គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 13:16-33 Khmer Standard Version (KHSV)

16. ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​ពី​ក្រុង​អារ៉ូ‌អ៊ើរ ដែល​ស្ថិត​នៅ​ក្បែរ​ទឹក​ធ្លាក់​អើណូន និង​ក្រុង​ដែល​ស្ថិត​នៅ​កណ្ដាល​ជ្រលង​ភ្នំ​នោះ ព្រម​ទាំង​ខ្ពង់​រាប​ទាំង​មូល​នៅ​ជិត​មេ‌ដេបា

17. ក្រុង​ហេស‌បូន និង​ក្រុង​ទាំង​ប៉ុន្មាន​នៅ​លើ​ខ្ពង់​រាប គឺ​ក្រុង​ឌីបូន ក្រុង​បាមូត-‌បាល ក្រុង​បេតបាល‌មេយ៉ូន

18. ក្រុង​យ៉ាហាស ក្រុង​កេដេ‌មូត ក្រុង​មេផាត

19. ក្រុង​គារយ៉ា‌ថែម ក្រុង​ស៊ីប‌ម៉ា ក្រុង​សេរេត-‌ហា‌សាកា ដែល​ស្ថិត​នៅ​លើ​ភ្នំ​ជាប់​នឹង​វាល​ទំនាប

20. ក្រុង​បេត‌ពេ‌អ៊រ ជម្រាល​ភ្នំ​ពីសកា ក្រុង​បេត‌យេ‌ស៊ីម៉ុត

21. ក្រុង​ទាំង​ប៉ុន្មាន​នៅ​តំបន់​ខ្ពង់​រាប អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី សោយ​រាជ្យ​នៅ​ក្រុង​ហេស‌បូន។ លោក​ម៉ូសេ​បាន​វាយ​ប្រហារ​ព្រះ‌បាទ​ស៊ីហុន ព្រម​ទាំង​ស្ដេច​ឯ​ទៀតៗ ដែល​ជា​ចំណុះ​របស់​ព្រះ‌បាទ​ស៊ីហុន គឺ​មាន​ស្ដេច​របស់​ជន‌ជាតិ​ម៉ាឌាន ជន‌ជាតិ​អេវី ជន‌ជាតិ​រេគែម ជន‌ជាតិ​ស៊ើរ ជន‌ជាតិ​ហ៊ើរ និង​ជន‌ជាតិ​រេបា ដែល​រស់​នៅ​ក្នុង​ស្រុក​នោះ។

22. ក្នុង​ចំណោម​អស់​អ្នក​ដែល​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​សម្លាប់ មាន​លោក​បាឡាម​ជា​គ្រូ​ទាយ ដែល​ត្រូវ​ជា​កូន​របស់​លោក​បេអ៊រ។

23. ព្រំ‌ប្រទល់​ខាង​លិច​នៃ​ទឹក​ដី​របស់​កុល‌សម្ព័ន្ធ​រូបេន គឺ​ទន្លេ​យ័រដាន់។ នេះ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​រូបេន តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។

24. លោក​ម៉ូសេ​ក៏​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ​របស់​ពួក​គេ​ដែរ។

25. ពួក​គេ​ទទួល​បាន​ទឹក​ដី​ស្រុក​យ៉ា‌ស៊ើរ ក្រុង​ទាំង​ប៉ុន្មាន​នៅ​ស្រុក​កាឡាដ និង​ពាក់​កណ្ដាល​ស្រុក​អាំម៉ូន រហូត​ដល់​អារ៉ូ‌អើរ ដែល​នៅ​ខាង​មុខ​ក្រុង​រ៉ាបាត។

26. ទឹក​ដី​របស់​គេ​លាត​សន្ធឹង​ចាប់​តាំង​ពី​ក្រុង​ហេស‌បូន រហូត​ដល់​ក្រុង​រ៉ាម៉ាត-‌មីសប៉េ និង​ក្រុង​បេ‌ថូ‌នីម ហើយ​ចាប់​តាំង​ពី​ក្រុង​ម៉ាហា‌ណែម​រហូត​ដល់​ព្រំ‌ប្រទល់​ស្រុក​ដេបៀរ។

27. នៅ​ក្នុង​ជ្រលង​ភ្នំ ទឹក​ដី​របស់​គេ​មាន​ក្រុង​បេត‌ហា‌រ៉ាម ក្រុង​បេត‌នីម‌រ៉ា ក្រុង​ស៊ូកុត និង​ក្រុង​សាផូន​ដែល​ជា​ចំណែក​ទឹក​ដី​ចុង​ក្រោយ​នៃ​អាណា‌ចក្រ​របស់​ព្រះ‌បាទ​ស៊ីហុន ជា​ស្ដេច​នៅ​ក្រុង​ហេស‌បូន។ ទឹក​ដី​នេះ​ស្ថិត​នៅ​ខាង​កើត​ទន្លេ​យ័រដាន់ ដែល​ជា​ព្រំ‌ប្រទល់ ព្រម​ទាំង​ស្រុក​ភូមិ​នៅ​ជុំ‌វិញ រហូត​ដល់​ចុង​សមុទ្រ​គេ‌នេ‌សារ៉ែត។

28. នេះ​ជា​មត៌ក​របស់​កុល‌សម្ព័ន្ធ​កាដ តាម​អំបូរ និង​ស្រុក​ភូមិ​របស់​គេ។

29. លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​មួយ​ចំណែក​ឲ្យ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ​ចំនួន​ពាក់‌កណ្ដាល ទៅ​តាម​អំបូរ​របស់​គេ។

30. ទឹក​ដី​នោះ​លាត​សន្ធឹង​ចាប់​តាំង​ពី​ស្រុក​ម៉ាហា‌ណែម ស្រុក​បាសាន ជា​អាណា‌ចក្រ​ទាំង​មូល​របស់​ព្រះ‌បាទ​អុក ស្ដេច​ស្រុក​បាសាន ព្រម​ទាំង​ភូមិ​ហុក‌សិប​នៅ​យ៉ាអៀរ ក្នុង​ស្រុក​បាសាន

31. ពាក់​កណ្ដាល​ស្រុក​កាឡាដ ក្រុង​អាសថា‌រ៉ូត និង​ក្រុង​អេទ្រី ជា​រាជ​ធានី​របស់​ព្រះ‌បាទ​អុក នៅ​ស្រុក​បាសាន។ លោក​ម៉ូសេ​បាន​ប្រគល់​ទឹក​ដី​ទាំង​នោះ ឲ្យ​ពូជ​អំបូរ​ពាក់​កណ្ដាល​របស់​លោក​ម៉ាកៀរ​នៃ​កុល‌សម្ព័ន្ធ​ម៉ាណា‌សេ។

32. នេះ​ហើយ​ជា​ទឹក​ដី​ដែល​លោក​ម៉ូសេ​បាន​ប្រគល់​ឲ្យ​ពួក​គេ ទុក​ជា​មត៌ក នៅ​ខាង​កើត​ក្រុង​យេរីខូ និង​ត្រើយ​ខាង​កើត​ទន្លេ​យ័រដាន់ គឺ​នៅ​វាល​រាប​ស្រុក​ម៉ូអាប់។

33. លោក​ម៉ូសេ​ពុំ​បាន​ចែក​ទឹក​ដី​ឲ្យ​កុល‌សម្ព័ន្ធ​លេវី ទុក​ជា​មត៌ក​ទេ ប៉ុន្តែ លោក​ប្រាប់​ពួក​គេ​ថា មត៌ក​របស់​ពួក​គេ គឺ​បម្រើ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ យ៉ូស្វេ 13