គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:10-22 Khmer Standard Version (KHSV)

10. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេ‌ដា។

11. ពេល​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព​រត់​នៅ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល ហើយ​នៅ​ពេល​ដែល​គេ​កំពុង​តែ​ចុះ​ពី​ភូមិ​បេត‌ហូរ៉ូន​ទៅ​នោះ ព្រះ‌អម្ចាស់​បាន​ធ្វើ​ឲ្យ​មាន​គ្រាប់​ព្រឹល​ធំៗ​ធ្លាក់​ពី​លើ​មេឃ​មក​លើ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា អ្នក​ដែល​ស្លាប់​ដោយ‌សារ​គ្រាប់​ព្រឹល​មាន​ចំនួន​ច្រើន​ជាង​អ្នក​ដែល​ស្លាប់ ដោយ​មុខ​ដាវ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៅ​ទៀត។

12. នៅ​ថ្ងៃ​ដែល​ព្រះ‌អម្ចាស់​ប្រទាន​ឲ្យ​ជន‌ជាតិ​អ៊ីស្រា‌អែល​មាន​ជ័យ‌ជំនះ​លើ​ជន‌ជាតិ​អាម៉ូរី លោក​យ៉ូស្វេ​ទូល​ទៅ​ព្រះ‌អម្ចាស់ ហើយ​មាន​ប្រសាសន៍​នៅ​ចំពោះ​មុខ​ប្រជា‌ជន​អ៊ីស្រា‌អែល​ថា៖«ព្រះ‌អាទិត្យ​អើយ ចូរ​ឈប់​ស្ងៀមនៅ​លើ​ក្រុង​គីបៀន​ទៅ!ព្រះ​ច័ន្ទ​អើយ ចូរ​ឈប់​ស្ងៀមនៅ​លើ​ជ្រលង​ភ្នំ​អៃយ៉ា‌ឡូន​ទៅ»។

13. ពេល​នោះ ព្រះ‌អាទិត្យ​ក៏​ឈប់​ស្ងៀមហើយ​ព្រះ‌ច័ន្ទ​ក៏​នៅ​ស្ងៀម​ដែររហូត​ទាល់​តែ​ប្រជា‌ជាតិ​អ៊ីស្រា‌អែល​វាយ​ឈ្នះខ្មាំង​សត្រូវ​របស់​ខ្លួន។ហេតុ‌ការណ៍​ទាំង​នេះ​មាន​ចែង​ទុក​ក្នុង​ក្រាំង «ជន​សុចរិត» គឺ​ព្រះ​អាទិត្យ​ឈប់​ស្ងៀម​នៅ​លើ​មេឃ ហើយ​ក្នុង​រយៈ​ពេល​ជិត​មួយ​ថ្ងៃ​នោះ ព្រះ‌អាទិត្យ​មិន​ប្រញាប់​លិច​ទេ។

14. តាំង​ពី​ដើម​រៀង​មក ហើយ​ត​ទៅ​មុខ​ទៀត​មិន​ដែល​មាន​ថ្ងៃ​ណា​ដូច​ថ្ងៃ​នោះ​ឡើយ គឺ​ព្រះ‌អម្ចាស់​ធ្វើ​តាម​សំណូម​ពរ​របស់​មនុស្ស​ម្នាក់ ដ្បិត​ព្រះ‌អម្ចាស់​បាន​ច្បាំង​រួម​ជា​មួយ​ជន‌ជាតិ​អ៊ីស្រា‌អែល។

15. បន្ទាប់​មក លោក​យ៉ូស្វេ និង​ប្រជា‌ជន​អ៊ីស្រា‌អែល​ទាំង​មូល នាំ​គ្នា​វិល​ត្រឡប់​ទៅ​ជំរំ​នៅ​គីល‌កាល់​វិញ។

16. ស្ដេច​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ​បាន​រត់​ទៅ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេ‌ដា។

17. មាន​គេ​ទៅ​រាយ‌ការណ៍​ជូន​លោក​យ៉ូស្វេ​ថា ស្ដេច​ទាំង​ប្រាំ​អង្គ​នោះ​ពួន​ក្នុង​រូង​ភ្នំ​នៅ​ម៉ាកេ‌ដា។

18. លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​ប្រមៀល​ផ្ទាំង​ថ្ម​ដ៏​ធំ​បិទ​មាត់​រូង ហើយ​ដាក់​ទាហាន​ឲ្យ​ចាំ​យាម​នៅ​ទី​នោះ​ផង។

19. រីឯ​អ្នក​រាល់​គ្នា​វិញ ត្រូវ​ដេញ​តាម​ខ្មាំង​សត្រូវ​កុំ​ឈប់​ឲ្យ​សោះ។ ត្រូវ​វាយ​គេ​ពី​ខាង​ក្រោយ កុំ​ទុក​ឲ្យ​ពួក​គេ​ចូល​ទៅ​ក្នុង​ក្រុង​របស់​ខ្លួន​ឡើយ ដ្បិត​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​អ្នក​រាល់​គ្នា ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​អ្នក​រាល់​គ្នា​ហើយ»។

20. លោក​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល បាន​វាយ​ប្រហារ​ជន‌ជាតិ​អាម៉ូរី​ឲ្យ​បរា‌ជ័យ​យ៉ាង​ធ្ងន់ ស្ទើរ​តែ​ផុត​ពូជ ប៉ុន្តែ មាន​ពួក​គេ​ខ្លះ​បាន​រត់​រួច ចូល​ទៅ​ក្នុង​ក្រុង​នានា​ដែល​មាន​កំពែង​ការពារ។

21. បន្ទាប់​មក កង‌ទ័ព​អ៊ីស្រា‌អែល​ទាំង​មូល​វិល​ត្រឡប់​មក​ជំរំ ដោយ​សុខ‌សាន្ត ពួក​គេ​ជួប​នឹង​លោក​យ៉ូស្វេ​នៅ​ម៉ាកេ‌ដា។ ចាប់​ពី​ពេល​នោះ​មក គ្មាន​នរណា​ម្នាក់​នៅ​ស្រុក​នោះ​ហ៊ាន​រអ៊ូ‌រទាំ​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល​ទៀត​ឡើយ។

22. បន្ទាប់​មក លោក​យ៉ូស្វេ​មាន​ប្រសាសន៍​ថា៖ «ចូរ​បើក​មាត់​រូង ហើយ​នាំ​ស្ដេច​ទាំង​ប្រាំ​នោះ​ចេញ​មក​ជួប​ខ្ញុំ»។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10