គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:15-29 Khmer Standard Version (KHSV)

15. បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។

16. ស្ដេច​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ​បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេ‌ដា។

17. មាន​គេ​ទៅ​រាយ‌ការណ៍​ជូន​លោក​យ៉ូស្វេ​ថា ស្ដេច​ទាំង​ប្រាំ​អង្គ​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេ‌ដា។

18. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​នៅ​ទី​នោះ​ផង។

19. រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​ឲ្យ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។

20. លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ូរី​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។

21. បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ជំរំ ដោយ​សុខ‌សាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេ‌ដា។ ចាប់​ពី​ពេល​នោះ​មក គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ឡើយ។

22. បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

23. គេ​ក៏​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន ចេញ​មក​ជួប​លោក។

24. កាល​គេ​នាំ​ស្ដេច​ទាំង​ប្រាំ​អង្គ​ចេញ​មក​ជួប​លោក​យ៉ូស្វេ​ហើយ លោក​ក៏​ហៅ​កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​មក ហើយ​ហៅ​នាយ​ទាហាន​ដែល​រួម​ប្រយុទ្ធ​ជា​មួយ​លោក ឲ្យ​ចូល​មក​ជិត និង​យក​ជើង​ជាន់​ក​ស្ដេច​ទាំង​នោះ។ ពួក​នាយ​ទាហាន​ក៏​នាំ​គ្នា​ចូល​មក ហើយ​ជាន់​ក​ស្ដេច​ទាំង​នោះ។

25. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ទៅ​កាន់​ពួក​គេ​ថា៖ «កុំ​ភ័យ​ខ្លាច​អ្វី កុំ​អស់​សង្ឃឹម​ឡើយ។ ចូរ​មាន​កម្លាំង និង​ទឹក​ចិត្ត​ក្លាហាន​ឡើង ដ្បិត​ព្រះ‌អម្ចាស់​នឹង​ប្រព្រឹត្ត​ចំពោះ​ខ្មាំង​សត្រូវ​ទាំង​អស់​របស់​អ្នក​រាល់​គ្នា​បែប​នេះ​ឯង!»។

26. លោក​យ៉ូស្វេ​ប្រហារ​ជីវិត​ស្ដេច​ទាំង​នោះ ហើយ​យក​ទៅ​ព្យួរ-ក​នៅ​នឹង​ដើម​ឈើ​ប្រាំ​ដើម។ សព​ស្ដេច​ទាំង​នោះ​នៅ​ជាប់​នឹង​ដើម​ឈើ​រហូត​ដល់​ល្ងាច។

27. ពេល​ថ្ងៃ​លិច លោក​យ៉ូស្វេ​បញ្ជា​ឲ្យ​គេ​យក​សាក‌សព​ចុះ​ពី​ដើម​ឈើ ទៅ​បោះ​ចោល​ក្នុង​រូង​ភ្នំ ដែល​ស្ដេច​ទាំង​នោះ​បាន​ពួន។ គេ​យក​ផ្ទាំង​ថ្ម​ធំ​មក​បិទ​មាត់​រូង ហើយ​ផ្ទាំង​ថ្ម​ទាំង​នោះ​ស្ថិត​នៅ​រហូត​មក​ដល់​សព្វ​ថ្ងៃ។

28. នៅ​ថ្ងៃ​ដដែល​នោះ លោក​យ៉ូស្វេ​វាយ​យក​ក្រុង​ម៉ាកេ‌ដា ហើយ​ប្រហារ​ជីវិត​អ្នក​ក្រុង​នោះ ទាំង​ស្ដេច​ទាំង​ប្រជា‌ជន គឺ​លោក​បាន​បំផ្លាញ​មនុស្ស​នៅ​ក្នុង​ក្រុង​នោះ​អស់ គ្មាន​នរណា​ម្នាក់​រួច​ជីវិត​ឡើយ។ លោក​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​ម៉ាកេ‌ដា ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​ស្ដេច​ក្រុង​យេរីខូ​ដែរ។

29. លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល ចាក​ចេញ​ពី​ក្រុង​ម៉ាកេ‌ដា​ឆ្ពោះ​ទៅ​ក្រុង​លីប‌ណា ហើយ​វាយ​លុក​ក្រុង​នោះ។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10