គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:29-37 Khmer Standard Version (KHSV)

29. លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេ‌ដា​ឆ្ពោះ​ទៅ​ក្រុង​លីប‌ណា ហើយ​វាយ​លុក​ក្រុង​នោះ។

30. ព្រះ‌អម្ចាស់​ក៏​បាន​ប្រគល់​ក្រុង​លីប‌ណា និង​ស្ដេច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ទេ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លីប‌ណា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

31. បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីប‌ណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង ដើម្បី​វាយ​លុក​ក្រុង​នោះ។

32. ព្រះ‌អម្ចាស់​បាន​ប្រគល់​ក្រុង​ឡា‌គីស​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​យក​ក្រុង​នោះ​បាន​នៅ​ថ្ងៃ​ទី​ពីរ ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លីប‌ណា​ដែរ។

33. ពេល​នោះ ព្រះ‌បាទ​ហោរ៉ាម ជា​ស្ដេច​ក្រុង​កេស៊ើរ បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ លោក​យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្ដេច ទាំង​ប្រជា‌ជន​របស់​ស្ដេច​នោះ ឥត​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។

34. បន្ទាប់​មក​ទៀត លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង ដើម្បី​វាយ​លុក​ក្រុង​នោះ។

35. នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

36. លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។

37. គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្ដេច ព្រម​ទាំង​មនុស្ស‌ម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ លោក​យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10