គម្ពីរសញ្ញាចាស់

គម្ពីរសញ្ញាថ្មី

យ៉ូប 1:4-15 Khmer Standard Version (KHSV)

4. កូន​ប្រុសៗ​របស់​លោក​តែងតែ​ទៅ​ជប់‌លៀង​នៅ​ផ្ទះ​របស់​ពួក​គេ តាម​វេន​រៀងៗ​ខ្លួន ហើយ​ក៏​អញ្ជើញ​បង‌ប្អូន​ស្រីៗ​ទាំង​បី​នាក់​ទៅ​ចូល​រួម​ដែរ។

5. ក្រោយ​ពេល​ជប់‌លៀង លោក​យ៉ូប​តែងតែ​ហៅ​កូនៗ​របស់​លោក មក​ធ្វើ​ពិធី​ជម្រះ​កាយ​ឲ្យ​បាន​វិសុទ្ធ*។ លោក​ក្រោក​ពី​ព្រលឹម ថ្វាយ​តង្វាយ​ដុត​ទាំង​មូល សម្រាប់​កូន​នីមួយៗ ដ្បិត​លោក​ខ្លាច​ក្រែង​កូន​របស់​លោក​ប្រព្រឹត្ត​អំពើ​បាប ហើយ​ប្រមាថ​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​ចិត្ត​របស់​ខ្លួន។ លោក​យ៉ូប​តែងតែ​ប្រព្រឹត្ត​បែប​នេះ​ជា‌និច្ច។

6. ថ្ងៃ​មួយ ពពួក​ទេវតា​របស់​ព្រះ‌អម្ចាស់ នាំ​គ្នា​ចូល​ទៅ​គាល់​ព្រះ‌អង្គ មារ*‌សាតាំង​ក៏​ស្ថិត​នៅ​ក្នុង​ចំណោម​ទេវតា​ទាំង​នោះ​ដែរ។

7. ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «តើ​អ្នក​ទើប​នឹង​មក​ពី​ណា?»។ មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «ទូលបង្គំ​ទើប​នឹង​ដើរ​កំសាន្ត​នៅ​លើ​ផែនដី»។

8. ព្រះ‌អម្ចាស់​សួរ​មារ​សាតាំង​ថា៖ «តើ​អ្នក​សង្កេត​ឃើញ​យ៉ូប ជា​អ្នក​បម្រើ​របស់​យើង​ឬ​ទេ? នៅ​លើ​ផែនដី គ្មាន​នរណា​ម្នាក់​ដូច​យ៉ូប​ឡើយ គេ​ជា​មនុស្ស​ទៀង​ត្រង់ និង​សុចរិត គេ​គោរព​កោត​ខ្លាច​យើង ហើយ​ចៀស‌វាង​ប្រព្រឹត្ត​អំពើ​អាក្រក់»។

9. មារ​សាតាំង​ទូល​ព្រះ‌អម្ចាស់​វិញ​ថា៖ «តើ​យ៉ូប​ពិត​ជា​គោរព​កោត​ខ្លាច​ព្រះ‌អង្គ​ដោយ​សុទ្ធ​ចិត្ត​មែន​ឬ?

10. តាម​ពិត គាត់​គោរព​ព្រះ‌អង្គ​ដូច្នេះ មក​ពី​ព្រះ‌អង្គ​ការពារ​គាត់ និង​ផ្ទះ​សំបែង​របស់​គាត់ ព្រម​ទាំង​អ្វីៗ​ដែល​គាត់​មាន។ ព្រះ‌អង្គ​ប្រទាន​ពរ​ឲ្យ​គាត់​បាន​ចម្រើន​ក្នុង​កិច្ចការ​ដែល​គាត់​ធ្វើ ហើយ​ក៏​ប្រទាន​ឲ្យ​ហ្វូង​សត្វ​របស់​គាត់ កើន​ចំនួន​ច្រើន​ពាស‌ពេញ​ស្រុក​ដែរ។

11. ប្រសិន​បើ​ព្រះ‌អង្គ​បំផ្លាញ​អ្វីៗ​ទាំង​អស់​ដែល​គាត់​មាន នោះ​គាត់​មុខ​ជា​ប្រមាថ​ព្រះ‌អង្គ​មិន​ខាន»។

12. ព្រះ‌អម្ចាស់មាន​ព្រះ‌បន្ទូល​ទៅ​កាន់​មារ​សាតាំង​ថា៖ «អ្វីៗ​ដែល​យ៉ូប​មាន ស្ថិត​នៅ​ក្នុង​អំណាច​របស់​អ្នក​ស្រាប់​ហើយ ប៉ុន្តែ កុំ​ប៉ះ‌ពាល់​រូប​គាត់​ផ្ទាល់​ឲ្យ​សោះ»។ ពេល​នោះ មារ​សាតាំង​ក៏​ចាក​ចេញ​ពី​ព្រះ‌អម្ចាស់​ទៅ។

13. ថ្ងៃ​មួយ ពេល​កូន​ប្រុស​កូន​ស្រី​របស់​លោក​យ៉ូប​កំពុង​តែ​ជប់‌លៀង​នៅ​ផ្ទះ​កូន​ច្បង

14. នោះ​មាន​អ្នក​បម្រើ​ម្នាក់​មក​ជម្រាប​លោក​ថា៖ «យើង​ខ្ញុំ​កំពុង​តែ​ភ្ជួរ​ស្រែ​ជា​មួយ​គោ ហើយ​ហ្វូង​លា​ក៏​កំពុង​តែ​ស៊ី​ស្មៅ​នៅ​ក្បែរ​នោះ

15. ស្រាប់​តែ​មាន​ជន‌ជាតិ​សេបា មក​វាយ​ពួក​យើង ប្លន់​យក​ហ្វូង​សត្វ​របស់​លោក​ម្ចាស់​អស់។ ពួក​គេ​បាន​សម្លាប់​អ្នក​បម្រើ​ឯ​ទៀតៗ​របស់​លោក​ម្ចាស់ គឺ​មាន​តែ​ខ្ញុំ​ប្របាទ​ម្នាក់​ប៉ុណ្ណោះ​ដែល​បាន​រួច​ជីវិត ហើយ​នាំ​ដំណឹង​នេះ​មក​ជម្រាប​លោក​ម្ចាស់»។

សូមអានជំពូកពេញលេញ យ៉ូប 1