គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 20:5-22 Khmer Standard Version (KHSV)

5. មនុស្ស​អាក្រក់​មាន​ជ័យ‌ជំនះ​តែ​មួយ​ស្របក់​ទេហើយ​មនុស្ស​ទមិឡ​ក៏​មាន​អំណរ​មិន​យូរ​ដែរ។

6. ទោះ​បី​គេ​មាន​កំពស់​រហូត​ដល់​មេឃហើយ​ក្បាល​របស់​គេ​ទើស​ពពក​ក្ដី

7. ក៏​គេ​មុខ​ជា​វិនាស​រហូត​ត​ទៅដូច​លាមក​របស់​ខ្លួន​ដែរ។អស់​អ្នក​ដែល​ធ្លាប់​ស្គាល់​អ្នក​នោះ​នឹង​ពោល​ថា“តើ​គាត់​ទៅ​ណា​បាត់​ហើយ?”

8. គេ​នឹង​រសាត់​បាត់​ទៅ ដូច​ការ​យល់​សប្ដិគ្មាន​នរណា​ឃើញ​គេ​ទៀត​ឡើយគេ​នឹង​រលាយ​សូន្យ​ទៅដូច​សុបិន​និមិត្ត​នៅ​ពេល​យប់។

9. អ្នក​ដែល​ធ្លាប់​ឃើញ​គេនឹង​លែង​ឃើញ​គេ​ទៀត​ហើយនៅ​កន្លែង​ដែល​គេ​ធ្លាប់​ស្នាក់​អាស្រ័យក៏​គ្មាន​នរណា​ឃើញ​គេ​ទៀត​ដែរ។

10. គេ​នឹង​ប្រគល់​ទ្រព្យ‌សម្បត្តិ​ដែល​ខ្លួន​រឹប​អូស​បានទៅ​ឲ្យ​ម្ចាស់​ដើម​វិញហើយ​កូន​ចៅ​របស់​គេ​ក៏​ត្រូវ​សង​ប្រាក់​ជន​ក្រីក្រត​ទៅ​មុខ​ទៀត។

11. រូប​រាង​កាយ​របស់​គេ​ពោរ‌ពេញដោយ​កម្លាំង​របស់​យុវ‌វ័យតែ​កម្លាំង​នេះ​នឹង​រលាយ​ទៅ​ជា​ធូលី​ដីជា​មួយ​គេ​ដែរ។

12. ទោះ​បី​អំពើ​អាក្រក់​មាន​រស‌ជាតិ​ផ្អែមនៅ​ក្នុង​មាត់​របស់​គេទោះ​បី​គេ​លាក់​វា​នៅ​ក្រោម​អណ្ដាត

13. ទោះ​បី​គេ​ខំ​រក្សា​ទុក ដោយ​មិន​លេបគឺ​បៀម​ទុក​នៅ​ក្នុង​មាត់​ក្ដី

14. គង់​តែ​អាហារ​នោះ​រលាយក្លាយ​ដូច​ជា​ពិស​របស់​ពស់​អាសិ‌រពិសនៅ​ក្នុង​ពោះ​របស់​គេ។

15. គេ​បាន​លេប​ទ្រព្យ‌សម្បត្តិ​ចូល​ទៅ​ក្នុង​ពោះតែ​គេ​នឹង​ក្អួត​ចេញ​មក​វិញគឺ​ព្រះ‌ជាម្ចាស់​នឹង​ហូត​យក​ទ្រព្យ‌សម្បត្តិ​នោះចេញ​ពី​ពោះ​របស់​គេ។

16. គេ​ជញ្ជក់​ពិស​របស់​ពស់​អាសិ‌រពិសគេ​នឹង​ត្រូវ​ស្លាប់​ដោយ​ពស់​វែក​ចឹក។

17. គេ​នឹង​លែង​ឃើញ​ទឹក​ឃ្មុំ និង​ទឹក​ដោះ​គោដ៏​សម្បូណ៌​ហូរ‌ហៀរដូច​ទឹក​ជ្រោះ ទឹក​ទន្លេ​ទៀត​ហើយ។

18. អ្វីៗ​ដែល​គេ​ខំ​ស្វែង​រក​នោះ​នឹង​បាត់​បង់​ទៅ​វិញគឺ​គេ​មិន​អាច​រក្សា​ទុក​ឡើយហើយ​គេ​ក៏​មិន​បាន​សប្បាយ​នឹង​ទ្រព្យ‌សម្បត្តិដែល​គេ​រក​ស៊ី​បាន​នោះ​ដែរ។

19. គេ​ជិះ‌ជាន់ និង​បោះ​បង់​ចោល​ជន​ក្រីក្រគេ​រឹប​អូស​យក​ផ្ទះ​ដែល​ខ្លួន​មិន​បាន​សង់។

20. គេ​មាន​ចិត្ត​លោភ‌លន់​មិន​ចេះ​ស្កប់តែ​គេ​មិន​អាច​រក្សា​ទុក​នូវ​អ្វីៗដែល​គេ​ពេញ​ចិត្ត​នោះ​បាន​ឡើយ។

21. គេ​ត្របាក់​លេប​អ្វីៗ​ទាំង​អស់ ឥត​មាន​សល់តែ​ភាព​ចម្រុង‌ចម្រើន​របស់​គេនឹង​មិន​នៅ​ស្ថិត‌ស្ថេរ​រហូត​ទេ។

22. ក្នុង​ពេល​កំពុង​តែ​សម្បូណ៌‌សប្បាយនោះ​គេ​បែរ​ជា​ខ្វះ​ខាត​វិញទុក្ខ​វេទនា​ទាំង​អស់​នឹង​គ្រប​សង្កត់​លើ​គេ។

សូមអានជំពូកពេញលេញ យ៉ូប 20