន្ធឹងចាប់ពីក្រុងអារ៉ូអ៊ើរ ដែលស្ថិតនៅក្បែរទឹកធ្លាក់អើណូន និងក្រុងដែលស្ថិតនៅកណ្ដាលជ្រលងភ្នំនោះ ព្រមទាំងខ្ពង់រាបទាំងមូលនៅជិតមេដេបា