គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូស្វេ 10:1-10 Khmer Standard Version (KHSV)

1. ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម ទទួល​ដំណឹង​ថា លោក​យ៉ូស្វេ​ដណ្ដើម​យក​បាន​ក្រុង​អៃ និង​បំផ្លាញ​ថ្វាយ​ផ្ដាច់​ដល់​ព្រះ‌អម្ចាស់ ហើយ​លោក​ក៏​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​អៃ និង​ស្ដេច​របស់​គេ ដូច​លោក​បាន​ប្រព្រឹត្ត​ចំពោះ​អ្នក​ក្រុង​យេរីខូ និង​ស្ដេច​របស់​គេ​ដែរ។ ស្ដេច​ក៏​ទទួល​ដំណឹង​ថា អ្នក​ស្រុក​គីបៀន​បាន​សុំ​សន្តិ‌ភាព​ពី​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រម​ទាំង​រស់​នៅ​ក្នុង​ចំណោម​ពួក​គេ​ផង។

2. ដំណឹង​នេះ​បាន​ធ្វើ​ឲ្យ​អ្នក​ក្រុង​យេរូ‌សាឡឹម​ភ័យ​ខ្លាច​យ៉ាង​ខ្លាំង ព្រោះ​ក្រុង​គីបៀន​ជា​ក្រុង​មួយ​ដ៏​ធំ ប្រៀប​បាន​នឹង​មហា​រាជ‌ធានី​មួយ ពោល​គឺ​ធំ​ជាង​ក្រុង​អៃ ហើយ​ទាហាន​នៅ​ក្រុង​នោះ​សុទ្ធ​តែ​ខ្លាំង​ពូកែ​ទៀត​ផង។

3. ព្រះ‌បាទ​អដូនី-‌សេដេក ជា​ស្ដេច​ក្រុង​យេរូ‌សាឡឹម​ផ្ញើ​រាជ‌សារ​ទៅ​ព្រះ‌បាទ​ហូ‌ហាំ ជា​ស្ដេច​ក្រុង​ហេប្រូន ព្រះ‌បាទ​ពារ៉ាម ជា​ស្ដេច​ក្រុង​យ៉ារ‌មូត ព្រះ‌បាទ​យ៉ាភា ជា​ស្ដេច​ក្រុង​ឡាគីស និង​ព្រះ‌បាទ​ដេបៀរ ជា​ស្ដេច​ក្រុង​អេក្លូន​ថា៖

4. «សូម​ស្ដេច​យាង​មក ហើយ​ជួយ​ទូលបង្គំ​វាយ​ក្រុង​គីបៀន​ផង ព្រោះ​ពួក​គេ​សុំ​សន្តិ‌ភាព​ពី​យ៉ូស្វេ និង​ជន‌ជាតិ​អ៊ីស្រា‌អែល»។

5. ស្ដេច​របស់​ជន‌ជាតិ​អាម៉ូរី​ទាំង​ប្រាំ​អង្គ គឺ​ស្ដេច​ក្រុង​យេរូ‌សាឡឹម ស្ដេច​ក្រុង​ហេប្រូន ស្ដេច​ក្រុង​យ៉ារ‌មូត ស្ដេច​ក្រុង​ឡាគីស និង​ស្ដេច​ក្រុង​អេក្លូន បាន​ពួត‌ដៃ​គ្នា​លើក​ទ័ព​ទាំង​អស់​ទៅ​ឡោម‌ព័ទ្ធ​ក្រុង​គីបៀន ហើយ​វាយ​ក្រុង​នោះ។

6. អ្នក​ស្រុក​គីបៀន​ចាត់​គេ​ឲ្យ​ទៅ​ជម្រាប​លោក​យ៉ូស្វេ នៅ​ជំរំ​គីល‌កាល់​ថា៖ «សូម​កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​ប្របាទ​ឡើយ! សូម​អញ្ជើញ​មក​រំដោះ​យើង​ខ្ញុំ​ជា​ប្រញាប់ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង ដ្បិត​ស្ដេច​ទាំង​ប៉ុន្មាន​របស់​ជន‌ជាតិ​អាម៉ូរី ដែល​នៅ​ស្រុក​ភ្នំ បាន​រួម​គ្នា​ប្រឆាំង​នឹង​យើង​ខ្ញុំ»។

7. លោក​យ៉ូស្វេ​ក៏​នាំ​កង‌ទ័ព​ទាំង​មូល​ចេញ​ពី​គីល‌កាល់ ដោយ​មាន​កង​ទាហាន​ដ៏​អង់‌អាច​របស់​លោក​មក​ជា​មួយ​ផង។

8. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​កាន់​លោក​យ៉ូស្វេ​ថា៖ «កុំ​ខ្លាច​អ្វី​ឡើយ ដ្បិត​យើង​ប្រគល់​ពួក​គេ​មក​ក្នុង​កណ្ដាប់​ដៃ​របស់​អ្នក​ហើយ! គ្មាន​នរណា​អាច​តទល់​នឹង​អ្នក​បាន​ទេ»។

9. លោក​យ៉ូស្វេ​ធ្វើ​ដំណើរ​ពី​គីល‌កាល់​ទៅ​អស់​មួយ​យប់ ហើយ​វាយ​សម្រុក​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន​ឡើយ។

10. ព្រះ‌អម្ចាស់​ធ្វើ​ឲ្យ​ជន‌ជាតិ​អាម៉ូរី​បាក់​ទ័ព នៅ​ចំពោះ​មុខ​ជន‌ជាតិ​អ៊ីស្រា‌អែល។ ពួក​គេ​បរា‌ជ័យ​យ៉ាង​ធ្ងន់‌ធ្ងរ​នៅ​ក្រុង​គីបៀន ហើយ​ជន‌ជាតិ​អ៊ីស្រា‌អែល​ដេញ​ពី​ក្រោយ​ពួក​គេ តាម​ផ្លូវ​ឡើង​ទៅ​ភូមិ​បេត‌ហូរ៉ូន ព្រម​ទាំង​វាយ​ប្រហារ​ពួក​គេ រហូត​ទៅ​ដល់​ភូមិ​អា‌សេកា និង​ភូមិ​ម៉ាកេ‌ដា។

សូមអានជំពូកពេញលេញ យ៉ូស្វេ 10