គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 11:8-21 Khmer Standard Version (KHSV)

8. ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីស‌រិផូត-‌ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

9. លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចំបាំង​របស់​ពួក​គេ​ចោល។

10. ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហាសោរ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហាសោរ​ជា​រាជ​ធានី​នៃ​អាណា‌ចក្រ​ទាំង​នោះ។

11. កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​អស់​អ្នក​នៅ​ក្រុង​នោះ​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌ជាម្ចាស់ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ ហើយ​ក៏​បាន​ដុត​ក្រុង​ហាសោរ​ចោល​ដែរ។

12. លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ទាំង​អស់ និង​ចាប់​ស្ដេច​ទាំង​ប៉ុន្មាន​របស់​គេ​ផង។ លោក​ប្រហារ​ជីវិត​ពួក​គេ​ទាំង​អស់​គ្នា​ដោយ​មុខ​ដាវ ហើយ​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌ជាម្ចាស់ ស្រប​តាម​បញ្ជា​របស់​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​ព្រះ‌អម្ចាស់។

13. ជន‌ជាតិ​អ៊ីស្រា‌អែល​មិន​បាន​ដុត​បំផ្លាញ​ចោល​ក្រុង​នានា​ដែល​ស្ថិត​នៅ​លើ​ភ្នំ​ទេ លើក‌លែង​តែ​ក្រុង​ហាសោរ​មួយ​ប៉ុណ្ណោះ ដែល​លោក​យ៉ូស្វេ​បាន​ដុត​ចោល។

14. ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​រឹប​អូស​យក​សម្បត្តិ​ទ្រព្យ និង​ហ្វូង​សត្វ​របស់​ក្រុង​ទាំង​នោះ ទុក​ជា​ជយ‌ភ័ណ្ឌ តែ​គេ​ប្រហារ​មនុស្ស​ទាំង​អស់​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

15. ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ​ជា​អ្នក​បម្រើ​របស់​ព្រះ‌អង្គ​យ៉ាង​ណា លោក​ម៉ូសេ​ក៏​បាន​បង្គាប់​មក​លោក​យ៉ូស្វេ​យ៉ាង​នោះ​ដែរ ហើយ​លោក​យ៉ូស្វេ​ធ្វើ​តាម គឺ​លោក​ប្រព្រឹត្ត​តាម​សេចក្ដី​ទាំង​អស់ ដែល​ព្រះ‌អម្ចាស់​បង្គាប់​មក​លោក​ម៉ូសេ ឥត​មាន​ធ្វេស‌ប្រហែស​ត្រង់​ណា​ឡើយ។

16. លោក​យ៉ូស្វេ​យក​បាន​ស្រុក​នោះ​ទាំង​មូល គឺ​តំបន់​ភ្នំ តំបន់​ណេកិប​ទាំង​មូល ស្រុក​កូសែន​ទាំង​មូល តំបន់​វាល​ទំនាប តំបន់​អារ៉ាបា ព្រម​ទាំង​តំបន់​ភ្នំ​ស្រុក​អ៊ីស្រា‌អែល និង​វាល​ទំនាប​នៃ​តំបន់​នោះ។

17. លោក​វាយ​ឈ្នះ និង​ប្រហារ​ជីវិត​ស្ដេច​ទាំង​ប៉ុន្មាន​នៃ​ដែន​ដី ដែល​ស្ថិត​នៅ​ចន្លោះ​ភ្នំ​ហាឡាក់ ជិត​ស្រុក​សៀរ និង​ក្រុង​បាល‌កាដ ក្នុង​ជ្រលង​ភ្នំ​លីបង់ ជិត​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន។

18. លោក​យ៉ូស្វេ​ធ្វើ​សង្គ្រាម​ជា​មួយ​ស្ដេច​ទាំង​នោះ​អស់​រយៈ​ពេល​យ៉ាង​យូរ។

19. គ្មាន​ក្រុង​ណា​មួយ​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល​ទេ លើក‌លែង​តែ​ជន‌ជាតិ​ហេវី ដែល​រស់​នៅ​ក្រុង​គីបៀន​ប៉ុណ្ណោះ។ រីឯ​ក្រុង​ដទៃ​ទៀត ជន‌ជាតិ​អ៊ីស្រា‌អែល​យក​បាន ដោយ​ប្រើ​កម្លាំង​អាវុធ​ទាំង​អស់។

20. ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​ប្រជា‌ជន​នៅ​ស្រុក​នោះ មាន​ចិត្ត​រឹង‌រូស​ចង់​ធ្វើ​សង្គ្រាម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល ដើម្បី​ឲ្យ​ប្រជា‌ជន​អ៊ីស្រា‌អែល​បំផ្លាញ​ពួក​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អង្គ ឥត​ត្រា​ប្រណី​ឡើយ គឺ​សម្លាប់​ពួក​គេ​ឲ្យ​វិនាស​សូន្យ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់​បាន​បង្គាប់​មក​លោក​ម៉ូសេ។

21. នៅ​គ្រា​ដដែល​នោះ លោក​យ៉ូស្វេ​លើក​ទ័ព​ទៅ​វាយ​ជន‌ជាតិ​អា‌ណាក់ ដែល​រស់​នៅ​តាម​តំបន់​ភ្នំ គឺ​នៅ​ក្រុង​ហេប្រូន ក្រុង​ដេបៀរ ក្រុង​អាណាប់ ព្រម​ទាំង​នៅ​តាម​តំបន់​ភ្នំ​ស្រុក​យូដា និង​ស្រុក​អ៊ីស្រា‌អែល​ទាំង​មូល។ លោក​យ៉ូស្វេ​បំផ្លាញ​ពួក​គេ និង​ក្រុង​របស់​គេ ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់

សូមអានជំពូកពេញលេញ យ៉ូស្វេ 11