គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 13:2-16 Khmer Standard Version (KHSV)

2. ទឹក​ដី​ដែល​មិន​ទាន់​យក​បាន គឺ​ស្រុក​ភីលីស្ទីន​ទាំង​មូល និង​ស្រុក​កេស៊ូ‌រី​ទាំង​មូល

3. ពោល​គឺ​ទឹក​ដី​ដែល​ចាត់​ទុក​ថា​ជា​ទឹក​ដី​របស់​ជន‌ជាតិ​កាណាន លាត​សន្ធឹង​ចាប់​តាំង​ពី​ទឹក​ធ្លាក់​ស៊ីហោ នៅ​ព្រំ‌ប្រទល់​ស្រុក​អេស៊ីប រហូត​ដល់​តំបន់​អេក្រូន​នៅ​ទិស​ខាង​ជើង។ នៅ​លើ​ទឹក​ដី​នោះ មាន​នគរ​ប្រាំ​របស់​ជន‌ជាតិ​ភីលីស្ទីន ដែល​មាន​រាជ​ធានី​នៅ​ក្រុង​កាសា ក្រុង​អាស‌ដូឌ ក្រុង​អាស‌កាឡូន ក្រុង​កាថ និង​ក្រុង​អេក្រូន។ ជន‌ជាតិ​អាវីម​ក៏​រស់​នៅ​លើ​ទឹក​ដី​ដែរ។

4. នៅ​ខាង​ត្បូង មាន​ស្រុក​កាណាន​ទាំង​មូល និង​ក្រុង​មារ៉ា ដែល​ជា​កម្មសិទ្ធិ​របស់​ជន‌ជាតិ​ស៊ីដូន រហូត​ទៅ​ដល់​ក្រុង​អាផែក និង​ព្រំ‌ប្រទល់​ស្រុក​អាម៉ូរី

5. ស្រុក​កេបាល និង​ស្រុក​លីបង់​ទាំង​មូល ដែល​នៅ​ទិស​ខាង​កើត ចាប់​តាំង​ពី​បាល‌កាដ នៅ​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន រហូត​ដល់​ច្រក​ហា‌ម៉ាត់។

6. ក្នុង​នោះ​ក៏​មាន​ទឹក​ដី​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​ស៊ីដូន ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​ចាប់​តាំង​ពី​ភ្នំ​លីបង់​រហូត​ដល់​ក្រុង​មីស‌រិផូត-‌ម៉ែម​ដែរ។ យើង​នឹង​បណ្ដេញ​ជន‌ជាតិ​ទាំង​នោះ ចេញ​ពី​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ត្រូវ​បែង​ចែក​ទឹក​ដី​នោះ​ដល់​ជន‌ជាតិ​អ៊ីស្រា‌អែល ដូច​យើង​បាន​បង្គាប់​ដល់​អ្នក​ស្រាប់​ហើយ។

7. ឥឡូវ​នេះ ចូរ​បែង​ចែក​ទឹក​ដី​កុល‌សម្ព័ន្ធ​ទាំង​ប្រាំ​បួន និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល ទុក​ជា​មត៌ក​ទៅ»។

8. កុល‌សម្ព័ន្ធ​រូបេន កុល‌សម្ព័ន្ធ​កាដ និង​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់​កណ្ដាល​ទៀត បាន​ទទួល​ទឹក​ដី​ពី​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អម្ចាស់ ទុក​ជា​មត៌ក​រួច​ស្រេច​ទៅ​ហើយ គឺ​នៅ​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់។

9. ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ចាប់​តាំង​ពី​ទីក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ ព្រម​ទាំង​ខ្ពង់​រាប​មេដេ‌បា​ទាំង​មូល រហូត​ដល់​ក្រុង​ឌីបូន។

10. ទឹក​ដី​នោះ​លាត​សន្ធឹង​រហូត​ដល់​ព្រំ‌ប្រទល់​នៃ​ស្រុក​របស់​ជន‌ជាតិ​អាំម៉ូន ពោល​គឺ​ក្រុង​ទាំង​ប៉ុន្មាន​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៃ​ជន‌ជាតិ​អាម៉ូរី ដែល​សោយ​រាជ្យ​នៅ​ក្រុង​ហេស‌បូន

11. និង​ស្រុក​កាឡាដ​ទឹក​ដី​ស្រុក​កេ‌ស៊ួ‌រី និង​ម៉ាកា‌ធី ព្រម​ទាំង​តំបន់​ភ្នំ​ហ៊ើរ‌ម៉ូន​ទាំង​មូល និង​តំបន់​បាសាន​ទាំង​មូល រហូត​ដល់​សាល‌កា

12. ពោល​គឺ​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន ហើយ​ជា​ជន‌ជាតិ​រេផែម​មួយ​រូប ក្នុង​ចំណោម​ជន‌ជាតិ​រេផែម​ចុង​ក្រោយ​បង្អស់ ដែល​សោយ​រាជ្យ​នៅ​ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី។ លោក​ម៉ូសេ​បាន​វាយ​យក​ទឹក​ដី​ពី​ស្ដេច​ទាំង​នោះ។

13. ក៏​ប៉ុន្តែ ជន‌ជាតិ​អ៊ីស្រា‌អែល​ពុំ​បាន​បណ្ដេញ​ជន‌ជាតិ​កេស៊ូ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី​ចេញ​ពី​ទឹក​ដី​នោះ​ទេ ហេតុ​នេះ​ហើយ​បាន​ជា​ជន‌ជាតិ​កេស៊ួ‌រី និង​ជន‌ជាតិ​ម៉ាកា‌ធី រស់​នៅ​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល រហូត​មក​ដល់​សព្វ​ថ្ងៃ។

14. មាន​តែ​កុល‌សម្ព័ន្ធ​លេវី​ប៉ុណ្ណោះ​ដែល​ពុំ​បាន​ទទួល​ទឹក​ដី​ជា​មត៌ក ព្រោះ​ពួក​គេ​ទទួល​តង្វាយ​ដុត ដែល​ប្រជា‌ជន​យក​មក​ថ្វាយ​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ នេះ​ហើយ​ជា​មត៌ក​របស់​ពួក​គេ ដូច​ព្រះ‌អង្គ​បាន​បង្គាប់​មក​ពួក​គេ។

15. លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​រូបេន ទៅ​តាម​អំបូរ​រៀងៗ​ខ្លួន។

16. ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេ‌ដេបា

សូមអានជំពូកពេញលេញ យ៉ូស្វេ 13