គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 5:5-19 Khmer Standard Version (KHSV)

5. សូម​ឲ្យ​មនុស្ស​អត់​បាយ​នាំ​គ្នា​មកដណ្ដើម​យក​ភោគ‌ផល​របស់​គេទោះ​បី​មាន​បន្លា​ជុំ‌វិញ​ចម្ការ​ក៏​ដោយ។សូម​ឲ្យ​មនុស្ស​ស្រេក​ឃ្លាន​នាំ​គ្នា​មករឹប​អូស​យក​ទ្រព្យ‌សម្បត្តិ​របស់​គេ។

6. អំពើ​ទុច្ចរិត​មិន​មែន​ដុះ​ចេញ​ពី​ធូលី​ដី​ទេហើយ​ទុក្ខ​វេទនា​ក៏​មិន​មែន​ដុះ​ចេញ​ពី​ដី​ដែរ។

7. មនុស្ស​កើត​មក ដើម្បី​រង​ទុក្ខ​វេទនាដូច​ផ្កា​ភ្លើង​ខ្ទាត​ឡើង​ទៅ​ក្នុង​លំហ​អាកាស​ដែរ។

8. ប្រសិន​បើ​ខ្ញុំ​មាន​ទុក្ខ​ដូច​លោក​វិញខ្ញុំ​នឹង​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ខ្ញុំ​លើក​យក​រឿង​ហេតុ​របស់​ខ្ញុំមក​ទូល​ថ្វាយ​ព្រះ‌អង្គ។

9. ព្រះ‌អង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ រក​ស្វែង​យល់​មិន​បានស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​របស់​ព្រះ‌អង្គមាន​ចំនួន​ច្រើន​ឥត​គណនា។

10. ព្រះ‌អង្គ​ធ្វើ​ឲ្យ​ភ្លៀង​បង្អុរ​មក​លើ​ផែនដីនិង​ប្រទាន​ឲ្យ​មាន​ទឹក​ស្រោច​ស្រព​ស្រែ​ចម្ការ។

11. ព្រះ‌អង្គ​លើក​មនុស្ស​ទន់‌ទាប​ឡើងហើយ​ជួយ​សង្គ្រោះ​អ្នក​ដែល​កាន់​ទុក្ខ។

12. ព្រះ‌អង្គ​រំលាយ​គម្រោង‌ការ​មនុស្ស​មាន​ល្បិចមិន​ឲ្យ​គេ​សម្រេច​គម្រោង‌ការរបស់​ខ្លួន​បាន​ឡើយ។

13. ព្រះ‌អង្គ​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញធ្លាក់​ក្នុង​ល្បិច​កិច្ច‌កល​របស់​ខ្លួនហើយ​ធ្វើ​ឲ្យ​យោបល់​ដ៏​ប៉ិន‌ប្រសប់របស់​ពួក​គេ ប្រែ​ជា​ឥត​បាន​ការ។

14. នៅ​ពេល​ថ្ងៃ ពួក​គេ​ជំពប់​ជើងដូច​ដើរ​នៅ​ពេល​យប់​ងងឹតហើយ​ពួក​គេ​ដើរ​ស្ទាបៗនៅ​កណ្ដាល​ថ្ងៃ​ត្រង់ដូច​ដើរ​នៅ​ពេល​យប់​ដែរ។

15. ប៉ុន្តែ ព្រះ‌អង្គ​សង្គ្រោះ​ជន​ទុគ៌តឲ្យ​រួច​ផុត​ពី​មុខ​ដាវ ពី​ចង្កូមនិង​ពី​កណ្ដាប់​ដៃ​ដ៏​ខ្លាំង​ពូកែ​របស់​ពួក​គេ។

16. ព្រះ‌អង្គ​ប្រទាន​សេចក្ដី​សង្ឃឹមដល់​មនុស្ស​ទន់​ខ្សោយតែ​ព្រះ‌អង្គ​បំបិទ​មាត់​មនុស្ស​ទុច្ចរិត។

17. ហេតុ​នេះ អ្នក​ដែល​ត្រូវ​ព្រះ‌ជាម្ចាស់​ស្ដី​ប្រដៅពិត​ជា​មាន​សុភមង្គល​មិន​ខាន។មិន​ត្រូវ​មាក់‌ងាយ​ការ​ស្ដី​បន្ទោស​របស់​ព្រះដែល​ប្រកប​ដោយ​ឫទ្ធា‌នុភាព​ឡើយ។

18. ព្រះ‌ជាម្ចាស់​ធ្វើ​ឲ្យ​ឈឺ​ចាប់តែ​ព្រះ‌អង្គ​នឹង​ព្យាបាល​ឡើង​វិញព្រះ‌អង្គ​ធ្វើ​ឲ្យ​របួសតែ​ព្រះ‌អង្គ​នឹង​ព្យាបាល​មុខ​របួស​នេះដោយ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់។

19. ព្រះ‌អង្គ​ជួយ​លោក​ឲ្យ​រួច​ពី​ទុក្ខ​កង្វល់ចំនួន​ប្រាំ​មួយ​ដងតែ​នៅ​គ្រា​ទី​ប្រាំ‌ពីរ ការ​អាក្រក់​នឹង​ពុំ​អាចកើត​មាន​ដល់​លោក​ទេ។

សូមអានជំពូកពេញលេញ យ៉ូប 5