គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 11:1-10 Khmer Standard Version (KHSV)

1. កាល​ព្រះ‌បាទ​យ៉ាប៊ីន ជា​ស្ដេច​ក្រុង​ហាសោរ ជ្រាប​ហេតុ‌ការណ៍​ទាំង​នោះ​ហើយ ស្ដេច​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​យ៉ូបាប់ ជា​ស្ដេច​ក្រុង​ម៉ាដូន ទៅ​ស្ដេច​ក្រុង​ស៊ីម‌រ៉ូន និង​ទៅ​ស្ដេច​ក្រុង​អាសាប

2. ព្រម​ទាំង​ស្ដេច​នានា​នៅ​ខាង​ជើង​ក្នុង​តំបន់​ភ្នំ តំបន់​អារ៉ាបា​ដែល​នៅ​ខាង​ត្បូង​គី‌ណា‌រ៉ូត តំបន់​វាល​ទំនាប និង​តំបន់​ឌ័រ​ដែល​នៅ​ខាង​លិច។

3. ស្ដេច​ក៏​បាន​ផ្ញើ​រាជ‌សារ​ទៅ​ជន‌ជាតិ​កាណាន នៅ​ខាង​កើត និង​ខាង​លិច​ទន្លេ​យ័រដាន់ ជន‌ជាតិ​អាម៉ូរី ជន‌ជាតិ​ហេត ជន‌ជាតិ​ពេរី‌ស៊ីត ជន‌ជាតិ​យេប៊ូស នៅ​តំបន់​ភ្នំ និង​ជន‌ជាតិ​ហេវី​នៅ​តំបន់​ជើង​ភ្នំ​ហ៊ើរ‌ម៉ូន ក្នុង​ស្រុក​មីសប៉ា។

4. ស្ដេច​ទាំង​នោះ​បាន​លើក​រេហ៍៍‌ពល​ចេញ​មក​ផ្ដុំ​គ្នា ជា​កង‌ទ័ព​មួយ​យ៉ាង​ធំ មាន​គ្នា​ច្រើន​ឥត​គណនា ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ហើយ​ក៏​មាន​ទ័ព​សេះ និង​រទេះ​ចំបាំង​យ៉ាង​ច្រើន​អនេក​ដែរ។

5. ស្ដេច​ទាំង​នោះ​បាន​ព្រម​ព្រៀង​ពួត‌ដៃ​គ្នា ហើយ​បោះ​ទ័ព​នៅ​ត្រង់​ជ្រោះ​មេរ៉ូម ដើម្បី​វាយ​លុក​អ៊ីស្រា‌អែល។

6. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី​ឡើយ! នៅ​ថ្ងៃ​ស្អែក ពេល​ថ្មើរ​នេះ យើង​នឹង​ប្រគល់​ពួក​គេ​ទាំង​អស់​ឲ្យ​មក​ស្លាប់ ក្នុង​កណ្ដាប់​ដៃ​របស់​អ៊ីស្រា‌អែល។ ចូរ​កាត់​សរសៃ​ជើង​សេះ ហើយ​ដុត​រទេះ​ចំបាំង​របស់​គេ​ចោល​ទៅ»។

7. លោក​យ៉ូស្វេ និង​ពល​ទាហាន​ទាំង​ប៉ុន្មាន​របស់​លោក បាន​វាយ​ឆ្មក់​សត្រូវ​នៅ​ក្បែរ​ជ្រោះ​មេរ៉ូម។

8. ព្រះ‌អម្ចាស់​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល។ ជន‌ជាតិ​អ៊ីស្រា‌អែល​វាយ​ប្រហារ និង​ដេញ​តាម​ពួក​គេ រហូត​ដល់​ក្រុង​ស៊ីដូន ជា​ទីក្រុង​ដ៏​ធំ ក្រុង​មីស‌រិផូត-‌ម៉ែម និង​ដល់​ជ្រលង​ភ្នំ​មីសប៉ា ដែល​នៅ​ខាង​កើត។ ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​វាយ​ប្រហារ​ពួក​គេ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។

9. លោក​យ៉ូស្វេ​បាន​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ស្រប​តាម​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ គឺ​លោក​កាប់​សរសៃ​ជើង​សេះ និង​ដុត​រទេះ​ចំបាំង​របស់​ពួក​គេ​ចោល។

10. ពេល​នោះ លោក​យ៉ូស្វេ​វិល​ត្រឡប់​មក​វិញ ហើយ​វាយ​យក​បាន​ក្រុង​ហាសោរ ព្រម​ទាំង​ប្រហារ​ស្ដេច​ក្រុង​នោះ​ដោយ​មុខ​ដាវ​ទៀត​ផង។ កាល​ពី​ដើម ក្រុង​ហាសោរ​ជា​រាជ​ធានី​នៃ​អាណា‌ចក្រ​ទាំង​នោះ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 11