គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:27-42 Khmer Standard Version (KHSV)

27. ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

28. នៅ​ថ្ងៃ​ដដែល​នោះ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេ‌ដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្ដេច​ទាំង​ប្រជា‌ជន គឺ​លោក​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់ គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាកេ‌ដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

29. លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេ‌ដា​ឆ្ពោះ​ទៅ​ក្រុង​លីប‌ណា ហើយ​វាយ​លុក​ក្រុង​នោះ។

30. ព្រះ‌អម្ចាស់​ក៏​បាន​ប្រគល់​ក្រុង​លីប‌ណា និង​ស្ដេច​របស់​គេ មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ដែរ។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​នរណា​ម្នាក់​ឲ្យ​រួច​ជីវិត​ទេ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​លីប‌ណា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

31. បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​លីប‌ណា​ឆ្ពោះ​ទៅ​ក្រុង​ឡាគីស ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង ដើម្បី​វាយ​លុក​ក្រុង​នោះ។

32. ព្រះ‌អម្ចាស់​បាន​ប្រគល់​ក្រុង​ឡា‌គីស​មក​ក្នុង​កណ្ដាប់​ដៃ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល កង‌ទ័ព​អ៊ីស្រា‌អែល​វាយ​យក​ក្រុង​នោះ​បាន​នៅ​ថ្ងៃ​ទី​ពីរ ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​ពួក​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​លីប‌ណា​ដែរ។

33. ពេល​នោះ ព្រះ‌បាទ​ហោរ៉ាម ជា​ស្ដេច​ក្រុង​កេស៊ើរ បាន​ឡើង​ទៅ​ជួយ​ក្រុង​ឡាគីស ប៉ុន្តែ លោក​យ៉ូស្វេ​វាយ​ប្រហារ​ទាំង​ស្ដេច ទាំង​ប្រជា‌ជន​របស់​ស្ដេច​នោះ ឥត​ទុក​ឲ្យ​អ្នក​ណា​ម្នាក់​រួច​ជីវិត​ឡើយ។

34. បន្ទាប់​មក​ទៀត លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ឡាគីស​ឆ្ពោះ​ទៅ​ក្រុង​អេក្លូន ហើយ​បោះ​ទ័ព​នៅ​មុខ​ក្រុង ដើម្បី​វាយ​លុក​ក្រុង​នោះ។

35. នៅ​ថ្ងៃ​ដដែល ពួក​គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​ទាំង​អស់​ដោយ​មុខ​ដាវ ដូច​គេ​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ឡាគីស​ដែរ។

36. លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ឡើង​ពី​ក្រុង​អេក្លូន ឆ្ពោះ​ទៅ​ក្រុង​ហេប្រូន ហើយ​វាយ​លុក​ក្រុង​នោះ។

37. គេ​វាយ​យក​បាន​ទីក្រុង ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង និង​ស្ដេច ព្រម​ទាំង​មនុស្ស‌ម្នា​ដែល​រស់​នៅ​តាម​ភូមិ​នានា​នៅ​ជាយ​ក្រុង​នោះ​ផង​ដែរ។ លោក​យ៉ូស្វេ​បាន​បំផ្លាញ​ក្រុង​នោះ​ទាំង​មូល ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​លោក​ប្រព្រឹត្ត​ចំពោះ​ពួក​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​អេក្លូន​ដែរ។

38. លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ងាក​ទៅ​រក​ក្រុង​ដេបៀរ ហើយ​វាយ​លុក​ក្រុង​នោះ។

39. លោក​វាយ​យក​ក្រុង​នោះ ហើយ​ចាប់​បាន​ស្ដេច ព្រម​ទាំង​ដណ្ដើម​យក​ភូមិ​នានា​ដែល​នៅ​ជាប់​នឹង​ក្រុង​នោះ​ផង។ កង‌ទ័ព​អ៊ីស្រា‌អែល​ប្រហារ​ជីវិត​មនុស្ស​ទាំង​អស់​ដែល​រស់​នៅ​ទី​នោះ​ដោយ​មុខ​ដាវ ឥត​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​យ៉ូស្វេ​ប្រព្រឹត្ត​ចំពោះ​ក្រុង​ដេបៀរ ព្រម​ទាំង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ក្រុង​ហេប្រូន និង​ក្រុង​លីប‌ណា ព្រម​ទាំង​ស្ដេច​របស់​គេ​ដែរ។

40. លោក​យ៉ូស្វេ​វាយ​លុក​ស្រុក​នោះ​ទាំង​មូល គឺ​វាយ​យក​តំបន់​ភ្នំ តំបន់​ណេកិប តំបន់​វាល​ទំនាប និង​តំបន់​ជម្រាល​ភ្នំ ព្រម​ទាំង​ប្រហារ​ជីវិត​ស្ដេច​របស់​គេ​ទៀត​ផង។ លោក​មិន​ទុក​ឲ្យ​នរណា​ម្នាក់​រួច​ជីវិត​ឡើយ គឺ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​មាន​ជីវិត ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ស្រប​តាម​ព្រះ‌បន្ទូល​ដែល​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល​បាន​បង្គាប់។

41. លោក​យ៉ូស្វេ​វាយ​លុក​ចាប់​តាំង​ពី​កេដេស-‌បារនា​រហូត​ដល់​ក្រុង​កាសា និង​ចាប់​ពី​តំបន់​កូសែន​ទាំង​មូល​រហូត​ដល់​ក្រុង​គីបៀន។

42. លោក​យ៉ូស្វេ​វាយ​យក​ស្រុក​ទាំង​នោះ ហើយ​ចាប់​បាន​ស្ដេច​របស់​គេ​ក្នុង​គ្រា​តែ​មួយ ព្រោះ​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល រួម​ប្រយុទ្ធ​ជា​មួយ​អ៊ីស្រា‌អែល។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10